មន្ត្រីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធបញ្ហាព្រៃឈើលើកឡើងថា ការអន្តរាគមន៍ដោះលែងរថយន្តដឹកឈើប្រណិតចំនួន ២គ្រឿង ដែលសមត្ថកិច្ច និងមន្ត្រីជំនាញខេត្តត្បូងឃ្មុំ បង្ក្រាបបានកាលពីចុងខែមីនា គឺជាការបង្កើតឱ្យមានវប្បធម៌និទ្ទណ្ឌភាពក្នុងការអនុវត្តច្បាប់។ ការលើកឡើងនេះ ក្រោយពេលពួកគេទទួលបានព័ត៌មានថា រថយន្តដឹកឈើប្រណីតប្រភេទលេខ១ ពីរគ្រឿងដែលសមត្ថកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបនិងយកទៅរក្សាទុកនៅទីស្នាក់ការគយចល័ត គឺត្រូវបានអាជ្ញាធរដោះលែងកាលពីពេលថ្មីៗនេះ។
មន្ត្រីសង្គមស៊ីវិលចង់ឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសតុលាការ និងគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលបង្កើតឡើងកាលពីខែមករា ឆ្នាំ២០១៦ ត្រូវស៊ើបអង្កេតករណីសង្ស័យថា មានកិច្ចអន្តរាគមន៍ដោះលែងរថយន្តដឹកឈើនៅខេត្តត្បូងឃ្មុំ។ ការស្នើនេះ ដើម្បីធានាដល់ការអនុវត្តច្បាប់ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ព្រមទាំងការនាំឈើចេញដោយខុសច្បាប់បន្តទៀត។
លេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ ដែលតាមដានករណីនេះ លោក សេង សុខហេង មានប្រសាសន៍ថា កិច្ចអន្តរាគមន៍ដោះលែងបទល្មើស គឺជាទង្វើខុសច្បាប់។ លោកថា បញ្ហានេះ វាមិនត្រឹមតែធ្វើឱ្យបទល្មើសមិនថយចុះប៉ុណ្ណោះទេ ប៉ុន្តែវាបង្កើតជាវប្បធម៌និទ្ទណ្ឌភាពក្នុងការអនុវត្តច្បាប់ថែមទៀតផង។ ការលើកឡើងនេះ ក្រោយពេលលោកទទួលបានព័ត៌មានពីប្រជាសហគមន៍នៅខេត្តត្បូងឃ្មុំ ដោយអះអាងថា រថយន្តដឹកឈើប្រណីតចំនួន ២គ្រឿង ដែលគេសង្ស័យថា ជាប់ទាក់ទិននឹងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង ត្រូវបានគេដោះលែងវិញកាលពីមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ៖ «អ៊ីចឹងយើងឃើញពីគម្លាតនៃការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា និងបង្កជាក្តីបារម្ភក្នុងការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតទៀត។ ប្រសិនបើរាជរដ្ឋាភិបាលចេះតែបណ្ដោយឱ្យកើតឡើងវប្បធម៌និទ្ទណ្ឌភាពជាបន្តបន្ទាប់»។
កាលពីចុងខែមីនា រថយន្តដឹកឈើប្រណីតប្រភេទលេខ១ ចំនួន ២គ្រឿងផ្ទុកឈើសរុបជាង ៣០ម៉ែត្រគូបរបស់ក្រុមហ៊ុន អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) ត្រូវបានសមត្ថកិច្ច និងមន្ត្រីគយចល័តខេត្តត្បូងឃ្មុំ បង្ក្រាបបានដោយសង្ស័យថា បម្រុងដឹកចេញទៅប្រទេសវៀតណាម។
ទោះជាយ៉ាងនេះក្តី នៅក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនឈើចំនួនជាង ៣០ម៉ែត្រគូបដែលចេញដោយមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង របស់ក្រុមហ៊ុនមួយនេះបញ្ជាក់ថា ឈើមួយរថយន្តត្រូវដឹកទៅស្រុកកោះសូទិន ខេត្តកំពង់ចាម និងរថយន្តមួយទៀតត្រូវដឹកទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនបានបញ្ជាក់ថា ដឹកទៅប្រទេសវៀតណាមទេ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍នៅថ្ងៃទី២០ ខែមេសា លោកមិនដឹងថា មានករណីអន្តរាគមន៍ដើម្បីដោះលែងរថយន្តទាំងនោះ ឬមិនមានទេ ពីព្រោះក្រោយពេលបង្ក្រាបនីតិវិធីស៊ើបអង្កេតយ៉ាងណាគឺជាតួនាទីរបស់មន្ត្រីជំនាញ។
នាយការិយាល័យកិច្ចការសេដ្ឋកិច្ច និងសង្គមនៅខេត្តត្បូងឃ្មុំ លោក ស៊ីម ចិត្រា មិនទាន់ហ៊ាននិយាយបែបណាទេ ពីព្រោះព័ត៌មានមិនទាន់ច្បាស់លាស់នៅឡើយ៖ «ខ្ញុំមិនទាន់អាចឆ្លើយបាន ព្រោះព័ត៌មានហ្នឹងវាមិនទាន់ច្បាស់»។
អាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ លោក គឹម ឈុននី បានទេនៅថ្ងៃទី២០ ខែមេសា។
ទោះបីជាយ៉ាងណាក៏ដោយ លោក សេង សុខហេង បញ្ជាក់ថា រូបភាពអន្តរាគមន៍ដោះលែងបទល្មើស ឬវត្ថុតាងដែលសមត្ថកិច្ច និងមន្ត្រីជំនាញបង្ក្រាបបាន មិនមែនទើបតែកើតឡើងពេលនេះទេ។ ជាងនេះទៀត លោកបានដឹងមុនរួចទៅហើយថា ឈើទាំងនេះនឹងត្រូវដោះលែង ឬមានកិច្ចអន្តរាគមន៍ជាក់ជាមិនខាន ពីព្រោះលោកសង្កេតឃើញថា ស្ទើរតែរាល់បទល្មើសឈើធំៗ ដែលមានខ្នងក្រាស់ៗ ឬជាប់ពាក់ព័ន្ធមន្ត្រីឧកញ៉ាក្នុងជួររដ្ឋាភិបាលគឺចាប់គ្រាន់តែល្អមើលប៉ុណ្ណោះ។
លោកយល់ថា សកម្មភាពទាំងនេះហើយ ដែលធ្វើឱ្យមន្ត្រីសង្គមស៊ីវិល ប្រជាសហគមន៍ មានក្តីបារម្ភចំពោះវាសនាព្រៃឈើ និងបាក់ទឹកចិត្តចំពោះការងារការពារព្រៃឈើរបស់ខ្លួន។ លោកមិនដឹងថា រថយន្តដឹកឈើទាំងនោះត្រូវបានអន្តរាគមន៍យកទៅខាងណាទេ ប៉ុន្តែលោកយល់ថា ការដោះលែងវត្ថុតាងបទល្មើស គឺអាចពាក់ព័ន្ធនឹងអំពើពុករលួយតែម្ដង។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឡើង គឺដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់ឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើផ្សេងៗ នៅភាគឦសាននៃប្រទេស ប៉ុន្តែក្រោយមកគណៈកម្មាធិការនេះបានពង្រីកការងាររបស់ខ្លួននៅទូទាំងប្រទេស។ ក្រៅពីការងារបង្ក្រាប និងទប់ស្កាត់បទល្មើសហើយ គណៈកម្មាធិការជាតិនេះត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងការកាប់ និងនាំឈើខុសច្បាប់ទាំងនោះ។ បន្ថែមពីនេះ ត្រូវចាប់ជនល្មើស និងវត្ថុតាងដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ ហើយសហការជាមួយភាគីវៀតណាម ព្រមទាំងប្រទេសឡាវ ដើម្បីឲ្យការងារមានប្រសិទ្ធភាព។
យ៉ាងនេះក្តី ជាងមួយឆ្នាំមកហើយដែលគណៈកម្មាធិការជាតិមួយនេះបង្កើតឡើង ហើយបង្ក្រាបបានឈើប្រណិតជាង ៧ម៉ឺនម៉ែត្រគូប ក្នុងរយៈពេលប្រមាណ ៣ខែដំបូង និងត្រូវបានរាជរដ្ឋាភិបាលដាក់ដេញថ្លៃលក់ថែមទៀតផង ប៉ុន្តែជនល្មើសពាក់ព័ន្ធសំណុំរឿងទាំងនេះ ដែលរួមមានទាំងឧកញ៉ាមួយចំនួនផង មិនត្រូវបានចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ទេ។ ចំណែកបទល្មើសរត់ពន្ធឈើចេញទៅប្រទេសវៀតណាម នៅតែកើតមានដោយលួចលាក់ដដែល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា សំណុំរឿងមួយនេះ ហាក់មានភាពលាក់លៀម ព្រោះម្ដងបង្ហាញថា ឈើទាំងនោះខុសច្បាប់ ហើយម្ដងបង្ហាញថា ជាឈើស្របច្បាប់ទៅវិញ៖ «ទោះបីជាឈើហ្នឹងមានអាជ្ញាប័ណ្ណវិញក៏ដោយ បើកិរិយានៃការប្រព្រឹត្តហ្នឹងវាបង្ហាញពីការលាក់លៀម កិរិយានៃការប្រព្រឹត្តហ្នឹងបង្ហាញពីឧបាយទុច្ចរិតក្នុងការគេចវេះពីច្បាប់ហ្នឹង ឈើហ្នឹងគឺជៀសមិនរួចពីការសង្ស័យរបស់មហាជនទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះកត់សម្គាល់ថា បទល្មើសឧក្រិដ្ឋកម្មព្រៃឈើក្ដី បទល្មើសធនធានរ៉ែក្ដី សមត្ថកិច្ចមិនសូវបានចាត់វិធានការផ្លូវច្បាប់លើក្រុមជនល្មើសឡើយ ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្ស ក្រុមអ្នកការពារធនធានធម្មជាតិ និងអ្នកការពារយុត្តិធម៌ជូនពលរដ្ឋក្រីក្រទៅវិញទេដែលតែងតែមានទោស ឬជាប់គុកតែម្ដង។ សកម្មភាពទាំងនេះគឺធ្វើឱ្យប្រជាពលរដ្ឋកាន់តែបាត់បង់ជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន៕