Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​មាន​ជម្លោះ​ដីធ្លី​មិន​ទាន់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​ដូច​មុន

$
0
0

សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ មិន​ទាន់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​ដូច​មុន​នៅ​ឡើយ។ ពលរដ្ឋ​បឹងកក់​លើក​មូលហេតុ​ថា ដោយសារ​ជាប់​រវល់ ខ្វះ​ថវិកា និង​ខ្លាច​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល។ រីឯ​ពលរដ្ឋ​បុរីកីឡា​វិញ ថា​ពួក​គាត់​ភាគច្រើន​កំពុង​ធ្លាក់​ខ្លួន​ឈឺ ក្រោយ​រស់នៅ​លើ​គំនរ​សំរាម​ជាច្រើន​ឆ្នាំ​គ្មាន​ដំណោះស្រាយ។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា អះអាង​ថា ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ពួក​គាត់​នៅ​មិន​ទាន់​សម្រេច​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ ដោយសារ​តែ​ជាប់​រវល់ ខ្វះ​ថវិកា និង​ខ្លាច​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល។

ទោះ​យ៉ាង​ណា លោកស្រី បូវ សោភា អះអាង​ថា ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​នេះ គឺ​ពួក​គាត់​គ្រាន់​តែ​ពាក់​អាវ​ពណ៌​ខ្មៅ និង​បង្ហោះ​សារ​ទាមទារ​ឲ្យ​ដោះលែង​តំណាង​សហគមន៍​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី និង​មន្ត្រី​អាដហុក (ADHOC) ៤​រូប មន្ត្រី គ..ប ១​រូប ព្រម​ទាំង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី៖ «»

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្អាក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈពេល​ទៅ​ហើយ ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

រីឯ​តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​សម្រេច​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ត្រឹម​ជួប​ជុំ​គ្នា​បង្ហោះ​សារ​ទាមទារ​តាម​ហ្វេសប៊ុក (facebook) នោះ ដោយសារ​ពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​លើ​គំនរ​សំរាម​ក្នុង​អគារ​បុរីកីឡា​ចាស់ កំពុង​ធ្លាក់​ខ្លួន​ឈឺ ព្រោះ​បញ្ហា​បរិស្ថាន​ស្មោកគ្រោក៖ «»

ពលរដ្ឋ​បុរីកីឡា​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ដំណោះស្រាយ​ដីធ្លី កំពុង​រស់នៅ​លើ​គំនរ​សំរាម។ ពួក​គេ​ថា ក្នុង​ពេល​រដូវ​ក្តៅ​នេះ គំនរ​សំរាម​បាន​ជះ​ក្លិន​អសោច ដែល​ធ្វើ​ឲ្យ​ពិបាក​រស់នៅ និង​ប៉ះពាល់​ដល់​សុខភាព។ ពួក​គាត់​នៅ​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​សំណង​ជូន​ពួក​គាត់។

ការ​ខកខាន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ព្រមាន​ថា អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សុំ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ប្រសិន​បើ​មាន​គោលដៅ​ទុច្ចរិត​ណា​មួយ​ដែល​ល្មើស​នឹង​ច្បាប់។ លើស​ពី​នេះ លោក គឹម សន្តិភាព ប្រតិកម្ម​នឹង​អ្នក​បឹងកក់ ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយ​បាន​ចាប់​យក​ពាក្យ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ថា​ជា​ភាសា​ខុស​ច្បាប់ ដោយ​សំអាង​ថា ពុំ​មាន​អំណាច​ណា​មួយ​មក​បញ្ជា​ឲ្យ​តុលាការ​ដោះលែង​ជន​ណា​ឡើយ គឺ​មាន​តែ​អំណាច​តុលាការ​ទេ​ដែល​អាច​សម្រេច​ថា​ដោះលែង ជន​ណា​ត្រូវ​មាន​ទោស​ជាប់​ឃុំ។ លោក​ថា ចំណុច​នេះ​អាច​ជា​ទង្វើ​ខុស​ច្បាប់។

ទោះ​យ៉ាង​ណា អ្នក​ច្បាប់​មើល​ឃើញ​ថា ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​តស៊ូ​មតិ​ដោយ​សន្តិវិធី ពុំ​មែន​ជា​ទង្វើ​ខុស​ច្បាប់​ឡើយ។ អ្នក​ច្បាប់​ថា ទាំង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ ជាពិសេស​រដ្ឋធម្មនុញ្ញ បាន​ធានា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ជួប​ប្រជុំ និង​សម្ដែង​មតិ។ ម្យ៉ាង​ទៀត ប្រសិន​បើ​គោលដៅ​របស់​ការ​តវ៉ា​គ្រាន់​តែ​ជា​ការ​ស្វែងរក​យុត្តិធម៌ និង​ទាមទារ​សេរីភាព​សម្រាប់​អ្នក​ជាប់​ឃុំ អាជ្ញាធរ​គួរ​តែ​ប្រឹងប្រែង​រក​យុត្តិធម៌​សម្រាប់​ពួក​គេ ដែល​មិន​គួរ​ភ្ជាប់​អ្នក​តវ៉ា​ទៅ​ចលនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ។

សម្រាប់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ក្រុង​ភ្នំពេញ អះអាង​ថា ថ្វីត្បិតតែ​ពួក​គាត់​មិន​ទាន់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទ្រង់ទ្រាយ​ធំ​ក្តី ក៏ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​បោះបង់​ឡើយ រហូត​ទាល់​តែ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី មន្ត្រី​អាដហុក ៤​រូប មន្ត្រី គ..ប ព្រម​ទាំង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles