នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញរបាយការណ៍នៅថ្ងៃទី២៣ មេសា ថា មានមនុស្សចំនួន ៩នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយ ២៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២លើកកើតឡើងនៅទូទាំងប្រទេស។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្ដាលឲ្យខូចខាតយានយន្តសរុបចំនួន ២៤គ្រឿង រួមមាន ម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូចចំនួន ៨គ្រឿង រថយន្តធុនធំចំនួន ៣គ្រឿង ថ្មើរជើង ១នាក់ និងយានយន្តផ្សេងៗ ១គ្រឿង។
ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើក គឺកើតឡើងនៅពេលយប់ ៥លើក ក្នុងនោះអ្នកធ្វើដំណើរតាមម៉ូតូមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ១៨នាក់។
មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺមានល្មើសល្បឿន ៦លើក ស្លាប់ ២នាក់ មិនប្រកាន់ស្ដាំ ៤លើក ស្លាប់ ៥នាក់ ហើយមិនគោរពសិទ្ធិ ២លើក ស្លាប់ ២នាក់។
គ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននេះ គឺនៅរាជធានីភ្នំពេញ ៣លើក ស្លាប់ ៦នាក់ ខេត្តកណ្ដាល ២លើក ស្លាប់ម្នាក់ របួស ២នាក់ ខេត្តបន្ទាយមានជ័យ ២លើក ស្លាប់ម្នាក់ របួស ៦នាក់ ខេត្តកែប ១លើក របួសម្នាក់ និងខេត្តកំពង់ធំ ១លើក ស្លាប់ម្នាក់៕