Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​មាន​បញ្ហា​ដីធ្លី​៤​សហគមន៍​ថ្វាយ​ញត្តិ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​រក​អន្តរាគមន៍

$
0
0

ក្រុម​អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​ប្រមាណ ៣០​នាក់​មក​ពី​សហគមន៍​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ព្រះបរមរាជវាំង ដើម្បី​រក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២៤ មេសា។ មាន​តំណាង ៤​រូប​ប៉ុណ្ណោះ​ដែល​អាជ្ញាធរ​សន្តិសុខ​អនុញ្ញាត​ឲ្យ​ចូល​ដាក់​ញត្តិ។

តំណាង​ក្រុម​ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ៤​រូប​ដែល​តំណាង​ឲ្យ​សហគមន៍​ដីធ្លី​៤ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​ជូន​មន្ត្រី​ក្រសួង​ព្រះបរមរាជវាំង។

តំណាង​សហគមន៍​អតីត​បណ្ដាញ​ស្ត្រី​បឹងកក់ កញ្ញា អ៊ឹម ស្រីទូច ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេសា ថា មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ភូមិ​មក​ព្រះបរមរាជវាំង ព្រោះ​ព្រះមហាក្សត្រ​ធ្លាប់​អន្តរាគមន៍​ដោះលែង​អ្នក​បឹងកក់​ជាប់​ឃុំ​ម្ដង​កន្លង​ទៅ៖ «យើង​មក​ដាក់​ញត្តិ​ជូន​ព្រះមហាក្សត្រ​នេះ ដើម្បី​សុំ​ឲ្យ​ព្រះមហាក្សត្រ​ហ្នឹង​ជួយ​អន្តរាគមន៍​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លោក​ជួយ​ដោះស្រាយ​បញ្ចប់​រឿង​បឹងកក់ បុរីកីឡា អេស.អូ.អេស ហើយ​និង​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ..ប លោក នី ចរិយា មួយ​រូប និង​សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី»

ពលរដ្ឋ​ដែល​មក​រក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នេះ គឺ​ពលរដ្ឋ​ជា​អតីត​អ្នក​សហគមន៍​បឹងកក់ សហគមន៍​បុរីកីឡា ៣​មករា សហគមន៍​ព្រលាន​យន្តហោះ អេស.អូ.អេស (SOS) និង​អ្នក​បឹងកក់ ៧​គ្រួសារ​ដែល​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ។ ករណី​នៅ​បឹងកក់ សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱសានវាទ ១​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ដើម្បី​ឲ្យ​អ្នក​ភូមិ​ដែល​សេសសល់ ទទួល​យក​ដី​សម្រេច​ប្រគល់​ឲ្យ។ ប៉ុន្តែ​អ្នក​ភូមិ​មិន​ទទួល​យក​ការ​ដោះស្រាយ​នេះ ព្រោះ​ដី​តូច​ជាង ១០% នៃ​ដី​ធ្លាប់​កាន់​កាប់។ ពួក​គាត់​ចង់​បាន​ដី​ទំហំ ៥៣% ទើប​យល់ព្រម។

រដ្ឋបាល​រាជធានី​ភ្នំពេញ​កំណត់​ថា បើ​អ្នក​ភូមិ​មិន​ទទួល​យក​ការ​សម្រេច​នេះ ហើយ​ហួស​កំណត់​រយៈពេល ១​ខែ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឈប់​ពិនិត្យ​ដោះស្រាយ ឬ​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​ផល​ប្រយោជន៍​អ្នក​បឹងកក់​ទៀត​ឡើយ។

អ្នក​បឹងកក់​មួយ​រូប​ក្នុង​ចំណោម​អ្នក​បឹងកក់​នៅ​សេសសល់ ៧​គ្រួសារ គឺ​លោកស្រី ហុង សុខខេង មាន​ប្រសាសន៍​ថា លោកស្រី​មិន​ចាប់​អារម្មណ៍​នឹង​ថ្ងៃ​ឱសានវាទ​មក​ដល់ ដែល​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​កំណត់​នោះ​ទេ៖ «ចប់ៗ​ទៅ គាត់​ឱសានវាទ​តែ​កាត់​ទេ​តើ! ប្រជាពលរដ្ឋ ​អត់​ទាន់​ផ្ដិត​មេដៃ​ផង​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​១៩ មេសា មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បញ្ជាក់​បន្ថែម​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​ផ្សេង​ពី​នេះ​ទេ។

អ្នក​បឹងកក់​មាន​បញ្ហា​ដីធ្លី​ជិត ១០​ឆ្នាំ ពេល​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ផ្ដល់​ដី​ទំហំ ១១៤,៤១​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc) សម្រាប់​អភិវឌ្ឍ។ រដ្ឋាភិបាល​ក៏​សម្រេច​ផ្ដល់​ដី​ទំហំ ១២,៤៤​ហិកតារ​ទៅ​ឲ្យ​ពលរដ្ឋ។ ប៉ុន្តែ​អ្នក​ភូមិ ៧​គ្រួសារ​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​នៅ​ឡើយ។

ចំណែក​ឯ​សហគមន៍​បុរីកីឡា​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ផាន អ៊ីមិច (PHAN IMEX) ហើយ​ពួក​គាត់​មួយ​ចំនួន​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅ​នៅ​ជាយក្រុង។ ពួក​គាត់​ទាមទារ​សំណង​សមរម្យ​ពី​ការ​បាត់បង់​លំនៅឋាន​នេះ។

អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​ទាំងនេះ តែង​នាំ​គ្នា​ដាក់​ញត្តិ​តវ៉ា និង​រក​អន្តរាគមន៍​ពី​ក្រសួង​ស្ថាប័ន​នានា​អស់​រយៈពេល​ជិត ១០​ឆ្នាំ​ហើយ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។ សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី កំពុង​ជាប់​ពន្ធនាគារ ក៏​មាន​ដើម​ហេតុ​ពី​ជម្លោះ​ដីធ្លី​នេះ​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​រដ្ឋបាល​ក្រសួង​ព្រះបរមរាជវាំង លោក អ៊ិត សុធា ដែល​ចេញ​មក​ទទួល​ញត្តិ​របស់​អ្នក​ភូមិ​ទាំងនេះ សន្យា​ថា លោក​នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​អ្នក​ដឹកនាំ​ក្រសួង ដើម្បី​ចាត់ចែង។

ក្រុម​អ្នក​ភូមិ​បាន​រំសាយ​គ្នា​វិញ ហើយ​ថា​រង់ចាំ​ដំណឹង​រហូត​ដល់​ថ្ងៃ​ពុធ ទី​២៦ មេសា មុន​នឹង​ចេញ​តវ៉ា​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles