Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រធាន​បក្ស​ប្រឆាំង​ថា​ប្រសិន​បើ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត គឺ​ពុំ​កើត​មាន​សង្គ្រាម​ឡើយ

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ធានា​ថា ប្រសិន​បើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត នឹង​មិន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ឡើយ។ ផ្ទុយ​ទៅ​វិញ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​ការ​បំភិតបំភ័យ​ទាំងឡាយ​ទាំង​ពួង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​បក្ស​កាន់​អំណាច នៅ​តែ​យល់​ថា សន្តិភាព​របស់​កម្ពុជា ពិបាក​នឹង​ធានា​ណាស់ ប្រសិន​បើ​បក្ស​ប្រឆាំង​ឡើង​កាន់​អំណាច។

សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ផ្ដល់​និយមន័យ​ថា មូលហេតុ​ដែល​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​បាន ទាល់​តែ​មាន​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​រវាង​គូបដិបក្ខ​ចាប់​ពី ២ ទៅ ៣​បក្ខ ប៉ុន្តែ​លទ្ធភាព​ដែល​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ពុំ​មាន​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ​ឡើយ ព្រោះ​បក្ស​ប្រឆាំង​ពុំ​មាន​អាវុធ​នៅ​ក្នុង​ដៃ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី បង្ហាញ​ទស្សនៈ​ថា កត្តា​ដែល​នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​អំពី​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត ប្រហែល​មិន​មែន​ដោយសារ​គណបក្ស​ប្រឆាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អាច​ដោយសារ​លោក ហ៊ុន សែន ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ណា​មួយ​អំពី​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ​នៅ​ក្រោម​ឱវាទ​របស់​លោក​តែ​ម្ដង ដែល​គ្មាន​សេចក្ដី​ស្មោះ​ស្ម័គ្រ និង​ចង់​ងើប​បះបោរ​ប្រឆាំង​លោក៖ «បើ​សិន​មាន​ការ​បះបោរ​ផ្សេងៗ ខ្ញុំ​គិត​ថា​វា​ចេញ​តែ​ពី​ក្រុម​ប្រដាប់​អាវុធ​ដូច​គ្នា ជាពិសេស​កម្លាំង​ប្រដាប់​អាវុធ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ អ៊ីចឹង​យើង​មិន​ដឹង​ថា សម្ដេច​នាយក​ទទួល​បាន​ព័ត៌មាន​អី​ខ្លះ ទើប​សម្ដេច​ប្រកាស​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត»

ការ​លើក​ឡើង​ពី​អ្នក​វិភាគ​នេះ ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៣ មេសា ថា មូលហេតុ​ដែល​សហគមន៍​អន្តរជាតិ​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​មាន​ការ​គោរព​ទៅ​តាម​ឆន្ទៈ​រាស្ដ្រ​តាំង​ពី​ឆ្នាំ​១៩៩៣ មក គឺ​ដើម្បី​ជំនួស​នូវ​ការ​ធ្វើ​បដិវត្ត និង​ការ​ធ្វើ​រដ្ឋ​ប្រហារ​តាម​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ ដូច្នោះ​ការ​ផ្លាស់ប្ដូរ​តាម​ការ​បោះឆ្នោត មិន​មាន​សង្គ្រាម​កើត​ឡើង​ឡើយ៖ «សូម​អះអាង​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ថា សង្គ្រោះ​ជាតិ​ឈ្នះ គ្មាន​សង្គ្រាម​ជា​ដាច់ខាត»

ប្រធាន​គណបក្ស​ប្រឆាំង​ដដែល​នេះ​បន្ត​ថា គោល​នយោបាយ​បក្ស​របស់​លោក ក៏​មិន​យក​ខ្មែរ​ណា​ធ្វើ​សត្រូវ ឬ​ក៏​គុំកួន​ជាមួយ​ខ្មែរ​គ្នា​ឯង​ឡើយ។ បន្ថែម​ពី​នេះ បក្ស​ប្រឆាំង​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្គាល់​សន្តិភាព​ពិត​ដែល​គ្មាន​ការ​គំរាម​កំហែង និង​ស្គាល់​អ្វី​ដែល​ជា​ការ​អភិវឌ្ឍ​ពិត ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា។

ការ​ប្រកាស​ពី​មេ​បក្ស​ប្រឆាំង​នេះ អាច​ជា​សារ​ឆ្លើយឆ្លង​មួយ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន បាន​ប្រកាស​ព្រមាន​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ម្ដង​ទៀត​ថា ការ​មិន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក គឺ​ស្មើ​នឹង​ការ​បោះឆ្នោត​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​វិញ​នៅ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​បន្ថែម​ថា គណបក្ស​របស់​លោក គឺ​ជា​ស្ថាបនិក​នៃ​សន្តិភាព ហើយ​សន្តិភាព​ដែល​លោក​ថា​បាន​មក​ដោយសារ​ការ​បូជា​សាច់​ស្រស់ ឈាម​ស្រស់ យក​ទៅ​ប្ដូរ​នេះ គឺ​ត្រូវ​ការពារ​ឲ្យ​បាន។ លោក សុខ ឥសាន ក៏​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅ​ពេល​នេះ ថា​មិន​មាន​អ្វី​ចម្លែក​ឡើយ ព្រោះ​ជា​ការ​ឃោសនា​នយោបាយ​ប៉ុណ្ណោះ«ក្រៅ​ពី​គណបក្ស​ប្រជាជន ពិបាក​នឹង​ធានា​សន្តិភាព​ណាស់ ពីព្រោះ​យើង​ដឹង​ហើយ​ថា នៅ​ពេល​លោក សម រង្ស៊ី នៅ​ជា​ប្រធាន​បក្ស ពេល​ណា​គាត់​ឈ្នះ​ឆ្នោត នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពី​អ្នក​មាន​ទៅ​ចែក​អ្នក​ក្រ លុប​កិច្ចសន្យា​វិនិយោគ​បរទេស រឹប​អូស​យក​អ្នក​មាន​ដី​ច្រើន ទៅ​ចែក​អ្នក​ក្រ ឬ​អ្នក​គ្មាន​ដី»

កន្លង​ទៅ ក្រុម​អ្នក​តាមដាន​នយោបាយ ធ្លាប់​រិះគន់​ថា សារ​ព្រមាន​អំពី​សង្គ្រាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ទច់បង្អាក់​ដំណើរការ​ប្រជាធិបតេយ្យ និង​កំពុង​បំបាក់​ស្មារតី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ។

ម្យ៉ាង​វិញ​ទៀត សម្ដី​របស់​លោក ហ៊ុន សែន ដែល​ព្រមាន​អំពី​ការ​កើត​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត បើ​សិន​បក្ស​លោក​ចាញ់​ឆ្នោត​នេះ ហាក់​ប្រាសចាក​ពី​រាជសារ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ ដោយ​មិន​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ការ​គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ប្រសិន​បើ​រដ្ឋាភិបាល​ប្រើប្រាស់​ពាក្យ​វិជ្ជមាន​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត ជា​ជាង​ការ​ព្រមាន​បំភិតបំភ័យ​អំពី​សង្គ្រាម ប្រហែល​រដ្ឋាភិបាល​អាច​ទាញ​យក​ប្រជាប្រិយភាព​បាន​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles