មន្ត្រីទេសចរណ៍ខេត្តរតនគិរី ចាត់ទុកការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកទេសចរ និងប៉ះពាល់ផ្នែកបរិស្ថាននៅតំបន់រមណីយដ្ឋានបឹងយក្សឡោម ដ៏ល្បីល្បាញក្នុងខេត្តនេះ។ សហគមន៍អ្នកអភិរក្សតំបន់ទេសចរណ៍បឹងយក្សឡោម ចាត់ទុកការមិនចូលរួមវេចខ្ចប់សំរាមរបស់ភ្ញៀវទេសចរ និងក្រុមអាជីវករ រួមទាំងចំណុចអសកម្មរបស់ផ្នែកអនាម័យនៃតំបន់រមណីយដ្ឋានគឺជាកត្តាសំខាន់ធ្វើឲ្យមានបញ្ហាសំរាមកើតឡើង។
មន្ត្រីទេសចរណ៍ខេត្តរតនគិរី ចាត់ទុកផលប៉ះពាល់ដោយសារការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានបឹងយក្សឡោម ខណៈអ្នកទេសចររាប់ម៉ឺននាក់មកកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំថា ជាចំណុចអវិជ្ជមានត្រូវនាំគ្នាលុបបំបាត់ឲ្យបាន។
ចាប់ពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា តួលេខរបស់សហគមន៍អភិរក្សបឹងយក្សឡោម ឲ្យដឹងថា មានអ្នកទេសចរជិត ២ម៉ឺននាក់បានមកកម្សាន្តនៅបឹងយក្សឡោម គ្រាដែលសំរាមបានបន្សល់ចោលតាមធុងសំរាមកន្លែងលក់នំចំណីកន្លែងអង្គុយកម្សាន្ត ផែមុជទឹក និងតាមផ្លូវធ្វើដំណើរគ្រប់កន្លែងនៅតំបន់រមណីយដ្ឋានធម្មជាតិមួយនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បញ្ជាក់នៅថ្ងៃទី២០ ខែមេសា ថានេះជាចំណុចអសកម្មដែលត្រូវនាំគ្នាលុបបំបាត់ឲ្យបានដើម្បីថែរក្សាបរិស្ថានល្អអនាម័យស្អាតនៅក្នុងតំបន់ទេសចរណ៍។ លោកទទួលស្គាល់ថា អាជីវករលក់ដូរ ភ្ញៀវទេសចរ និងក្រុមអភិរក្សរមណីយដ្ឋានសុទ្ធតែមានចំណុចខ្វះខាតទាក់ទិនការវេចខ្ចប់សំរាម និងធ្វើអនាម័យមិនទាន់ពេលវេលាធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកទេសចរដែលមកកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំ៖ «ឆ្នាំក្រោយយើងប្រជុំដាក់ផែនការតឹងរ៉ឹងជាងនេះទៀត។ គាត់ក៏បានសុំមកដែរ គាត់ថា ធ្វើម៉េចអ្នកបោះចោលច្រើន អ្នកប្រមូលតិច។ ភ្ញៀវក៏បានសំណូមពរដែរ ធ្វើយ៉ាងម៉េចឲ្យមានវិធានការ»។
បឹងយក្សឡោម គឺជារមណីយដ្ឋានធម្មជាតិសុទ្ធសាធអភិរក្សដោយសហគមន៍ជនជាតិដើមភាគតិចគ្រឹង ច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ននេះ គណៈកម្មការសហគមន៍បានអភិវឌ្ឍឲ្យមានតូបលក់នំចំណី វត្ថុអនុស្សាវរីយ៍ គ្រឿងភេសជ្ជៈនៅក្រៅបរិវេណបឹង និងក្នុងបរិវេណបឹងសម្រាប់ឲ្យភ្ញៀវទេសចរទិញអាហារនំចំណីទាំងនោះបរិភោគជាលក្ខណៈគ្រួសារ និងមិត្តភ័ក្ដិ នៅគ្រាដែលពួកគេមកលេងនៅមាត់បឹងនេះ។
កាលពីថ្ងៃទី១៩ ខែមេសា មន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរក្រុងបានចុះវាយតម្លៃថា ការបន្សល់កាកសំណល់ និងសំរាមនៅបរិវេណបឹងយក្សឡោម ធ្វើឲ្យមានផលប៉ះពាល់ផ្នែកបរិស្ថាន។
ម្ចាស់តូបលក់គ្រឿងបរិភោគនៅបឹងយក្សឡោម គឺលោក ទុំ ប៊ុនថន បន្ទោសទៅលើក្រុមអនាម័យសហគមន៍ដែលខ្វះការទទួលខុសត្រូវលើការសម្អាតសំរាម កាកសំណល់ដែលភ្ញៀវបោះចោលគ្មានសណ្ដាប់ធ្នាប់នៅក្នុងបរិវេណរមណីយដ្ឋាន។ លោកថា អាជីវករលក់ដូរសំអាតនៅជុំវិញបរិវេណតូបលក់ដូររបស់ខ្លួន និងបានបង់ប្រាក់ប្រចាំខែសម្រាប់សេវាកម្មអនាម័យដល់សហគមន៍រួចហើយ៖ «គណៈកម្មការបឹងហ្នឹងឲ្យគេបន្ថែមអ្នកអនាម័យឲ្យច្រើនមក ព្រោះអ្នកលក់បង់មួយកន្លែងៗមិនតិចទេ អាក្រោមមួយថ្ងៃពីរម៉ឺន ហើយកញ្ចុះ ២ម៉ឺន ៥ពាន់ទៀត»។
ចំណែកប្រធានសហគមន៍បឹងយក្សឡោម លោក វេន ច្រឹ ទទួលស្គាល់ថា ជាកង្វះខាតមួយផ្នែករបស់ក្រុមអនាម័យសហគមន៍ ក៏ប៉ុន្តែលោកកត់សំគាល់ថា បញ្ហាសំរាមនេះលុះត្រាមានការចូលរួមវេចខ្ចប់ដាក់ធុងសំរាមពីសំណាក់អ្នកទេសចរ និងក្រុមអាជីវករទើបអាចធ្វើឲ្យប្រសើរបាននូវកិច្ចការពារបរិស្ថាននៅតាមតំបន់រមណីយដ្ឋាន។
លោកថា ចំណុចអសកម្មឆ្នាំនេះ គឺជាបទពិសោធន៍សម្រាប់សហគមន៍រៀបចំឲ្យបានល្អនៅពេលក្រោយទៀត៖ «រឿងសំរាមមិនមែនរឿងបុគ្គលម្នាក់ទេ គឺជារឿងយើងទាំងអស់គ្នា ហើយតាមផែ តាមកន្លែងផ្សេងៗយើងដាក់ធុងសំរាមដាក់ស្លាកសញ្ញាផ្សេងៗ ហើយតាមសារអេឡិចត្រូនិក គេបានផ្សព្វផ្សាយច្រើនហើយ»។
តួលេខរបស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ឲ្យដឹងថា រយៈបីថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានអ្នកទេសចរជាង ៧ម៉ឺននាក់ បានមកកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តរតនគិរី៕