សង្គមស៊ីវិលធ្វើការផ្នែកបោះឆ្នោត យល់ថា ការចែកអំណោយ ការបង្ខំឲ្យពលរដ្ឋស្បថបោះឆ្នោតឲ្យបក្សខ្លួន ឬការដើរបង្រៀនពលរដ្ឋឲ្យគូសឲ្យត្រូវលើសន្លឹកឆ្នោតគំរូ នឹងមានឥទ្ធិពលតិចតួចបំផុតដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ មន្ត្រី គ.ជ.ប ថាការបង្រៀនពលរដ្ឋឲ្យគូសលើសន្លឹកឆ្នោតគំរូ ធ្វើបានតែក្នុងទីស្នាក់ការគណបក្ស និងតាមផ្ទះរបស់សមាជិកខ្លួនតែប៉ុណ្ណោះ។
យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតមកដល់ ការចែកសារុង ប៊ីចេង ការតម្រូវឲ្យស្បថស្បែ ឬការដើរបង្រៀនគូសសន្លឹកឆ្នោតសិប្បនិម្មិត ក៏កាន់តែខិតជិតមកដល់ដែរ។ មន្ត្រីសង្គមស៊ីវិលយល់ថា ការឲ្យពលរដ្ឋស្បថ ឬចែកអំណោយនេះ លែងសូវមានឥទ្ធិពលដល់ម្ចាស់ឆ្នោតទៀតហើយ។
មន្ត្រីផ្នែកច្បាប់នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មើលឃើញថា ដោយសារច្បាប់បោះឆ្នោតនៅមានភាពខ្វះចន្លោះត្រង់ចំណុច បក្សនយោបាយដើរបង្រៀនពលរដ្ឋគូសសន្លឹកសិប្បនិម្មិតនេះ ទើបធ្វើឲ្យតំណាងគណបក្សនយោបាយអាចឆ្លៀតបាន។ ប៉ុន្តែលោកថា ប្រសិនបើការប្រើវិធីសាស្ត្រណាមួយដែលធ្វើឲ្យអ្នកបោះឆ្នោតភ័ន្តច្រឡំទៅបោះឆ្នោតគាំទ្រគណបក្សដែលខ្លួនមិនពេញចិត្ត នោះជាការប្រើប្រាស់មធ្យោបាយដោយទុច្ចរិត៖ «ជះឥទ្ធិពលតិចតួចបំផុតសម្រាប់ប្រជាជនខ្មែរបច្ចុប្បន្ននេះ ការចែកអំណោយក្ដី ការទិញទឹកចិត្តក្ដីហ្នឹង គឺថាមានឥទ្ធិពលតិច ធៀបជាមួយនឹងការបោះឆ្នោតមុនៗ»។
ទោះជាយ៉ាងណា លោក យឿង សុធារ៉ា ថាមធ្យោបាយដូចជា ការចែកអំណោយ តម្រូវឲ្យស្បថ ដែលគណបក្សនយោបាយខ្លះធ្លាប់ឲ្យពលរដ្ឋធ្វើ នៅតែមាន ក៏ប៉ុន្ដែសកម្មភាពបែបនេះវាលែងសូវមានឥទ្ធិពលលើពលរដ្ឋទៀតហើយ។
ជាទូទៅ នៅពេលការបោះឆ្នោតជិតមកដល់ម្ដងៗ តំណាងគណបក្សតាមមូលដ្ឋាន ឬមេឃុំ ចៅសង្កាត់ តែងតែចែកអំណោយ ដូចជា សារុង ប៊ីចេង ឬចែកលុយដល់ពលរដ្ឋ ឬសមាជិកបក្ស ដើម្បីជាថ្នូរនឹងសន្លឹកឆ្នោត។ មិនតែប៉ុណ្ណោះ ពេលខ្លះតំណាងគណបក្សនយោបាយហៅពលរដ្ឋទៅស្បថមុខព្រះនៅតាមវត្ត ឬដើរតាមផ្ទះយកសន្លឹកឆ្នោតសិប្បនិម្មិតឲ្យពលរដ្ឋគូសជាដើម ប៉ុន្តែបើពលរដ្ឋណាម្នាក់មិនគូស ឬមិនធ្វើតាម គេចោទប្រកាន់ពលរដ្ឋនោះថាមិនគាំទ្របក្សខ្លួន ហើយគំរាមកំហែងក៏មាន។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្ឌិត ហង្ស ពុទ្ធា ថាការបង្រៀនពលរដ្ឋឲ្យគូសលើសន្លឹកឆ្នោតគំរូ គឺអាចធ្វើបានតែក្នុងបរិវេណទីស្នាក់ការគណបក្ស ឬការចែកឲ្យបានតែតាមផ្ទះរបស់សមាជិកគណបក្សខ្លួនតែប៉ុណ្ណោះ៖ «ទី១ បើសិនគាត់ចែកនៅក្នុងទីស្នាក់ការគណបក្សគាត់ អត់បញ្ហាទេណា។ ទី២ បើសិនជាគាត់ចែកប្រជាពលរដ្ឋតាមផ្ទះ ប៉ុន្តែប្រជាពលរដ្ឋហ្នឹងគឺជាសមាជិកគណបក្សគាត់ អាហ្នឹងក៏អត់បញ្ហាដែរ ប៉ុន្តែបើគាត់យកអាហ្នឹងទៅបង្ខំឲ្យសមាជិកគណបក្សផ្សេងគូសអី អាហ្នឹងជាបញ្ហាហើយណា»។
ច្បាប់បោះឆ្នោតថ្មី ចែងឲ្យគណបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា។ រីឯថ្ងៃបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនា។
នីតិវិធីថ្មីរបស់ គ.ជ.ប តម្រូវឲ្យអ្នកបោះឆ្នោតស៊ីញេ ឬចុះហត្ថលេខាលើបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីយកសន្លឹកឆ្នោតទៅគូសក្នុងបន្ទប់សម្ងាត់។ មន្ត្រីគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលធ្លាប់សម្ដែងក្ដីបារម្ភចំពោះនីតិវិធីស្មុគស្មាញនេះ។ ប៉ុន្តែលោក ហង្ស ពុទ្ធា ឲ្យដឹងថា ការបន្ថែមឲ្យអ្នកបោះឆ្នោតចុះហត្ថលេខាបន្ថែមនៅពេលបោះឆ្នោត ដើម្បីបញ្ជាក់បន្ថែមពីលើទឹកខ្មៅជ្រលក់ដៃ ដែលកន្លងទៅមានការសង្ស័យថា ទឹកខ្មៅនេះលុបជ្រះ។ លោក ហង្ស ពុទ្ធា បន្ថែមទៀតថា ការចុះហត្ថលេខាធ្វើឡើងតែក្នុងបញ្ជីឈ្មោះតែប៉ុណ្ណោះ ឯសន្លឹកឆ្នោតវិញ ពលរដ្ឋអាចគូសសញ្ញាអ្វីក៏បាន ប៉ុន្តែមិនអាចគូសសញ្ញាដែលបង្ហាញពីអត្តសញ្ញាណអ្នកបោះឆ្នោត ឬស៊ីញេនៅលើសន្លឹកឆ្នោតបានទេ។ សន្លឹកឆ្នោតដែលមានចុះហត្ថលេខា នឹងត្រូវចាត់ជាសន្លឹកឆ្នោតអត់បានការ៖ «ហត្ថលេខាហ្នឹង គឺជាអត្តសញ្ញាណរបស់មនុស្សម្នាក់ហើយ ចឹងណា! ដូចជាការបង្ហាញអត្តសញ្ញាណចឹង សរុបមក ចុះហត្ថលេខាលើសន្លឹកឆ្នោតអត់យកជាបានការទេណា»។
មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់របស់អង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ធ្លាប់ប្រាប់អាស៊ីសេរីថា ឲ្យតែមានបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រឹមត្រូវ ហើយនីតិវិធីនៅដំណាក់កាលបោះឆ្នោត មានតែទឹកខ្មៅជ្រលក់ម្រាមដៃ និងការផ្ទៀងផ្ទាត់រូបថតជាមួយបុគ្គលដែលត្រូវបោះឆ្នោតនោះជាការស្រេច។ លោកហៅការចុះហត្ថលេខាពេលបោះឆ្នោត ជានីតិវិធីស្មុគស្មាញ ហើយថា គ.ជ.ប មិនគួរបង្កើតនីតិវិធីស្មុគស្មាញពេក ដែលធ្វើឲ្យអ្នកបោះឆ្នោតលំបាក ឬភ័ន្តច្រឡំទេ។
បើទោះជាយ៉ាងណាក៏ដោយ សន្លឹកឆ្នោតសិប្បនិម្មិតដែលតំណាងគណបក្សនយោបាយបង្រៀនពលរដ្ឋគូស មិនត្រូវបានរាប់បញ្ចូលក្នុងសន្លឹកឆ្នោតផ្លូវការនៅថ្ងៃទី៤ មិថុនា ទេ គឺមានតែសន្លឹកឆ្នោតដែលចេញពី គ.ជ.ប នៅថ្ងៃបោះឆ្នោតប៉ុណ្ណោះ ទើបជាសន្លឹកឆ្នោតផ្លូវការ៕