អាជ្ញាធរមូលដ្ឋានឃុំបឹងល្វា ស្រុកសន្ទុក និងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លើកឡើងប្រហាក់ប្រហែលគ្នាថា ការផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋបាក់ច្រាំងទន្លេមកពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បច្ចុប្បន្នស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ កាលពីពេលកន្លងមក គឺជាប្រភពមួយដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ការបាត់បង់ព្រៃឈើគឺជាផ្នែកមួយយ៉ាងសំខាន់ដែលបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងបម្រែបម្រួលអាកាសធាតុថែមទៀតផង។
អភិបាលខេត្តកំពង់ធំ បញ្ជាក់ថា ការសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល ហើយអាជ្ញាធរក៏បានសិក្សាពីប៉ះពាល់ជាមុនរួចទៅហើយដែរ។
ដីសម្បទានសង្គមកិច្ចមួយចំនួននៅខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងអ្នកធ្វើការងារពាក់ព័ន្ធព្រៃឈើ មើលឃើញថា ប្រើប្រាស់មិនចំគោលដៅ និងបង្កផលប៉ះពាល់ដល់បរិស្ថាន ដោយសារតែបាត់បង់ព្រៃឈើ។
ជាក់ស្ដែងដីសម្បទានសង្គមកិច្ចនៅឃុំបឹងល្វា និងឃុំមានរិទ្ធ ដែលរាជរដ្ឋាភិបាលផ្ដល់ជូនពលរដ្ឋបាក់ច្រាំងទន្លេ មកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប៉ុន្តែភាគច្រើនលើសលប់គឺបានទៅលើដៃអ្នកមានប្រាក់ និងមន្ត្រីរាជការប៉ុណ្ណោះ។ លើសពីនេះទៀត តំបន់មួយចំនួនដែលរាជរដ្ឋាភិបាលដាក់ជាដីសម្បទានសង្គមកិច្ច គឺជាតំបន់ព្រៃស្រោង ហើយនាំគ្នាឈូសឆាយព្រៃទាំងនោះ ដោយមានក្រុមហ៊ុនឯកជនជាអ្នកប្រមូលយកអនុផលព្រៃឈើនៅតំបន់នោះ។
សមាជិកក្រុមប្រឹក្សាឃុំមានរិទ្ធ មួយរូប លោក សុខ ម៉ាប់ មានប្រសាសន៍ថា ការផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋបាក់ច្រាំងទន្លេមកពីស្រុកក្រូចឆ្មារ និងពលរដ្ឋក្រីក្រប្រមាណ ៥០០គ្រួសារលើទំហំដីជាង ២ពាន់ហិកតារ កាលពីឆ្នាំ២០១៤ គឺមិនបានដល់ដៃពលរដ្ឋបាក់ច្រាំងទន្លេ និងក្រីក្រនោះទេ ប៉ុន្តែភាគច្រើនបានទៅលើដៃអ្នកមានប្រាក់ និងឈ្មួញទៅវិញ៖ «ពលរដ្ឋដែលបានសម្បទានឱ្យនោះគឺមិនឃើញមកទេ ឃើញតែឈ្មួញអ្នកមានធំៗទិញយកពីក្រុមដែលគេឈូសឆាយអស់ព្រៃឈើហ្នឹង»។
ប្រភពដដែលអះអាងថា ប្រភេទដីដែលរាជរដ្ឋាភិបាលផ្ដល់សម្បទានសង្គមកិច្ចជូនពលរដ្ឋ មួយផ្នែកធំគឺជាដីព្រៃស្រោងដែលនៅជាប់តំបន់ព្រៃឡង់ ហើយសកម្មភាពប្រមូលឈើក្នុងតំបន់ដីសម្បទានមានឈើមួយចំនួនត្រូវបានកាប់ពីក្នុងតំបន់ព្រៃឡង់។ លោកមើលឃើញថា ការផ្ដល់ដីសម្បទានសង្គមកិច្ចដែលមិនចំគោលដៅ គឺជារូបភាពដែលធ្វើឱ្យព្រៃឈើកាន់តែហិនហោច និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។
ពលរដ្ឋបាក់ច្រាំងទន្លេ មកពីស្រុកក្រូចឆ្មារ គឺទទួលបានដីសម្បទានសង្គមកិច្ចនៅឃុំបឹងល្វា មួយកន្លែងទៀត។ អាជ្ញាធរឃុំបឹងល្វា បញ្ជាក់ថា ពលរដ្ឋមកពីស្រុកក្រូចឆ្មារ ដោយសារបាក់ច្រាំងទន្លេ គឺមានចំនួន ២៥៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋានទំហំ ២០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ព្រមទាំងដីចម្ការទំហំ ២ហិកតារ។
រយៈពេលជាង ២ឆ្នាំមកហើយ ប៉ុន្តែមានពលរដ្ឋជាង ៣០គ្រួសារប៉ុណ្ណោះ បានមករស់នៅតំបន់ដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលផ្ដល់ជូននៅឃុំបឹងល្វា។
មេឃុំបឹងល្វា លោក ប៉ែន លឿ មានប្រសាសន៍ថា ប្រជាជនដែលទទួលបានដីសម្បទានសង្គមកិច្ចគឺមាន ៧០ ទៅ ៨០ភាគរយ ជាក្រុមអ្នកមានប្រាក់ និងមន្ត្រីរាជការមកពីស្រុកក្រូចឆ្មារ ប៉ុន្តែពលរដ្ឋក្រីក្រ និងមកពីកន្លែងបាក់ច្រាំងទន្លេពិតប្រាកដមិនទទួលបានឡើយ។ បន្ថែមពីនេះ ពលរដ្ឋជាច្រើនបានលក់ដីសម្បទានរបស់ខ្លួនទៅឱ្យក្រុមអ្នកមានប្រាក់ ដោយមិនបានមករស់នៅតំបន់ថ្មីនោះទេ៖ «មានច្រើន អ្នកមានលុយមក។ អ្នកក្រដែលបាក់ច្រាំងមែនគឺអត់មានទេ»។
ការផ្ដល់ដីសម្បទានសង្គមកិច្ចនៅស្រុកសណ្ដាន់ និងស្រុកសន្ទុក បានបណ្ដាលឱ្យព្រៃឈើមួយចំណែកត្រូវបានបាត់បង់តាមរយៈការផ្ដល់ដីសម្បទានប្រភេទនេះ។ លើសពីនេះ អាជ្ញាធរឃុំបឹងល្វា បញ្ជាក់ថា ព្រៃសហគមន៍មួយចំនួនត្រូវបានពលរដ្ឋចំណូលស្រុក និងពលរដ្ឋម្ចាស់ស្រុកដែលរងផលប៉ះពាល់ដោយសារគម្រោងដីសម្បទានសង្គមកិច្ចមួយនេះនាំគ្នាចូលកាប់រុករានយកដីធ្វើចម្ការ។
តំបន់ដែលធ្លាប់គ្របដណ្ដប់ដោយព្រៃឈើធំៗ បានប្រែក្លាយជាវាលចម្ការ ហើយតំបន់ទាំងនោះបានប្រែជាក្ដៅហួតហែងនៅរដូវប្រាំង ហើយតំបន់ខ្លះអាកាសធាតុប្រែប្រួលមិនទៀងឡើយ។
ទាក់ទងបញ្ហានេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍នៅថ្ងៃទី១៤ ខែមីនា ថា ការផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ គឺរាជរដ្ឋាភិបាលជាអ្នកសម្រេច។ លោកបន្ថែមថា ក្រុមអាជ្ញាធរក៏បានចុះសិក្សាពីផលប៉ះពាល់នៅរាល់តំបន់ដែលផ្ដល់ដីសម្បទានជូនពលរដ្ឋ ដើម្បីជៀសវាងបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាមួយដល់បរិស្ថាន ពិសេសធ្វើឱ្យបាត់បង់ព្រៃឈើ។ លោកបន្ថែមថា តំបន់ដីសម្បទានសង្គមកិច្ចផ្ដល់ជូនពលរដ្ឋនៅឃុំមានរិទ្ធ និងឃុំបឹងល្វា គឺមិនប៉ះពាល់ធ្ងន់ធ្ងរទេ៖ «ជារួមការផ្ដល់ដីសម្បទានសង្គមកិច្ចនេះគឺមានក្រុមការងារចុះពិនិត្យច្បាស់លាស់ មិនមែនធ្វើដោយចិត្តឯងទេ»។
អភិបាលខេត្តរូបនេះបញ្ជាក់ថា ការផ្ដល់ដីសម្បទានជូនពលរដ្ឋគឺធ្វើតាមនីតិវិធីច្បាស់លាស់ ហើយក៏បានផ្ដល់ជូនពលរដ្ឋទៅតាមឈ្មោះដែលស្នើសុំរួចអស់ទៅហើយ។ ទោះជាយ៉ាងណា លោកថា នឹងឱ្យក្រុមការងារចុះពិនិត្យមើលលើករណីនេះ ដើម្បីធានាថា ការផ្ដល់ដីសម្បទានសង្គមកិច្ចបានដល់ប្រជាពលរដ្ឋក្រីក្រ និងបាក់ច្រាំងពិតប្រាកដ។ លោកថា ជាគោលការណ៍ ដីសម្បទានសង្គមកិច្ចផ្ដល់ជូនពលរដ្ឋ គឺតម្រូវឱ្យពួកគាត់រស់នៅយ៉ាងហោចរយៈពេល ៥ឆ្នាំ ប្រសិនបើមានករណីលក់ដូរមុនពេលនេះគឺជារឿងខុសច្បាប់ទាំងស្រុង។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ គណបក្សសង្គ្រោះជាតិ លោក ស៊ុន ចន្ធី មើលឃើញថា ការផ្ដល់ដីសម្បទានសង្គមកិច្ចទាំងនេះ មិនមានលក្ខណៈប្រសើរទេ ពីព្រោះអាជ្ញាធរមិនមានយន្តការច្បាស់លាស់ ម្យ៉ាងធ្វើឱ្យប៉ះពាល់ពលរដ្ឋម្ចាស់ស្រុកមួយចំនួន និងបណ្ដាលឱ្យបាត់បង់ព្រៃឈើថែមទៀត៖ «ដូច្នេះអ្វីដែលអាជ្ញាធរធ្វើនេះ គឺធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ពីរ។ ទីមួយផលប្រយោជន៍ប្រជាពលរដ្ឋដែលបង្កបង្កើនផល ដែលបង្កឱ្យប្រជាពលរដ្ឋមានជម្លោះរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។ ទីពីរវាប៉ះពាល់ដល់ព្រៃឈើដែលប៉ះពាល់ដល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ»។
អ្នកសម្របសម្រួលបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង មើលឃើញថា រាល់តំបន់ដីសម្បទានសង្គមកិច្ចដែលបានកំណត់យកតំបន់ព្រៃ គឺជៀសមិនផុតពីផលប៉ះពាល់នោះទេ។
ផលប៉ះពាល់ទាំងនោះរួមមានបាត់បង់ព្រៃជម្រកសត្វ បាត់បង់ជីវចម្រុះក្នុងព្រៃ សត្វព្រៃត្រូវរងការវិនាស និងធ្វើឱ្យអាកាសធាតុចាប់ផ្ដើមប្រែប្រួលដោយសារតែបាត់បង់ព្រៃឈើ។ ប្រភពដដែលយល់ថា តំបន់ដីសម្បទានសង្គមកិច្ចទាំងនេះ គឺធ្វើឡើងដោយអាថ៌កំបាំង មិនមានការចូលរួមពីសហគមន៍ និងពលរដ្ឋមូលដ្ឋាន ហើយអាចគ្រាន់តែជាលេសដើម្បីកាប់ឈើ និងបានដីដោយស្របច្បាប់ទៅក្រុមអ្នកមានប្រាក់ និងមានអំណាចប៉ុណ្ណោះ៖ «ប៉ុន្តែបើយើងមើលជាក់ស្ដែងនៅតំបន់នោះគឺជារូបភាពវិនិយោគនៅលើទីតាំងដីសម្បទានសង្គមកិច្ចដែលអាចធ្វើឱ្យបាត់បង់ព្រៃឈើ ដែលអាចធ្វើពលរដ្ឋនៅតំបន់នោះបាត់បង់ដីធ្លីរបស់គាត់»។
លោក សេង សុខហេង យល់ថា ដើម្បីជៀសវាងផលប៉ះពាល់ដល់បរិស្ថាន រាជរដ្ឋាភិបាលត្រូវសិក្សាអំពីគម្រោងផ្ដល់ដីសម្បទានសង្គមកិច្ច និងសេដ្ឋកិច្ចឱ្យបានច្បាស់លាស់ ជៀសវាងធ្វើឱ្យបាត់បង់ព្រៃឈើបន្ថែមទៀត៕