Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ថា​មាន​អ្នក​ចង់​បាន​សន្តិភាព​និង​អ្នក​ចង់​បាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង

$
0
0

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា មាន​អ្នក​ដែល​ចង់​ថែរក្សា​សន្តិភាព​ជាមួយ​ប្រទេស​ជិត​ខាង តែ​ក៏​មាន​អ្នក​ចង់​បាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ដែរ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជា-វៀតណាម ជ្រៃ​ធំ-ឡុងប៊ិញ នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេសា។ សម្រាប់​អ្នក​វិភាគ និង​គណបក្ស​ប្រឆាំង​វិញ យល់​ឃើញ​ថា គ្មាន​អ្នក​ណា​ម្នាក់​ចង់​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ។

សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល​ជាង ២០​នាទី ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​ចំណង​ទាក់ទង​រវាង​កម្ពុជា និង​វៀតណាម ក្នុង​នោះ​ក៏​មាន​ដែរ​ការ​លើក​សរសើរ​ពី​គុណ​បំណាច់​របស់​វៀតណាម ការ​រំពឹង​ទុក​ពី​ការ​កើន​ឡើង​នៃ​ការ​ផ្តោះ​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​មាន​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ​ល្អ។ ឆ្លៀត​ឱកាស​នេះ លោក ហ៊ុន សែន ក៏​បាន​រំលេច​បន្តិច​ដែរ​អំពី​រឿង​សន្តិភាព និង​សង្គ្រាម។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា មាន​អ្នក​ចង់​បាន​សន្តិភាព ហើយ​ក៏​មាន​អ្នក​ចង់​បាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ដែរ ហើយ​រឿង​នេះ គឺ​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើសរើស ដែល​ទំនង​ជា​លោក​ចង់​សំដៅ​ដល់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ«តើ​ប្រជាជន​យើង​ចង់​ផ្លាស់ប្ដូរ​ទំនិញ និង​ទេសចរ​ដោយ​ទៅ​មក​រក​គ្នា​តាម​រយៈ​ប្រព័ន្ធ​ផ្លូវ​ដឹក​ជញ្ជូន ឬ​ក៏​ត្រូវ​ជីក​លេណដ្ឋាន​ដើម្បី​បាញ់​គ្នា​ដូច​អតីតកាល។ នេះ​ជា​បញ្ហា​ជ្រើសរើស​របស់​ប្រជាជន​នៅ​ពេល​ខាង​មុខ។ ពិត​ណាស់​មាន​អ្នក​ចង់​បាន​សន្តិភាព និង​រក្សា​សន្តិភាព ដើម្បី​ធានា​ការ​អភិវឌ្ឍ តែ​ក៏​មាន​អ្នក​ចង់​បាន​ជម្លោះ​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង»

បើ​ទោះ​ជា​មិន​បាន​បញ្ជាក់​ច្បាស់​ត្រង់​ចំណុច​នេះ​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី​ទំនង​និយាយ​សំដៅ​គណបក្ស​ប្រជាជន​កម្ពុជា ខ្លួន​ឯង​ជា​អ្នក​ចង់​បាន​សន្តិភាព និង​រក្សា​សន្តិភាព ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​លោក គឺ​ជា​អ្នក​ចង់​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ដោយសារ​កន្លង​ទៅ លោក​តែង​ចេញ​មុខ​ប្រកាស​ជា​ញឹកញាប់​អំពី​ការ​ប្ដេជ្ញា​ការពារ​សន្តិភាព​នេះ។

លោក ហ៊ុន សែន ក៏​បាន​ឆ្លៀត​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​វៀតណាម ដែល​បាន​ផ្ដួល​រំលំ​របប​ដឹកនាំ​ខ្មែរ​ក្រហម ហើយ​ជា​បន្តបន្ទាប់ បាន​ចំណាយ​វិភាគទាន​របស់​ខ្លួន​ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ឲ្យ​មាន​ការ​អភិវឌ្ឍ។ លោក​បញ្ជាក់​ថា សមិទ្ធផល​របស់​លោក គឺ​ការ​ប្រែ​ក្លាយ​សមរភូមិ​ទាំងអស់​ទៅ​ជា​ទីផ្សារ និង​តំបន់​អភិវឌ្ឍន៍​រួច​ស្រេច​ហើយ ហើយ​រដ្ឋាភិបាល​របស់​លោក​កំពុង​បន្ត​កិច្ច​ខិតខំ​ជាមួយ​ប្រទេស​ជិត​ខាង ក្នុង​ការ​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ

ចំពោះ​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ យល់​ឃើញ​ផ្ទុយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ដែល​ថា​មាន​អ្នក​ចង់​បាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា អ្នក​ដែល​ចង់​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង គឺ​មាន​តែ​មេ​ដឹកនាំ​ប្រទេស​ផ្ដាច់ការ ដូចជា​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឃើញ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិត​ប្រាកដ ដោយ​មិន​បាន​នឹកនា​ពាក្យ​ថា​ជម្លោះ ឬ​សង្គ្រាម​នោះ​ទេ ទាំង​នៅ​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​ប្រទេស​ជិត​ខាង«យើង​តែងតែ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត ថា​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ គឺ​ខ្មែរ​ទាំងអស់​គ្នា​ជា​អ្នក​ឈ្នះ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​យក​ខ្មែរ​ណា​ជា​សត្រូវ​ទេ គឺ​ខ្មែរ​តែ​មួយ ហើយ​ចំពោះ​គោល​នយោបាយ​ការ​បរទេស​ជាមួយ​ប្រទេស​ជិត​ខាង គឺ​យើង​ត្រូវការ​ទំនាក់ទំនង​ល្អ ដើម្បី​ផល​ប្រយោជន៍​ទាំង​សងខាង»

ចំណែក​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី វិញ​យល់​ឃើញ​ថា មិន​មាន​បុគ្គល ឬ​ក្រុម​ណា​មួយ​ដែល​ចង់​បង្ក​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ ក៏ប៉ុន្តែ​ករណី​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ទាក់ទង​នឹង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ពិសេស​ជាមួយ​ប្រទេស​វៀតណាម គឺ​ដោយសារ​ប្រជាពលរដ្ឋ​ចង់​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ នៅ​ពេល​ពួក​គេ​ឃើញ​មាន​បាតុភាព​មិន​ប្រក្រតី​នៅ​តាម​តំបន់​ព្រំដែន«ជម្លោះ​រាល់​ថ្ងៃ​នេះ​មិន​មែន​ជម្លោះ​រវាង​កម្ពុជា និង​វៀតណាម ទេ ប៉ុន្តែ​ជា​ជម្លោះ​រវាង​បក្ខពួក​ខ្មែរ និង​ខ្មែរ ជាង​ជាមួយ​វៀតណាម។ រាល់​ថ្ងៃ​នេះ យើង​នៅ​តែ​អត់​ត្រូវ​គ្នា​រឿង​ព្រំដែន។ ការ​អភិវឌ្ឍ និង​ការពារ​ព្រំដែន ត្រូវ​ដើរ​ទន្ទឹម​គ្នា។ យើង​មិន​អាច​យក​តែ​ការ​អភិវឌ្ឍ​នាំ​ទំនិញ​ចេញ​ចូល​ឲ្យ​បាន​ស្មើ​ភាព​គ្នា ធ្វើ​ជំនួញ​ឲ្យ​បាន​ជឿនលឿន​ឆ្លង​ព្រំដែន ប៉ុន្តែ​បើ​សិន​ជា​ប្រទេស​ជិត​ខាង​យើង​មិន​គោរព​បូរណភាព​ទឹក​ដី​យើង នោះ​ក៏​គ្មាន​ន័យ​អ្វី​ដែរ»

ទាំង​អ្នក​ស្រាវជ្រាវ និង​គណបក្ស​ប្រឆាំង សុទ្ធតែ​គាំទ្រ​ការ​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​សន្តិភាព តែ​កិច្ច​ការងារ​ចាំបាច់​មួយ​ទៀត​ដែល​ពួក​គេ​លើក​ឡើង គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ​នៅ​តាម​តំបន់​ព្រំដែន ដែល​អាច​ជួយ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ទាំងនោះ​មាន​ជីវភាព​សមរម្យ បន្ត​រស់នៅ​តំបន់​ព្រំដែន​ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles