គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃទី២០ មេសា ចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃ ដល់មន្ត្រី និងគ្រូបង្គោលរបស់ខ្លួន អំពីនីតិវិធី បទបញ្ជា និងគោលការណ៍ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មី។ មន្ត្រី គ.ជ.ប ចាត់ទុកថា នីតិវិធីថ្មីធានាភាពត្រឹមត្រូវច្រើន។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា នីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីអាណត្តិទី៤ មានភាពប្រសើរ ហើយអាចនឹងធានាភាពត្រឹមត្រូវ ចាប់តាំងពីការចុះឈ្មោះ រហូតដល់ការប្រកាសលទ្ធផលបោះឆ្នោត។
គ្រូបង្គោលនៅ គ.ជ.ប លោក ហេង គុច ដែលចូលរួមវគ្គបណ្ដុះបណ្ដាលនៅព្រឹកថ្ងៃទី២០ មេសា ចាប់អារម្មណ៍ថា គោលការណ៍ច្បាប់ និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៤ នេះ មានភាពត្រឹមត្រូវច្រើន ព្រោះអ្នកបោះឆ្នោតមានអត្តសញ្ញាណច្បាស់លាស់ ដូចជាក្រយៅដៃ រូបថត ហើយទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រដែលគ្រប់គ្រងបាន៖ «បញ្ជីបោះឆ្នោតហ្នឹងមួយហើយ ហើយអត្តសញ្ញាណប័ណ្ណខ្មែរដែលបញ្ជាក់អត្តសញ្ញាណទៅបោះឆ្នោតហ្នឹង ហើយនៅលើបញ្ជីបោះឆ្នោតហ្នឹង គឺមានរូបថតសាមីខ្លួនអ្នកបោះឆ្នោតហ្នឹងទៀត ពីមុនយើងអត់ដែលមានទេ។ ឥឡូវយើងមានរូបថតអ្នកបោះឆ្នោតនៅលើបញ្ជីបោះឆ្នោតហ្នឹង ហើយនិងមានកន្លែងទំនេរសម្រាប់អ្នកបោះឆ្នោតហ្នឹងចុះហត្ថលេខាទៀត ឃើញប្លែកពីមុនច្រើន។ កន្លែងហ្នឹងហើយដែលធានាបានច្រើន»។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បញ្ជាក់បន្ថែមថា នីតិវិធីច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ មានចំណុចពិសេសខុសពីអាណត្តិមុន ដែលបញ្ជីឈ្មោះមានរូបថត និងមានចន្លោះសម្រាប់ឲ្យអ្នកបោះឆ្នោតចុះហត្ថលេខា ដើម្បីបង្ការការបោះឆ្នោតស្ទួន៖ «គឺដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណសញ្ជាតិខ្មែរ។ អ៊ីចឹងយើងថាឯកសារមានតែមួយគត់ ដែលកំណត់នៅក្នុងមាត្រា៤៦ នេះ។ ប៉ុន្តែនៅក្នុងជំពូកអន្តរបញ្ញត្តិមាត្រា១៦៩ ចែងថា ប្រជាពលរដ្ឋដែលអត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គាត់អាចបោះឆ្នោតបានដោយប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត សម្រាប់ការបោះឆ្នោតពីរ គឺទីមួយ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។ មានន័យថា ផុត ២ឆ្នាំហ្នឹងទៅ គឺឆ្នាំ២០១៧ និង ២០១៨ សម្រាប់ការបោះឆ្នោតលើកក្រោយទៀត មានតែឯកសារតែមួយគត់សម្រាប់ការបោះឆ្នោត គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ»។
ទោះជាយ៉ាងនេះក្ដី លោកថាអ្នកបោះឆ្នោតដែលមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចសុំបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរឃុំ-សង្កាត់ និងគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់បាន ចាប់ពីថ្ងៃទី៤ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា។ លោកគូសបញ្ជាក់ទៀតថា ដើម្បីកុំឲ្យច្រឡំការិយាល័យបោះឆ្នោត ច្បាប់ថ្មីអនុញ្ញាតឲ្យ គ.ជ.ប បង្កើតការិយាល័យថ្មីនៅក្នុងភូមិដដែល ប្រសិនបើចំនួនអ្នកបោះឆ្នោតលើសពី ៧៥០នាក់៖ «ធៀបជាមួយច្បាប់ចាស់ គឺគេឲ្យអ្នកចំនួនដែលលើសនោះទៅការិយាល័យផ្សេងទៀតនៅក្នុងឃុំ។ អ៊ីចឹងវាធ្វើឲ្យអ្នកចុះឈ្មោះនៅក្នុងការិយាល័យមួយដែលនៅក្នុងភូមិមួយ បែរជាត្រូវតែផ្ទេរទៅបោះឆ្នោតនៅភូមិផ្សេង ដែលធ្វើឲ្យមានបញ្ហាកើតឡើងអំពីការរកការិយាល័យបោះឆ្នោតអត់ឃើញ។ អ៊ីចឹងសម្រាប់ការបោះឆ្នោតរបស់យើង ច្បាប់ថ្មីនេះ គឺកំណត់ថា ការិយាល័យបោះឆ្នោត គឺនៅក្នុងភូមិ។ អ៊ីចឹងបើសិនជាចំនួនលើសអ្នកបោះឆ្នោតនៅក្នុងការិយាល័យនៅក្នុងភូមិមួយហ្នឹង គឺត្រូវអាចបំបែក ឬក៏អាចផ្ទេរទៅការិយាល័យមួយទៀតនៅក្នុងភូមិដដែល ឬអាចបង្កើតការិយាល័យថ្មីមួយទៀត ប្រសិនបើចាំបាច់ ដែលធានាថាអ្នកបោះឆ្នោតមិនច្រឡំការិយាល័យទេ»។
អគ្គលេខាធិការរង គ.ជ.ប មួយរូបទៀត លោក ម៉ុក ដារ៉ា មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលនេះ គឺជាការពង្រឹងសមត្ថភាពគ្រូបង្គោល គ.ជ.ប ដែលនឹងត្រូវចុះទៅបង្រៀនដល់មន្ត្រីរៀបចំការបោះឆ្នោតផ្សេងទៀតនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្ត មន្ត្រីគណៈកម្មការឃុំ-សង្កាត់ និងមន្ត្រីការិយាល័យរៀបចំការបោះឆ្នោតបន្តទៀត។
លោក សោម សូរីដា ថ្លែងថា នៅពេលនេះ គ.ជ.ប នៅមិនទាន់ជ្រើសរើសមន្ត្រីសម្រាប់ការិយាល័យបោះឆ្នោតនៅឡើយទេ។ លោកឲ្យដឹងថា មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់នឹងជ្រើសរើសមន្ត្រីសម្រាប់ការិយាល័យបោះឆ្នោតនៅក្នុងខែឧសភា ខាងមុខ។ ការហ្វឹកហ្វឺននៅពេលនេះ គឺផ្ដោតសំខាន់លើគោលការណ៍ច្បាប់ស្ដីពីការបោះឆ្នោតថ្មី ត្រង់ជំពូកទី៩ ពាក់ព័ន្ធការគ្រប់គ្រងការបោះឆ្នោតជំពូកទី១០ ដល់ជំពូកទី១២ ពាក់ព័ន្ធការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ៕