អ្នកជំនាញខាងការបោះឆ្នោតលើកឡើងស្រដៀងគ្នាថា ភាពមិនស្មើគ្នានៃការឃោសនារបស់គណបក្សនយោបាយតាមប្រព័ន្ធផ្សព្វផ្សាយ នឹងកើតមានឡើងជាថ្មីទៀតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ បញ្ហានេះ គឺដោយសារតែគណបក្សកាន់អំណាចមានធនធាន និងមធ្យោបាយច្រើនក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ខណៈគណបក្សដទៃទៀតខ្វះខាតមធ្យោបាយទាំងនេះ។
ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតមកដល់ មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកបោះឆ្នោត មើលឃើញពីបញ្ហាសំខាន់មួយ ដែលអាចរួមចំណែកធ្វើឲ្យដំណើរការបោះឆ្នោតមិនសេរី និងមិនមានយុត្តិធម៌ពេញលេញ។ នោះគឺជាភាពមិនស្មើគ្នានៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាមធ្យោបាយក្នុងការឃោសនារកសំឡេងឆ្នោត ដោយសារតែគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា មានធនធាន និងមធ្យោបាយផ្សព្វផ្សាយច្រើនជាងគណបក្សដទៃ។
នាយកប្រតិបត្តិអង្គការនិកហ្វិច (Nicfec) លោក សំ គន្ធាមី ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៣ មេសា ថា ភាពមិនស្មើគ្នានៃការផ្សព្វផ្សាយ អាចនឹងជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោត និងមានផលប៉ះពាល់ដល់គណបក្សទាំង ១១ ផ្សេងទៀត ដែលមិនមែនជាគណបក្សកាន់អំណាច៖ «»។
ចំណែកមន្ត្រីផ្នែកអង្កេតជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ឃើញថា ការឃោសនានយោបាយតាមប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ វិទ្យុ កាសែត និងគេហទំព័រ នឹងមិនអាចស្មើភាពគ្នាបាននោះទេរវាងម្ខាងជាគណបក្សដែលមានឥទ្ធិពល និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយច្រើនជាងម្ខាងទៀត ដែលខ្វះខាតធនធាន ឬមិនមានប្រព័ន្ធផ្សព្វផ្សាយខ្លួនឯង។ លោកជំរុញឲ្យគណបក្សនយោបាយទាំងនោះ បង្កើតប្រព័ន្ធផ្សព្វផ្សាយ ឬស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មានដោយខ្លួនឯងបន្ថែម ក្រៅពីការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលផ្តល់ឲ្យដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ «»។
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានស្នើឲ្យឲ្យប្រព័ន្ធផ្សព្វផ្សាយរួមមានទូរទស្សន៍ និងវិទ្យុ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយអំឡុងពេលឃោសនាបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណៈអំពីចំនួនម៉ោងមានសម្រាប់លក់ ឬជួលក្នុងរយៈពេល ១ថ្ងៃ ឬ ១៤ថ្ងៃ នៃការឃោសនាបោះឆ្នោត។ ការលក់ ឬជួលនេះ មានរយៈពេលពីរសប្ដាហ៍ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា ពោលគឺរយៈពេល ២សប្ដាហ៍នៃយុទ្ធនាការឃោសនាបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា គ.ជ.ប ព្យាយាមធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នាចំពោះប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តល់ពេលវេលា ៧នាទីកន្លះដល់គណបក្សនយោបាយនីមួយៗក្នុងការថ្លែងសារនយោបាយរបស់ខ្លួន ហើយសារនយោបាយនេះនឹងត្រូវចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ និងវិទ្យុជាតិ។ ដោយឡែកប្រព័ន្ធផ្សព្វផ្សាយឯកជនវិញ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប មិនអាចធ្វើអ្វីដែលរំលោភលើសិទ្ធិអាជីវកម្មរបស់ពួកគេដែរ តែ គ.ជ.ប ស្នើឲ្យស្ថាប័នទាំងនោះផ្សព្វផ្សាយពីចំនួនម៉ោង និងតម្លៃជួល ហើយកិច្ចការនេះត្រូវឈរលើគោលការណ៍ស្មើភាព៖ «»។
កាលពីឆ្នាំ២០១៥ កន្លងទៅ អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) សហការជាមួយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានស្រាវជ្រាវ និងរកឃើញថា ម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយភាគច្រើននៅកម្ពុជា គឺជាឧកញ៉ា ឬជាអ្នកមានឥទ្ធិពល ដែលជិតស្និទ្ធនឹងគណបក្សកាន់អំណាច។ អ្នកជំនាញវាយតម្លៃថា នេះមិនមែនជារឿងល្អឡើយ ហើយវានឹងធ្វើឲ្យវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្ថិតក្នុងសភាពគ្រោះថ្នាក់ និងប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ។
ទាក់ទងការលើកឡើងរបស់អ្នកជំនាញខាងការបោះឆ្នោតនោះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនមានប្រព័ន្ធផ្សព្វផ្សាយដូចជា វិទ្យុ ទូរទស្សន៍ ឬកាសែតដោយខ្លួនឯងនោះទេ ក៏ប៉ុន្តែម្ចាស់ស្ថានីយមួយចំនួន គឺជាអ្នកគាំទ្រគណបក្សនេះ ដូច្នេះរាល់ការផ្សព្វផ្សាយទាំងឡាយ គឺជាសមានចិត្តរបស់ពួកគេតែប៉ុណ្ណោះ៖ «»។
ទោះបីជាមានការបកស្រាយបែបនេះក្តី ក៏ប៉ុន្តែសម្រាប់អ្នកជំនាញខាងការបោះឆ្នោត នៅតែយល់ឃើញថា គណបក្សកាន់អំណាចនៅតែមានប្រៀបខាងប្រព័ន្ធផ្សព្វផ្សាយជាងគណបក្សដទៃ ហើយបើទោះជាអ្នកនាំពាក្យគណបក្សនេះអះអាងថា មិនមានគោលការណ៍ឲ្យប្រព័ន្ធផ្សព្វផ្សាយដែលរណបខ្លួន ត្រូវតែឃោសនាឲ្យខ្លួនក៏ដោយ ក៏ខ្លឹមសារព័ត៌មានរបស់ស្ថាប័នទាំងនោះមានរួចជាស្រេចនូវខ្លឹមសារឃោសនាឲ្យគណបក្សកាន់អំណាច។
ប្រព័ន្ធផ្សព្វផ្សាយជាផ្នែកមួយជួយឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ជាស្តង់ដារអន្តរជាតិមួយអំពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ គឺថាអ្នកសារព័ត៌មាន ត្រូវតែទទួលបានការអនុញ្ញាតឲ្យរាយការណ៍ដោយសេរី និងដោយបើកចំហគ្រប់ទិដ្ឋភាពទាំងអស់នៃការបោះឆ្នោត ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវតែមានយុត្តិធម៌ និងធ្វើការផ្សព្វផ្សាយគ្រប់បេក្ខជន និងក្រុមនយោបាយទាំងអស់ដោយគ្មានការរើសអើង៕