មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកវិភាគ ថាការចាកចេញរបស់ក្រុមសកម្មជន និងជំទប់ឃុំបក្សប្រឆាំង ទៅចូលរួមជាមួយគណបក្សកាន់អំណាចនៅមូលដ្ឋាន នឹងមិនធ្វើឲ្យប៉ះពាល់ដល់លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ។ ប៉ុន្តែគណបក្សកាន់អំណាច និងសង្គមស៊ីវិលដែលធ្វើការផ្នែកបោះឆ្នោតយល់ថា នឹងមានផលប៉ះពាល់ខ្លះដែរ។
ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ មិថុនា កាន់តែខិតជិតមកដល់ ព័ត៌មាននៃការចាកចេញរបស់សកម្មជន ឬជំទប់ឃុំបក្សប្រឆាំង ទៅចូលរួមជាមួយបក្សកាន់អំណាចនៅតាមមូលដ្ឋាន កើតមានជាហូរហែ។ តែមន្ត្រីបក្សប្រឆាំងថា នេះជាការបំផ្លើសព័ត៌មាន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ថាសកម្មជនដែលចាកចេញ គឺជាសកម្មជនដដែលៗ ហើយនេះគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយតែប៉ុណ្ណោះ។ លោកថា គណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍នឹងរឿងនេះទេ ហើយការចាកចេញរបស់សកម្មជនបក្សប្រឆាំងទាំងនោះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនោះទេ៖ «មិនប៉ះពាល់អីទេ... គណបក្សសង្គ្រោះជាតិ នៅតែឈ្នះឆ្នោតគគ្រឹកគគ្រេងដដែល។ ខ្ញុំយល់ឃើញថា អាហ្នឹងវាជាយុទ្ធសាស្ត្រនយោបាយដដែលៗ»។
ជាទូទៅឲ្យតែការបោះឆ្នោតជិតមកដល់ សកម្មជនរបស់គណបក្សប្រឆាំងមួយចំនួន តែងតែចូលរួមជាមួយគណបក្សកាន់អំណាច។ ក្រោយចាកចេញពីគណបក្សប្រឆាំងហើយ សកម្មជន ឬមន្ត្រីជាន់ខ្ពស់ទាំងនោះ អះអាងស្រដៀងគ្នាថា ដោយសារបក្សប្រឆាំងបក្ខពួកនិយម គ្រួសារនិយម ស៊ីសំណូក ឬបក្សប្រឆាំងគ្មានបានអភិវឌ្ឍអ្វី ជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការចាកចេញរបស់សកម្មជនបក្សប្រឆាំង នឹងជួយឲ្យបក្សកាន់អំណាចកើនសំឡេងឆ្នោតតាមឃុំ-សង្កាត់៖ «ខ្ញុំយល់ថា អាហ្នឹងវាបង្កើននូវបរិមាណរបស់គណបក្សដែលចូល ក៏ប៉ុន្ដែគណបក្សប្រជាជន ដឹងស្រាប់ហើយ ថាសមាជិកជាង ៥លាននាក់ បើគ្រាន់តែយកសមាជិកចាស់ដែលមានស្រាប់ជាង ៥លាននាក់ មកបោះឆ្នោតហ្នឹង វាដឹងតែឈ្នះ ហៅថាស្វ័យប្រវត្តិហើយ មិនបាច់ខំទេ»។
គណបក្សដែលបានដាក់បេក្ខភាពគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេសនេះ តែងតែអួតអាងថា នឹងឈ្នះឆ្នោត ហើយគ្រប់គ្រងឃុំ-សង្កាត់ទូទាំងប្រទេសច្រើនលើសលប់រៀងៗខ្លួន។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថានឹងឈ្នះឆ្នោតឃុំ-សង្កាត់។ ឯលោក កឹម សុខា ប្រធានបក្សប្រឆាំង ប្រាប់អ្នកគាំទ្រក្រៅប្រទេសដូចលោក សម រង្ស៊ី ដែរ។ តែលោកនាយករដ្ឋមន្ត្រី ព្រមាននឹងមានសង្គ្រាម បើគណបក្សរបស់លោកចាញ់ឆ្នោត។
នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី ថាការរត់ចេញរបស់សកម្មជននេះមានឥទ្ធិពលដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ លោកយល់ថា បើបក្សប្រឆាំងគ្មានវិធានការដោះស្រាយបញ្ហានេះទេ បក្សប្រឆាំងអាចបាត់បង់ប្រជាប្រិយភាពខ្លះនៅតាមមូលដ្ឋាន៖ «វាជះឥទ្ធិពលដែរ កាលណាគណបក្សមួយដែលមានសកម្មជន ឬមួយក៏បេក្ខជន គាត់លាឈប់ពីគណបក្សហ្នឹង មានន័យថាគាត់អត់ពេញចិត្តរឿងអីមួយហើយ បានគាត់លាឈប់ហ្នឹងណា... អាហ្នឹងវាជះឥទ្ធិពលដល់គណបក្សសង្គ្រោះជាតិ ហើយ...»។
ទោះជាបែបនេះក្ដី លោក ម៉ៅ មុនីវណ្ណ អះអាងថា លទ្ធផលបោះឆ្នោតឃុំ-សង្កាត់ វាអាស្រ័យលើពលរដ្ឋ។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា កន្លងទៅ សកម្មភាពបែបនេះកើតឡើងច្រើនហើយ ប៉ុន្តែគណបក្សប្រឆាំងនៅតែអាចឈ្នះឆ្នោតនៅមូលដ្ឋានបាន។
អ្នកវិភាគនយោបាយ លោក សូ ចន្ថា មើលឃើញថា ការចាកចេញរបស់សកម្មជនបក្សប្រឆាំង មិនមែនជារឿងចម្លែកទេ។ លោកថា គ្រាន់តែការចាកចេញរបស់សកម្មជនបក្សមិនធ្វើឲ្យប៉ះពាល់ដល់សំឡេងគាំទ្របក្សនោះទេ។ តែផ្ទុយទៅវិញ លោកយល់ថា គណបក្សប្រឆាំងនឹងកើនសំឡេងដោយភ្ជាប់ឧទាហរណ៍ទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដែលកាលណោះ សំឡេងគាំទ្រគណបក្សប្រឆាំងមានការកើនឡើងគួរឲ្យកត់សម្គាល់៖ «យើងអាចធ្វើការវាយតម្លៃបានថា ទី១ គឺចរន្តរបស់ពលរដ្ឋគាត់ចង់ផ្លាស់ប្ដូរគណបក្សនយោបាយ ដោយសារតែគាត់មានការអាក់អន់ចិត្តជាដើមជាមួយគណបក្សប្រឆាំងនោះ។ ទី២ អាចជាសេណារីយ៉ូ ឬអាចជាការរៀបចំរបស់បក្សកាន់អំណាច ដើម្បីបង្ហាញពីរូបភាពនយោបាយទៅសាធារណមតិថា បក្សប្រឆាំងអស់ការគាំទ្រជាដើម»។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា។ ប៉ុន្តែគណបក្សទាំងពីរដែលបានដាក់បេក្ខភាពមេឃុំទូទាំងប្រទេស បានបង្កើនការចុះមូលដ្ឋានចាប់តាំងពីមុនយុទ្ធនាការឃោសនាទៅទៀត៕