Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

នាយក​រដ្ឋមន្ត្រី​វៀតណាម​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ

$
0
0

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) គ្រោង​ជួប​មេ​ដឹកនាំ​កំពូលៗ​របស់​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ទី​២៦ ខែ​មេសា នៅ​រាជធានី​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នាយក​រដ្ឋមន្ត្រី​វៀតណាម នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី។ បន្ទាប់​មក លោក ង្វៀន ស៊ុងហ៊្វុក នឹង​ជួប​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ហើយ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន។ នាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​នឹង​ចូល​ថ្វាយ​បង្គំ​ព្រះ​សង្ឃរាជ ទេព វង្ស ផង​ដែរ។

ឆ្នាំ​២០១៧ នេះ ជា​ខួប​ទី​៥០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម។ ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ប្រទេស​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ការ​អបអរ​ខួប​នេះ ហើយ​វត្តមាន​របស់​លោក ង្វៀន ស៊ុងហ៊្វុក នៅ​កម្ពុជា នឹង​ចូលរួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ចំណង​ការទូត​ទ្វេភាគី​បន្ថែម​ទៀត។

វៀតណាម ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​មួយ​របស់​កម្ពុជា។ កម្ពុជា និង​វៀតណាម រំពឹង​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី នឹង​កើន​ឡើង​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​វៀតណាម កាល​ពី​ឆ្នាំ​២០១៦ មាន​តម្លៃ ៣​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​គ្រោង​ជួប​មេ​ដឹកនាំ​កំពូលៗ​កម្ពុជា លោក ង្វៀន ស៊ុងហ៊្វុក នឹង​ចូលរួម​សម្ពោធ​ស្ពាន​តភ្ជាប់​ព្រៃធំ នៅ​ខេត្ត​កណ្ដាល និង​ឡុងប៊ិញ នៅ​ខេត្ត​អានយ៉ាង។

ភាគី​ទាំង​ពីរ​រំពឹង​ថា នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​មួយ​ចំនួន ប៉ុន្តែ​ក្រសួង​ការ​បរទេស​កម្ពុជា មិន​បាន​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​អ្វី​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles