មេភូមិ និងពលរដ្ឋរស់នៅភូមិភ្នំតូច នៃឃុំពង្រ ខេត្តកំពង់ឆ្នាំង ខកចិត្តចំពោះក្រុមហ៊ុនវាយថ្ម និងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើដែលមិនបានទប់ស្កាត់ការដឹកជញ្ជូនថ្មកាត់ភូមិ ឬធ្វើកុំឲ្យដីនៅលើផ្លូវហុយខ្លាំងប៉ះពាល់ដល់សុខភាពពលរដ្ឋ។ អាជ្ញាធរថា នឹងជំរុញឲ្យម្ចាស់ការដ្ឋានធ្វើអាជីវកម្មថ្មទាំងអស់ស្រោចទឹកតាមផ្លូវឲ្យបានទៀងទាត់ ដើម្បីកាត់បន្ថយដីហុយក្នុងដំណាក់កាលរង់ចាំធ្វើផ្លូវចាក់បេតុងថ្មី។
ផ្ទះរបស់អ្នកភូមិភ្នំតូច ដែលសង់នៅអមសងខាងផ្លូវលំ ក្រាលក្រួសក្រហមប្រវែងជាង ៣គីឡូម៉ែត្រ បានប្រែពណ៌ជាក្រហមនៅរដូវប្រាំងដោយប្រឡាក់ធូលីដីហុយចេញពីផ្លូវដែលមានឡានដឹកថ្មបើកឆ្លងកាត់យ៉ាងមមាញឹក។ រយៈពេល ៤ឆ្នាំ ហើយដែលអ្នកភូមិបានផ្លូវក្រួសក្រហមជំនួសផ្លូវបុរាណងាយធ្វើដំណើរជាងមុន ប៉ុន្តែពួកគេបែរជារស់នៅក្នុងស្ថានភាពគ្រោះថ្នាក់ និងកើតជំងឺទៅវិញ។
មេភូមិភ្នំតូច សម្រេចប្រើកម្លាំងប្រជាការពារ ៤នាក់ និងពលរដ្ឋប្រមាណ ៤០នាក់ ដើម្បីកាក់ឡានបែនដឹកថ្ម និងដឹកដីនៅចំណុចកណ្ដាលភូមិ នៅថ្ងៃទី២០ ខែមេសា។ ក្រុមអ្នកភូមិមានបំណងប្រាប់តៃកុងឡាន កុំឲ្យបើកបរក្នុងភូមិលឿនពេក ដែលបង្កឲ្យធូលីដីហុយ ឬគ្រោះថ្នាក់ដល់អ្នកភូមិ។ ម្យ៉ាងពួកគេចង់ជួបអាជ្ញាធរថ្នាក់លើ ឬម្ចាស់ការដ្ឋានធ្វើអាជីវកម្មវាយថ្មភ្នំចំនួនបីកន្លែងដើម្បីដោះស្រាយបញ្ហា។
ថ្លែងទាំងអួលដើមក និងសម្រក់ទឹកភ្នែកនៅចំពោះមុខពលរដ្ឋដែលកំពុងកាក់ឡាននៅកណ្ដាលផ្លូវ លោកមេភូមិ មាស សឿន ថាក្នុងចំណោមពលរដ្ឋក្នុងភូមិភ្នំតូចចំនួន ១៦៤គ្រួសារ មានពលរដ្ឋចំនួន ៩០គ្រួសារ បានប៉ះពាល់ផ្ទាល់ពីធូលីដីហុយ។ អស់រយៈពេលជាច្រើនឆ្នាំហើយដែលស្នើផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដោយភ្ជាប់ស្នាមមេដៃពលរដ្ឋដាក់ជូនអាជ្ញាធរខេត្ត និងតំណាងរាស្ត្រ ប៉ុន្ដែមិនទទួលបានលទ្ធផលអ្វីសោះ៖ «ការបាញ់ទឹកបាញ់អីហ្នឹង គឺអត់ធ្វើទៅតាមកិច្ចសន្យា។ ជួនកាលគាត់បាញ់មួយថ្ងៃពីរ ឬបីដង ជួនកាលអត់ជោកទៀតផង គ្រាន់ច្រូចៗ ឡានបើកតែម្ដង ឬពីរដងហុយដដែល។ ដល់អ៊ីចឹងហើយគាត់ដែលរស់នៅតាមអមសងខាងផ្លូវមានការលំបាក ហើយខ្ញុំក៏បារម្ភចំពោះសុខភាពរបស់គាត់។ ខ្ញុំនិយាយទៅចង់ជាមួយប្រជាជនដែលគាត់ត្អូញត្អែរនៅក្នុងភូមិភ្នំតូចនេះ ហើយខ្ញុំមិនដឹងដោះស្រាយយ៉ាងម៉េច»។
លោក មាស សឿន បញ្ជាក់ថា អ្នកភូមិមិនចង់បិទអាជីវកម្មកិនថ្មនោះទេ ប៉ុន្តែសូមឲ្យអាជ្ញាធរ ឬភាគីក្រុមហ៊ុន គិតគូរពីផលប៉ះពាល់ពលរដ្ឋ។ នៅគ្រាដែលអាជ្ញាធរ ឬក្រុមហ៊ុនមិនទាន់មានលទ្ធភាពធ្វើផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង គួរតែចាក់ទឹកបណ្ដោះអាសន្ននៅតាមផ្លូវឲ្យបានជោក និងទៀងទាត់ដើម្បីកាត់បន្ថយធូលីដីហុយ ព្រោះធូលីដី និងកម្ទេចថ្មដែលធ្លាក់ពីឡានបង្កគ្រោះថ្នាក់ដល់អ្នកភូមិ។
ចំណែកពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិជាច្រើនទៀតដែលកំពុងឈរឃាត់ឡាននៅកណ្ដាលផ្លូវ នៃភូមិភ្នំតូច លោកស្រី លុច សុភា មានប្រសាសន៍ថា ក្មេងៗ និងចាស់ៗមួយចំនួននៅក្នុងភូមិចាប់ផ្ដើមមានជំងឺផ្លូវដង្ហើមដែលលោកស្រីសង្ស័យថា បណ្ដាលមកពីធូលីដី និងថ្មហុយចូលច្រមុះ ឬមាត់អ្នកភូមិបណ្ដាលឲ្យកើតជំងឺនេះ។ ចាប់ពីការដ្ឋានកិនថ្មដំណើរការបានប៉ះពាល់ខ្លាំងដល់សុខភាពអ្នកភូមិ៖ «ចំពោះសុខភាពគ្រុនឈឺ ទៅពេទ្យវាលួសថ្ងៃតិចណាស់! ពិនិត្យនៅពេទ្យខ្លះផ្ដាសាយ ខ្លះរបេងអ៊ីចឹង ក្អកគ្មានពេលទំនេរទេ ព្រោះអីនៅក្នុងភូមិភ្នំតូចនេះដូចថា វាគាបសង្កត់ជាងគេហើយរឿងផ្លូវហ្នឹងហ្មង»។
អាស៊ីសេរី បានព្យាយាមជួបសម្ភាសន៍តំណាងក្រុមហ៊ុនកិនថ្មមួយនៅលើភ្នំអន្សោមត្មាត ក្នុងចំណោមក្រុមហ៊ុនបីដែលកំពុងធ្វើអាជីវកម្មនៅលើភ្នំក្បែរគ្នានោះ ជុំវិញវិធានការចាក់ទឹកតាមផ្លូវដើម្បីកាត់បន្ថយការហុយ ប៉ុន្តែត្រូវបុគ្គលិកប្រចាំការបដិសេធផ្ដល់ការអត្ថាធិប្បាយ ដោយប្រាប់ឲ្យចាំជួបមេការធំឈ្មោះ ឈុន អៀង។ ប៉ុន្ដែលោក ឃុន អៀង មិនបានទទួលទូរស័ព្ទឡើយ នៅថ្ងៃទី២០ ខែមេសា។
ចំណែកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង លោក អ៊ុក រស់ ថាលោកនឹងចុះជំរុញឲ្យក្រុមហ៊ុនធ្វើអាជីវកម្មទាំងអស់ចាក់ទឹកតាមផ្លូវក្នុងភូមិដើម្បីកុំឲ្យហុយនៅក្នុងដំណាក់កាលរង់ចាំគម្រោងធ្វើផ្លូវចាក់បេតុង។
មន្ត្រីជំនាញបានតម្រូវឲ្យក្រុមហ៊ុនបង់លុយចូលរដ្ឋក្នុងថ្ម ១ម៉ែត្រគូបចំនួន ៧កាក់កន្លះ ឬស្មើជាងបីពាន់រៀល ចំណែកមួយកាក់កន្លះទៀតត្រូវបង់សម្រាប់ជួសជុលផ្លូវ ឬអភិវឌ្ឍន៍មូលដ្ឋាន៖ «ឧបមាថា មូលដ្ឋានហ្នឹងត្រូវធ្វើផ្លូវត្រូវមានសំណើមក ហើយគេបូកមើល តើលុយហ្នឹងធ្វើបាន ហើយស្នើទៅឯកឧត្ដមរដ្ឋមន្ដ្រី សម្រេចហើយចាប់ផ្ដើមស្ថាបនាតែម្ដង។ ឃើញឃុំលើកសំណើមកដែរ យើងកំពុងពិនិត្យ តែប្រហែលលុយអត់ទាន់គ្រប់ អ៊ីចឹងឲ្យគាត់ស្រោចទឹកបណ្ដោះអាសន្នសិន»។
លោក អ៊ុក រស់ បន្ថែមថា ថវិកាដែលក្រុមហ៊ុនបង់សម្រាប់ទុកអភិវឌ្ឍន៍មូលដ្ឋាន ឬធ្វើផ្លូវនោះ គឺនៅក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល ដែលតម្កល់ទុកនៅធនាគារជាតិ។ លោកបង្ហើបថា ថវិកានេះមិនទាន់គ្រប់ចំនួនដែលអាចធ្វើផ្លូវបេតុងមួយខ្សែនេះបាននៅឡើយទេ។ ប៉ុន្ដែលោកជឿថា ផ្លូវមួយខ្សែដែលពលរដ្ឋត្អូញត្អែរថា ហុយខ្លាំងនេះនឹងចាប់ផ្ដើមធ្វើនៅចុងឆ្នាំ២០១៧។
ការដ្ឋានកិនថ្មភ្នំដំរីរមៀល របស់នាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិ ការដ្ឋានកិនថ្មលើភ្នំអន្សោមត្មាត របស់ក្រុមហ៊ុន ភី.អេស.ហ្វាយ (PS5) របស់ចិន និងក្រុមហ៊ុនកិនថ្មភ្នំថ្លុកត្របែក ឋិតនៅឃុំពង្រ ស្រុករលាប្អៀរ កំពុងធ្វើអាជីវកម្ម។ រាល់ថ្ងៃមានឡានបែនតូចធំចេញចូលទិញថ្មចន្លោះពី ៦០ ទៅ ១០០ឡានក្នុង១ថ្ងៃ កាត់ផ្លូវក្រាលក្រួសក្រហមមុខផ្ទះអ្នកភូមិភ្នំតូច នៃឃុំពង្រ ស្រុករលាប្អៀរ៕