កសិករដាំម្រេចនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្អូញត្អែរពីផលប៉ះពាល់ផ្សេងៗ ក្នុងជីវភាពរស់នៅ ក្រោយពេលតម្លៃម្រេចចេះតែធ្លាក់ចុះខ្លាំង។ ផលប៉ះពាល់ទាំងនោះ មានដូចជា ពិបាករកប្រាក់ចំណូលសម្រាប់ចិញ្ចឹមក្រុមគ្រួសារ ព្រមទាំងខ្វះថវិកាសងទៅគ្រឹះស្ថានហិរញ្ញវត្ថុ ដែលពួកគាត់បានខ្ចីប្រាក់ធ្វើដើមទុនដាំម្រេច។ ប្រធានមន្ទីរកសិកម្ម យល់ថា តម្លៃម្រេចចុះថោក គឺពាក់ព័ន្ធនឹងទីផ្សារអន្តរជាតិច្រើនជាង។
កសិករដាំម្រេចនៅស្រុកមេមត់ នៅមិនទាន់ដឹងប្រាកដចំពោះការធ្លាក់ចុះនៃតម្លៃម្រេចនៅឡើយទេ ប៉ុន្តែពួកគាត់យល់ថា អាចដោយសារតែទីផ្សារនៅស្រុកខ្មែរមិនសូវមានច្រើន ដោយពឹងផ្អែកលើទីផ្សារប្រទេសជិតខាង ពិសេសប្រទេសវៀតណាម។
កសិករនៅឃុំមេមត់ មួយរូប លោក ព្រៅ ចាន់ធឿន ឱ្យដឹងថា កាលពីឆ្នាំកន្លងទៅ ម្រេចលក់បានតម្លៃខ្ពស់ គឺរហូតដល់ ៤ម៉ឺន ទៅជាង ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះគឺលក់បាន ១.៨០០០រៀល ទៅ ២ម៉ឺនរៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។ កសិករដែលមានផ្ទៃដីដាំម្រេចជាង ២ហិកតាររូបនេះ មើលឃើញថា ការធ្លាក់ចុះនៃតម្លៃ ធ្វើឱ្យពលរដ្ឋប្រឈមបញ្ហាផ្សេងៗ ពិសេសពិបាករកប្រាក់ដោះបំណុលគេតែម្ដង។
លោកយល់ថា តម្លៃម្រេចធ្លាក់ចុះពេលនេះ អាចដោយសារមិនសូវមានឈ្មួញមកទិញម្រេចពួកគាត់ដូចពេលមុន ហើយត្រូវពឹងផ្អែកទៅលើឈ្មួញវៀតណាម៖ «មានតម្លៃទាប ហើយអ្នកខ្លះធ្វើម្រេចកើតហើយ ក៏ងាប់ម្រេចហ្នឹងអស់ទៅវិញទៅ។ ជំពាក់គេក៏ជំពាក់»។
តម្លៃម្រេចធ្លាក់ចុះខ្លាំង គឺចាប់តាំងពីចុងឆ្នាំ២០១៦។ ម្រេចជារុក្ខជាតិប្រភេទវល្លិ ហើយត្រូវចំណាយពេលដាំប្រមាណ ១ឆ្នាំ ទើបអាចទទួលផល។ រុក្ខជាតិនេះ ប្រឈមនឹងជំងឺ ហើយប្រឈមនឹងគ្រោះធម្មជាតិ ដូចជារាំងស្ងួតខ្លាំង និងទឹកជន់ខ្លាំងក្នុងចម្ការ ក៏បណ្ដាលឱ្យម្រេចងាប់បានដែរ។
កសិករនៅឃុំទ្រាក លោក ប៉ូច គីន រៀបរាប់ថា តម្លៃធ្លាក់ចុះដូចបច្ចុប្បន្នគឺធ្វើឱ្យពលរដ្ឋមិនអាចទូទាត់ការចំណាយបានទេ។ លោកថា នៅពេលតម្លៃម្រេចខ្ពស់ធ្វើឱ្យជីវភាពរបស់កសិករបានប្រសើរ ប៉ុន្តែនៅពេលតម្លៃធ្លាក់ចុះ ជីវភាពរស់នៅរបស់ពួកគាត់ក៏ត្រូវជួបបញ្ហាប្រឈមដូចគ្នាដែរ។ លោកសង្កេតឃើញថា បញ្ហានេះហើយដែលធ្វើឱ្យកសិករមួយចំនួនសម្រេចបោះបង់មុខរបរដាំម្រេចចោលទៀតផង៖ «ចង់ឱ្យរដ្ឋាភិបាលជួយរកទីផ្សារ ព្រោះរាល់ថ្ងៃនេះ យើងពឹងផ្អែកលើទីផ្សារក្រៅប្រទេស ជិតៗខាងយើង»។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បញ្ជាក់ថា មូលហេតុម្រេចចុះថោក គឺពាក់ព័ន្ធទីផ្សារអន្តរជាតិ និងការផលិតលើសពីតម្រូវការ។ លោកមើលឃើញថា តម្លៃម្រេចនៅពេលខាងមុខនឹងមិនអាចហក់ឡើងខ្ពស់បានទេ ប្រសិនទីផ្សារអន្តរជាតិនៅតែជួបបញ្ហា។
ប្រធានមន្ទីរកសិកម្មរូបនេះផ្ដល់ជាយុទ្ធសាស្ត្រទប់ទល់ការធ្លាក់ចុះនៃតម្លៃម្រេច គឺប្រជាកសិករអាចអនុវត្តការផលិត ដោយប្រើជី និងថ្នាំបាញ់តាមបែបធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ ហើយបង្កើនគុណភាពផលិត។ កសិករត្រូវចងក្រងគ្នាជាសហគមន៍ ងាយស្រួលរកទីផ្សារ និងមានកម្លាំងជាងការលក់ចេញជាលក្ខណៈឯកជន ហើយខាងមន្ទីរនឹងជួយរកដៃគូឯកជនបន្ថែមទៀត៖ «ចង់ឱ្យកសិករទាំងអស់គាត់កាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម ហើយចងក្រងជាក្រុម ហើយខាងមន្ទីរក៏ដូចជាខាងដៃគូមន្ទីរហ្នឹងព្យាយាមទំនាក់ទំនងខាងក្រុមហ៊ុនដែលរកស៊ីម្រេចហ្នឹង»។
នាយកប្រតិបត្តិសហគមន៍អភិវឌ្ឍន៍កសិកម្មដំណាំម្រេចដារមេមត់ លោក យិន សុផា មានប្រសាសន៍ថា ការធ្លាក់ចុះនៃតម្លៃម្រេចពេលនេះ គឺមិនធ្លាប់ជួបឡើយ ក្នុងរយៈពេលប្រមាណ ៤ឆ្នាំចុងក្រោយនេះ។ យ៉ាងនេះក្តី លោកយល់ថា តម្លៃម្រេចធ្លាក់ចុះគឺមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជាទេ ពោលគឺបណ្ដាប្រទេសដាំម្រេចមួយចំនួន ដូចជាប្រទេសសិរីលង្កា វៀតណាម ម៉ាឡេស៊ី ប្រេស៊ីល ឥណ្ឌា ជាដើម តម្លៃម្រេចគឺប្រហាក់ប្រហែលនឹងកម្ពុជា បច្ចុប្បន្នដែរ។ ដូច្នេះលោកថា ម្រេចធ្លាក់ថ្លៃ អាចទាក់ទងទីផ្សារអន្តរជាតិ។
លោកកត់សម្គាល់ថា នៅពេលម្រេចចុះថោក កសិករមានបញ្ហាប្រឈមផ្សេងៗគ្នា ដោយមានពលរដ្ឋខ្លះមិនសូវប្រឈមទេ។ ចំណែកកសិករដែលប្រឈមខ្លាំងជាក្រុមដែលជំពាក់បំណុលគេ ដោយសារយកដើមទុនពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងស្រុងមកដាំម្រេច និងក្រុមកសិករដែលជំពាក់បំណុលធនាគារ ហើយដំណាំម្រេចរបស់ពួកគាត់ងាប់មួយជាន់ទៀត៖ «ពេលហ្នឹងហើយដែលមានបញ្ហារហូតដល់មានការប្ដឹងផ្ដល់ពីធនាគារហ្នឹងមក ដើម្បីដោះស្រាយហ្នឹង ដោយសារពួកគាត់អត់មានលទ្ធភាពសង»។
កាលពីឆ្នាំ២០១៦ សមាជិកសហគមន៍ម្រេចដារមេមត់ ដែលមានចំនួន ២៩១គ្រួសារ លក់ម្រេចចេញមានចំនួនប្រមាណ ២ពាន់តោន។ បច្ចុប្បន្នផ្ទៃដីដាំម្រេចរបស់ប្រជាសហគមន៍មានចំនួន ៥០០ហិកតារ ចំណែកផ្ទៃដីដាំម្រេចនៅទូទាំងខេត្តត្បូងឃ្មុំ មានចំនួនជាង ២ពាន់ហិកតារ៕