ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត នៅថ្ងៃទី២០ មេសា កោះហៅពលរដ្ឋម្នាក់ដែលជាដើមបណ្ដឹងមកសាកសួរពីដំណើររឿងហិង្សាដោយចេតនា។ នេះជាការកោះហៅលើកទីពីរក្នុងខែមេសា បន្ទាប់ពីថ្ងៃទី៥ កន្លងទៅ អយ្យការអមសាលាដំបូងខេត្តកំពត ទើបតែបានកោះហៅពលរដ្ឋម្នាក់នេះទៅបំភ្លឺក្នុងនាមជាជនសង្ស័យ ជុំវិញបណ្ដឹងបរិហារកេរ្តិ៍ប្ដឹងដោយចុងចោទក្នុងសំណុំរឿងហិង្សារបស់គាត់។
ពលរដ្ឋដែលត្រូវបានតុលាការកោះហៅមកសាកសួរជុំវិញរឿងហិង្សាដោយចេតនានេះ គឺលោក ហេង មិត្ត រស់នៅភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ លោក ហេង មិត្ត បញ្ជាក់ប្រាប់អាស៊ីសេរីក្រោយចេញពីតុលាការនៅរសៀលថ្ងៃទី២០ មេសា ថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត លោក តុប ឈុនសុង បានសាកសួរលោកបន្ថែមអំពីបណ្ដឹងរបស់លោក ដែលប្ដឹងបុគ្គលឈ្មោះ ហ៊ាង គុន្ធី និងបក្ខពួកពីបទប្រើអំពើហិង្សាវាយដំ និងចងបង្ខាំងរូបលោក។
លោកសំណូមពរឲ្យតុលាការ ពន្លឿនសំណុំរឿងនេះ ដោយនាំខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់រូបលោក៖ «សូមអំពាវនាវឲ្យតុលាការចាប់ជនល្មើស រកយុត្តិធម៌ឲ្យខ្ញុំ ហើយធ្វើតាមច្បាប់ និងសងជំងឺចិត្ត ២០០លានរៀល និងសុំឲ្យតុលាការពន្លឿនសំណុំរឿងនេះ»។
លោក ហេង មិត្ត អះអាងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ រូបលោកបានធ្វើដំណើរទៅមើលដីដែលលោកធ្លាប់កាន់កាប់ចំនួន ៤ហិកតារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ប៉ុន្តែបែរជាត្រូវក្រុមបក្ខពួករបស់បុគ្គលឈ្មោះ ហ៊ាង គុន្ធី ដែលមានគ្នា ៥ ទៅ ៦នាក់ ព្រួតគ្នាវាយដំ និងចងបង្ខាំងលោកជាច្រើនម៉ោង។ លោកអះអាងថា មូលហេតុនៃអំពើហិង្សានេះ ដោយសារបក្ខពួករបស់បុគ្គល ហ៊ាង គុន្ធី ចោទលោកថាបានទៅរស់នៅ និងដាំដុះនៅលើដីរបស់ពួកគេ។
ក្រោយហេតុការណ៍នេះ លោក ហេង មិត្ត បានដាក់ពាក្យប្ដឹងឈ្មោះ ហ៊ាង គុន្ធី និងបក្ខពួកមួយចំនួនទៀត ពីបទប្រើអំពើហិង្សាលើរូបលោក។
លោកបញ្ជាក់ថា តុលាការខេត្តកំពត បានកោះហៅរូបលោកទៅបំភ្លឺលើពាក្យបណ្ដឹងនេះជាច្រើនលើក ក៏ប៉ុន្តែស្រាប់តែដើមខែមេសា នេះ ព្រះរាជអាជ្ញាអមតុលាការខេត្តកំពត លោក ឯក ឆេងហួត បានកោះហៅរូបលោកឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីសាកសួរពីដំណើររឿងបរិហារកេរ្តិ៍ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ហ៊ាង គុន្ធី ទៅវិញ។
ករណីបរិហារកេរ្តិ៍ប្ដឹងដោយចុងចោទលោក ហេង មិត្ត នេះ ត្រូវបានអង្គការសិទ្ធិមនុស្សចាត់ទុកថា ជាការបំបាក់ស្មារតីរបស់ពលរដ្ឋ។ លោក ហេង មិត្ត បានអំពាវនាវឲ្យស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត តម្កល់សំណុំរឿងនេះទុកឥតចាត់ការ ព្រោះការចោទលោកថា បានបរិហារកេរ្តិ៍នេះ មិនមែនជាការពិតនោះទេ តែការពិត គឺលោករងការគំរាមកំហែង និងវាយដំពីពួកគេទៅវិញ។
ទោះបីជាយ៉ាងណា មន្ត្រីតុលាការខេត្តកំពត មួយរូបដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេង បញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តកំពត កំពុងដំណើរការនីតិវិធីបណ្ដឹងបរិហារកេរ្តិ៍នេះ ដោយមិនមានការតម្កល់នោះទេ។ ប្រភពដដែលបន្តថា ករណីនេះ អាចបញ្ចប់ទៅបាន លុះត្រាតែភាគីដើមបណ្ដឹងសម្រេចដកពាក្យបណ្ដឹងរបស់ខ្លួន។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងដើមបណ្ដឹងឈ្មោះ ហ៊ាង គុន្ធី និងអ្នកពាក់ព័ន្ធផ្សេងទៀតបានទេ មកទល់នឹងថ្ងៃទី២០ មេសា ដើម្បីសុំការបកស្រាយបន្ថែមអំពីរឿងនេះ។
ជុំវិញរឿងនេះ មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពត លោក ហេង ភារៈ ថ្លែងថា ការវាយដំ និងចាប់ចងពលរដ្ឋនេះ គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដែលគួរតែតុលាការពន្លឿនករណីនេះ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។ លោកថា ការយឺតយ៉ាវវែកមុខចាប់ជនបង្ក និងបក្ខពួកយកមកផ្ដន្ទាទោសបែបនេះ ជះឥទ្ធិពលអាក្រក់ដល់សុវត្ថិភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក ហេង ភារៈ បញ្ជាក់ថា សមាគមអាដហុកបន្តជួយជ្រោមជ្រែងផ្នែកច្បាប់ដល់ជនរងគ្រោះក្នុងករណីនេះ ទាំងក្នុងបណ្ដឹងរឿងហិង្សា និងបណ្ដឹងបរិហារកេរ្តិ៍៖ «ដោយសារតែចំណាត់ការរឿងព្រហ្មទណ្ឌហ្នឹងសម្រាប់ជនរងគ្រោះមានភាពយឺតយ៉ាវ អ៊ីចឹងធ្វើឲ្យជនប្រព្រឹត្តិ និងបក្ខពួកមិនមានការខ្លាចរអាច្បាប់ទេ។ ជាបន្តបន្ទាប់ យើងតែងទទួលការរាយការណ៍ពីពលរដ្ឋអំពីការវាយដំ ដុតព្រៃ ដុតខ្ទម ដុតផ្ទះ ឬក៏មានករណីឈូសឆាយបំផ្លាញដំណាំរបស់ពួកគាត់នៅតែបន្ត។ នេះហើយវាធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ និងសន្តិសុខនៅតំបន់កើតហេតុហ្នឹង ដោយសារតែចំណាត់ការរបស់តុលាការមានភាពយឺតយ៉ាវ»។
បុគ្គលឈ្មោះ ហ៊ាង គុន្ធី និងបក្ខពួក ត្រូវបានប្រជាពលរដ្ឋភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ចោទថាជាអ្នកតែងគំរាមកំហែង និងប្រើហិង្សាបង្ខំពលរដ្ឋឲ្យចាកចេញពីផ្ទះសម្បែង និងដីធ្លីរបស់ពួកគាត់។ អ្នកភូមិក៏អះអាងដែរថា ពួកគេនេះហើយគឺជាឈ្មួញដីនៅពីក្រោយអ្នកមានឈ្មោះក្នុងបញ្ជីក្បាលដីត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ ដែលនាំឲ្យអ្នកភូមិផ្ទុះការតវ៉ាទាមទារឲ្យអាជ្ញាធរជំនាញ ចុះដោះស្រាយបញ្ហានេះបន្ទាន់ ដើម្បីកុំឲ្យពួកគាត់បាត់បង់ដីធ្លី៕