មន្ត្រីអង្គការក្រៅរដ្ឋាភិបាលខេត្តព្រះសីហនុ បានរិះគន់ថា ផែនការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្ររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គឺមានការយឺតយ៉ាវ ឬមិនទាន់មានដំណើរការឲ្យបានរលូនទេ។ ទន្ទឹមគ្នានេះ ក៏នៅតែមានការសាងសង់សំណង់រឹងមាំនៅតាមតំបន់ឆ្នេរខ្លះ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរនោះទេ។
មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គមនាខេត្តព្រះសីហនុ បានបន្តរិះគន់ចំពោះផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រដ្ឋាភិបាលនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ថាមិនមានការរីកចម្រើនទៅមុខនោះទេ បន្ទាប់ពីអាជ្ញាធរបានបើករបងហ៊ុមព័ទ្ធឆ្នេរឯករាជ្យ និងអភិវឌ្ឍផ្លូវជាប់ឆ្នេរសមុទ្របានមួយចំនួននាពេលកន្លងទៅ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី កត់សម្គាល់ថា សកម្មភាពអភិវឌ្ឍន៍ឆ្នេរសមុទ្រនាមូលដ្ឋាននេះ ហាក់មិនមានការរីកចម្រើនទៅមុខនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុន និងឈ្មួញមានទ្រព្យមួយចំនួន កំពុងបន្តបុកសសរគ្រឹះសម្រាប់ការដ្ឋានសំណង់រឹងមាំធំស្កឹមស្កៃជារៀងរាល់ថ្ងៃ មានដូចជា សំណង់នៅឆ្នេរឯករាជ្យ និងឆ្នេរសុខា ជាដើម។
ចំណែកសំណង់រឹងមាំដែលសង់រួច និងកំពុងធ្វើអាជីវកម្មនៅតាមផ្លូវជាប់ឆ្នេរសមុទ្រមានទីតាំងទល់មុខអគារសាលាខេត្តព្រះសីហនុ និងសំណង់នៅតាមឆ្នេរឯករាជ្យ ជាដើម គឺគណៈកម្មាធិការឆ្នេរ និងរដ្ឋបាលខេត្តនេះ មិនមានវិធានការរុះរើឲ្យស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីអំពីផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ធ្វើយ៉ាងណាឲ្យសំណង់រឹងមាំផ្សេងៗត្រូវសង់ឲ្យឃ្លាតពីឆ្នេរសមុទ្រយ៉ាងហោចចំនួន ៥០ម៉ែត្រនោះទេ៖ «បើសិនជាអាជ្ញាធរយកចិត្តទុកដាក់ថែរក្សាការពារសោភណភាព និងបញ្ហាបរិស្ថាននៅតាមតំបន់ឆ្នេរនេះ មិនគួរឲ្យមានការសាងសង់សំណង់រឹងមាំនៅតាមឆ្នេរសមុទ្រនោះទេ។ សព្វថ្ងៃនេះ យើងសង្កេតឃើញមានសកម្មភាពហាមឃាត់ការសាងសង់សំណង់តូចតាចកំប៉ិកកំប៉ុករបស់ក្រុមអាជីវករ ឬប្រជាពលរដ្ឋតូចតាច ប៉ុន្តែយើងឃើញសំណង់រឹងមាំសង់នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ គឺនៅតែមានសកម្មភាពសាងសង់ដដែល»។
អ្នកឃ្លាំមើលសង្គម អ្នកស្រី សុធារី បន្ថែមថា រាល់ថ្ងៃនេះនៅមានឆ្នេរសមុទ្រជាច្រើននាមូលដ្ឋានខេត្តព្រះសីហនុ ត្រូវមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យ បានបន្តហ៊ុមព័ទ្ធរបងថ្មរបងដែកទុកចោល មិនមានការអភិវឌ្ឍ និងមិនអនុញ្ញាតឲ្យភ្ញៀវទេសចរដើរឆ្លងកាត់ ឬធ្វើដំណើរតាមផ្លូវជាប់ឆ្នេរសមុទ្រ មើលឃើញទឹកសមុទ្រពីចម្ងាយបានទេ។
អ្នកស្រីបង្ហាញទស្សនៈថា ផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រនេះ គួរតែថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត គួរមានវិធានការផ្លូវច្បាប់ទៅលើសំណង់រឹងមាំដែលកំពុងសាងសង់ និងបានសង់រួច ប៉ះពាល់ដល់ដីចំណីឆ្នេរសមុទ្រ ឲ្យស្របតាមច្បាប់ និងស្របតាមសេចក្តីជូនដំណឹងរបស់ប្រមុខដឹកនាំរដ្ឋាភិបាលបានដាក់ឲ្យអនុវត្ត។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តព្រះសីហនុ មានកងរាជអាវុធហត្ថ និងកម្លាំងនគរបាលជាដើម ឲ្យទៅកាងការពារសកម្មភាពគ្រឿងចក្រឈូសកម្ទេចតូប ឬស្តង់លក់ដូររបស់ក្រុមអាជីវករលក់ដូរនៅចុងឆ្នេរអូរឈើទាល ឬឆ្នេរអារីស្តុន ដោយបំផ្លាញតូបលក់ដូររបស់អាជីវកររាបដល់ដីរាប់សិបតូប ដោយចាត់ទុកសំណង់ខុសច្បាប់អនាធិបតេយ្យ។
ត្រង់ចំណុចនេះ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអាជីវករលក់ដូរ បង្ហាញអារម្មណ៍ខកចិត្ត និងបន្តរិះគន់ថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ដែលអនុវត្តការងារមិនស្មើភាពរវាងពលរដ្ឋសាមញ្ញ និងម្ចាស់សំណង់រឹងមាំដែលសង់នៅជាប់ឆ្នេរសមុទ្រ។
ចំណែកអ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានឲ្យដឹងថា កន្លងទៅ ឃើញសកម្មភាពការងាររបស់គណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រ បានសាងសង់ខ្លោងទ្វារចេញចូលទៅតំបន់ឆ្នេរសមុទ្ររួចរាល់បានមួយចំនួនរួចហើយ។ ប៉ុន្តែបច្ចុប្បន្ននេះ លោកថាស្ថាប័ននេះហាក់មិនឃើញមានសកម្មភាពឲ្យបានផុលផុសទៀតទេ។ ជាងនេះ រាល់សំណង់រឹងមាំដែលសង់នៅលើដីចំណីឆ្នេរសមុទ្រ និងសំណង់រឹងមាំខ្លះទៀត កំពុងសង់នៅជាប់ឆ្នេរសមុទ្រ គឺស្ថាប័នពាក់ព័ន្ធការងារអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ គ្មានវិធានការផ្លូវច្បាប់ ឬហាមឃាត់នោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះ ហាក់មិនសូវមានជំនឿទៅលើប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ដឹកនាំដោយលោក ជា សុផារ៉ា និងរដ្ឋបាលខេត្តព្រះសីហនុ អាចហ៊ានអនុវត្តច្បាប់ទៅលើម្ចាស់សំណង់រឹងមាំជាឈ្មួញមានទ្រព្យ ឬមានខ្នងបង្អែកទាំងនោះទេ។
លោក ប៊ួន ណារិទ្ធិ បន្តថា បច្ចុប្បន្ននេះមានឆ្នេរសមុទ្រមួយចំនួននាខេត្តព្រះសីហនុ បានបន្តហ៊ុមព័ទ្ធរបងថ្ម និងរបងដែកទុកចោលគ្មានការអភិវឌ្ឍ និងមិនអនុញ្ញាតឲ្យភ្ញៀវទេសចរចេញ ឬចូលទៅកម្សាន្តនោះទេ ក្នុងនោះសម្រាប់សំណង់អគាររឹងមាំដែលសង់នៅជាប់មាត់សមុទ្រ មាននៅតាមឆ្នេរថ្មី ឆ្នេរមាស ឆ្នេរប៉ោកី និងឆ្នេររីករាយ ជាដើម គឺសំណង់ទាំងនោះបានបន្តធ្វើអាជីវកម្មដោយគ្មានការផ្លាស់ប្ដូរនោះទេ។
មន្ត្រីអង្គការលីកាដូ លោក ប៊ួន ណារិទ្ធិ សំណូមពរដល់លោក ជា សុផារ៉ា ជួយបង្ហាញលទ្ធផលនៃផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រនាខេត្តព្រះសីហនុ ជាសាធារណៈ ដើម្បីឲ្យពលរដ្ឋបានដឹង និងមានទំនុកចិត្តទៅលើប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំស្ថាប័ននេះ និងចូលរួមគាំទ្រ៖ «ឃើញមានការសាងសង់សំណង់ និងដាក់ស្លាកលក់ដូរអគារសង់នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ យ៉ាងគឃ្លើនថែមទៀត។ សកម្មភាពនាំឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្តយ៉ាងខ្លាំងអំពីគម្រោងនៃការអភិវឌ្ឍ និងគ្រប់គ្រងតំបន់ឆ្នេរសមុទ្រយើងនេះ»។
កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសេចក្ដីសម្រេច ៥ចំណុចជូនគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រចុះអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព។ ចំណុចទាំង ៥ នោះ មានដូចជា ករណីបឹងព្រែកទប់ ត្រូវរៀបចំដាក់បឹងធម្មជាតិមួយនេះជាតំបន់អភិរក្សដោយព្រះរាជក្រឹត្យ។ ចំណែកឆ្នេរឯករាជ្យ ត្រូវអភិវឌ្ឍ និងអភិរក្សសម្រាប់សាធារណជនលំហែ និងកម្សាន្ត និងរៀបចំកែសម្រួលឲ្យសាធារណជនអាចចេញ ឬចូលទៅកម្សាន្តឆ្នេរខ្សាច់ក្នុងតំបន់នោះ។ ចំពោះឆ្នេរអូរត្រេះ ត្រូវសិក្សាអំពីវិធានការរុះរើសំណង់អនាធិបតេយ្យនៅតាមដីចំណីឆ្នេរ និងចាប់ផ្ដើមធ្វើការអប់រំ និងផ្សព្វផ្សាយ ព្រមទាំងកំណត់ពេលវេលា និងកិច្ចសន្យាច្បាស់លាស់ជាមួយអាជីវករ ឬអ្នកមានទីតាំងនៅតំបន់ឆ្នេរអូរត្រេះ ឲ្យរុះរើសំណង់ទាំងនោះចេញ ដើម្បីរៀបចំជាឆ្នេរគំរូសាធារណៈសម្រាប់បម្រើសេវាកម្មទេសចរណ៍ និងការលំហែ ឬការកម្សាន្ត ឲ្យស័ក្ដិសមជាឆ្នេរគំរូ។ ករណីឆ្នេរអូរឈើទាលនៅទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតក្រុមហ៊ុនអារីស្តុន ត្រូវធ្វើសមាហរណកម្មផ្លូវតាមបណ្ដោយឆ្នេរភ្ជាប់ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ និងបើកចំហឆ្នេរនេះសម្រាប់សាធារណជន និងទេសចរអាចចេញចូលកម្សាន្តដូចដើមវិញ និងមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់គ្រប់ប្រភេទនោះទេ។
ចំណែកករណីកាត់ឆ្វៀលដីតាមរូបមន្តស្បែកខ្លាជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាសំណង់ដែលសង់លើទឹក និងដីចំណីឆ្នេរ និងឆ្នេរខ្សាច់នៅកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ មន្ត្រីជំនាញគ្រប់ស្ថាប័នត្រូវសិក្សារកដំណោះស្រាយប្ដូរទីតាំងសំណង់ទាំងឡាយ ដែលបានបោះទីតាំងនៅលើទឹកដីចំណីឆ្នេរ និងឆ្នេរខ្សាច់នៅកោះរ៉ុង ត្រូវប្ដូរឲ្យទៅនៅលើដីផ្នែកខាងក្នុងនៃកោះរ៉ុង និងត្រូវគោរពស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីកាត់ដីរដ្ឋដែលនៅសល់ពីគម្រោងវិនិយោគផ្នែកខាងក្នុងនៃកោះរ៉ុង សម្រាប់ជាថ្នូរផ្ដល់ជូនអ្នកដែលត្រូវឲ្យប្ដូរទីតាំងទាំងនោះជំនួសវិញ។
បញ្ហានេះដែរ កន្លងទៅ លោក នី ផល្លី តំណាងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយលោក ជា សុផារ៉ា បានឲ្យដឹងថា ស្ថាប័ននេះបានបើកកិច្ចប្រជុំពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ ដោយបានបង្ហាញលទ្ធផលនៃសកម្មភាពការងារ និងផែនការកែលំអ ឬអភិវឌ្ឍឆ្នេរសមុទ្រជាបន្តបន្ទាប់នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំគណៈកម្មាធិការនេះ បានបើកកិច្ចប្រជុំមានលទ្ធផលដូចជា ពន្លឿនសកម្មភាពការងារចុះដោះស្រាយ និងជំរុញការអភិវឌ្ឍនៅកោះរ៉ុង ដើម្បីឈានដល់ចុះកាត់ឆ្វៀលដីជូនប្រជាជនក៏ដូចជាដីវត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងភូមិទាំងបួននៅលើកោះរ៉ុង។ តាមរយៈកិច្ចប្រជុំនេះដែរ អង្គប្រជុំបានជំរុញឲ្យមន្ត្រីជំនាញ បន្តសកម្មភាពចុះកំណត់អត្តសញ្ញាណកម្មការវាស់វែងចំណែកដី និងរៀបចំប្លង់គោលសម្រាប់ផែនការអភិវឌ្ឍន៍នៅលើកោះរ៉ុង និងបញ្ហាផ្សេងៗមួយចំនួនទៀត។
ចំពោះការងាររៀបចំកែលំអ និងអភិវឌ្ឍន៍ឆ្នេរសមុទ្រវិញ លោក នី ផល្លី បង្ហាញថា អង្គប្រជុំរបស់គណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរ បានជំរុញឲ្យក្រុមការងារបន្តពន្លឿនការស្ថាបនាខ្លោងទ្វារច្រកចូលនៅតាមឆ្នេរនីមួយៗ ដើម្បីឈានដល់កែលំអតំបន់ឆ្នេរខ្សាច់ឲ្យស្របតាមស្តង់ដារ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
យ៉ាងនេះក្តី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមប្រចាំខេត្តព្រះសីហនុ មិនទាន់មានជំនឿច្រើនទេទៅលើប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ថាអាចអនុវត្តឲ្យស្របតាមសេចក្តីសម្រេចរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកំណត់នោះទេ ព្រោះរាល់ថ្ងៃនេះឃើញសំណង់រឹងមាំធំស្កឹមស្កៃ សង់នៅជាប់ឆ្នេរឯករាជ្យកំពុងបន្តសកម្មភាពសាងសង់រាល់ថ្ងៃ ហើយសម្រាប់សំណង់រឹងមាំដែលសង់រួច និងកំពុងធ្វើអាជីវកម្មនៅលើដីចំណីឆ្នេរសមុទ្រនានា គឺអាជ្ញាធរមិនទាន់មានចំណាត់ការនោះទេ៕