អធិការប៉ូលិសក្រុងសៀមរាប បានកោះហៅប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមេសា ជុំវិញករណីបាញ់កាំភ្លើងអនាធិបតេយ្យនៅក្នុងតំបន់សត្វស្លាបបឹងពារាំង ដែលការពារដោយសហគមន៍។
ការកោះហៅប្រធានមន្ទីរកសិកម្មទៅសាកសួរនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិបឹងពារាំង បានធ្វើរបាយការណ៍ដាក់ជូនប៉ូលិសប៉ុស្តិ៍សង្កាត់ជ្រាវ ថាក្រុមមនុស្សរបស់ប្រធានមន្ទីរកសិកម្ម បានបាញ់កាំភ្លើងខ្លីជាច្រើនគ្រាប់នៅកន្លែងសត្វស្លាប កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ។
ប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ឲ្យដឹងថា គេខកខានមិនបានសួរប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅតាមកាលវិភាគដែលគ្រោងទុកទេ នៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមេសា។
ការមិនបានសាកសួរជុំវិញករណីបាញ់កាំភ្លើងអនាធិបតេយ្យនៅតំបន់សត្វស្លាបបឹងពារាំង ដែលការពារដោយសហគមន៍នេះ ដោយសារតែប្រធានមន្ទីរកសិកម្ម មិនបានចូលខ្លួនទៅតាមពេលវេលាដែលបានគ្រោងទុក។
អធិការនគរបាលក្រុងសៀមរាប គឺលោក ទិត្យ ណារ៉ុង។ លោកមានប្រសាសន៍នៅរសៀលថ្ងៃច័ន្ទ ទី២៤ ខែមេសា ថា លោកបានអញ្ជើញប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅព្រឹកថ្ងៃដដែល ក៏ប៉ុន្តែលោក ទា គឹមសុទ្ធ ដែលជាប្រធានមន្ទីរកសិកម្ម មិនបានចូលខ្លួនឡើយ ដោយប្រាប់ថាកំពុងរវល់នៅឯទីក្រុងភ្នំពេញ។
អធិការប៉ូលិសក្រុងសៀមរាប ដដែលបញ្ជាក់ថា លោកមានគម្រោងនឹងសាកសួរប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប ជុំវិញករណីបាញ់កាំភ្លើងជាច្រើនគ្រាប់នៅតំបន់សត្វស្លាបបឹងពារាំង នៃបឹងទន្លេសាប ប៉ុន្តែនៅព្រឹកថ្ងៃច័ន្ទ ប្រធានមន្ទីរកសិកម្ម មិនបានចូលខ្លួនឆ្លើយបំភ្លឺទេ បែរជាបញ្ជូនមន្ត្រីម្នាក់ដែលមិនដឹងរឿង ឲ្យទៅឆ្លើយជំនួសទៅវិញ៖ «លោកស្នងការឲ្យខ្ញុំធ្វើលិខិតហៅប្រធានមន្ទីរកសិកម្ម ដើម្បីមកឆ្លើយបំភ្លឺ ថាតើក្រុមរបស់គាត់ពិតជាបាញ់កាំភ្លើងមែនឬក៏អត់?»។
អធិការប៉ូលិសឲ្យដឹងថា បើទោះបីជាពេលនេះ ប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាប មិនបានចូលខ្លួនមកឆ្លើយបំភ្លឺករណីបាញ់កាំភ្លើងនៅតំបន់សត្វស្លាបនោះក៏ដោយ ក៏សមត្ថកិច្ចនៅតែរក្សាជំហរសាកសួរករណីនេះនៅពេលក្រោយទៀត។
ចំណែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានបដិសេធថា រូបលោកមិនបានបាញ់កាំភ្លើងនៅតំបន់សត្វស្លាបដូចការចោទប្រកាន់នោះទេ។ លោក ទា គឹមសុទ្ធ បញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមេសា រូបលោក និងមន្ត្រីមួយចំនួន បានទៅតំបន់អភិរក្សត្រីពូជនៅបឹងពារាំងនៃទន្លេសាបមែន ដោយសារតែចង់ដឹងថា តើសហគមន៍ដែលទទួលការពារតំបន់នោះ មានការរីកចម្រើនប៉ុនណា។ ក្នុងពេលនោះ រូបលោក និងមន្ត្រីក៏បានជិះទូកជាច្រើនគ្រឿង ដើរមើលតំបន់អភិរក្សពូជត្រី និងកន្លែងសត្វស្លាប ហើយលោកមកដល់ដីគោកវិញមុនគេ មិនដឹងថាតើអ្នកណាមួយជាអ្នកបាញ់កាំភ្លើងអនាធិបតេយ្យនោះទេ៖ «ខ្ញុំនេះមិនបានទៅបាញ់បោះទេ។ កាំភ្លើង គឺខ្ញុំមិនដែលកាន់ទេ តែកូនចៅរបស់ខ្ញុំទេដែលកាន់កាំភ្លើង។ តាំងពីខ្ញុំធ្វើមេព្រៃមក មិនដែលចេះបាញ់កាំភ្លើងបាន ១គ្រាប់ទេ»។
សហគមន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិបឹងពារាំង ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា លោក ទា គឹមសុទ្ធ ព្រមទាំងមន្ត្រីជាច្រើនបាននាំគ្នាទៅលេងកន្លែងអភិរក្សបឹងពារាំង។ នៅពេលនោះ គេដឹងថាក្រុមរបស់លោក ទា គឹមសុទ្ធ បានយកសំណាញ់ចំនួន៥ ទៅជាមួយផង ប៉ុន្តែសហគមន៍ដែលការពារបឹងពារាំង បានហាមឃាត់មិនឲ្យបង់ត្រីនៅទីនោះទេ។ សហគមន៍អះអាងថា ប្រហែលជាក្រុមលោក ទា គឹមសុទ្ធ ខឹងរឿងមិនឲ្យបង់ត្រី ទើបបានជាបាញ់កាំភ្លើងនៅទីនោះ ធ្វើឲ្យសត្វស្លាបជាច្រើនភ្ញាក់ផ្អើល។
ប្រធានសហគមន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិបឹងពារាំង លោក គង់ មង្គល មានប្រសាសន៍ថា នៅកន្លែងកើតហេតុ ក្រុមរបស់លោកបានរកឃើញសម្បកគ្រាប់កាំភ្លើងខ្លីចំនួន ៤គ្រាប់។ លោក គង់ មង្គល បញ្ជាក់ថា លោកមិនបានប្ដឹងផ្ដល់ករណីបាញ់អនាធិបតេយ្យនោះទេ ប៉ុន្តែលោកចង់ឲ្យអ្នកបាញ់កាំភ្លើងនោះហ៊ានទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន៕