ពលរដ្ឋមានបញ្ហាដីធ្លីនៅភូមិ១ ក្នុងតំបន់បឹងកក់ បញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស មិនបានគោរពតាមសេចក្ដីសម្រេចរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដើម្បីដោះស្រាយដីធ្លីជូនពួកគាត់ដោយយុត្តិធម៌ឡើយ។ ការលើកឡើងនេះ ខណៈពួកគាត់បានយកញត្តិទៅដាក់នៅរដ្ឋសភា ក្រោយពីក្រសួងដែនដីឈប់ទទួលញត្តិពួកគាត់។
ពលរដ្ឋមានបញ្ហាដីធ្លីដែលសេសសល់ចំនួន ៧គ្រួសារមកពីភូមិ១ ស្ថិតក្នុងតំបន់បឹងកក់ និងដោយមានការចូលរួមពីពលរដ្ឋរងគ្រោះដីធ្លីមកពីតំបន់ផ្សេងទៀតប្រហែល ៣០នាក់ នៅថ្ងៃទី២០ មេសា បាននាំគ្នាយកញត្តិទៅដាក់នៅរដ្ឋសភាម្ដងទៀត ស្នើឲ្យប្រធានរដ្ឋសភា លោក ហេង សំរិន គួរសិក្សាអំពីមន្ត្រីថ្នាក់ក្រោមឱវាទខ្លួនឡើងវិញ ក្រោយពីពួកគាត់ចោទថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ហាក់មិនបានធ្វើតាមអ្វីដែលលោក ហេង សំរិន បង្គាប់ឲ្យដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ដោយតម្លាភាពឡើយ។
តំណាងពលរដ្ឋក្នុងភូមិ១ លោកស្រី ហុង សុខឃេង ថ្លែងថា លោក ប៉ា សុជាតិវង្ស ហាក់មានតួនាទីធំជាងលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទៅទៀត ព្រោះកន្លងមក លិខិតដែលលោក ហេង សំរិន ផ្ញើទៅដើម្បីឲ្យចាត់វិធានការដោះស្រាយបញ្ហាដីធ្លីឲ្យអ្នកភូមិ១ ក្នុងតំបន់បឹងកក់ដោយតម្លាភាព តែបែរជាលោក ប៉ា សុជាតិវង្ស មិនបានផ្ដល់តម្លៃដល់លិខិតនោះឡើយ៖ «លិខិតមួយរបស់លោក ហេង សំរិន ឲ្យលោក ប៉ា សុជាតិវង្ស ដោះស្រាយឲ្យខ្ញុំ ៥៣% គាត់អត់ធ្វើតាម។ ឯកឧត្តម ជា សុផារ៉ា ចេញលិខិតចំនួនពីរ គាត់ក៏អត់ធ្វើតាម។ អ៊ីចឹងខ្ញុំដើរដាក់ញត្តិនេះដើម្បីមន្ត្រីថ្នាក់លើមើលឡើងចំពោះមន្ត្រីថ្នាក់ក្រោម»។
ពលរដ្ឋទាំង ៧គ្រួសារដែលយកញត្តិទៅដាក់នៅរដ្ឋសភា គឺទាមទារដីទំហំតែ ៥ពាន់ម៉ែត្រការ៉េមកវិញ ដែលស្មើនឹង ៥៣% នៃផ្ទៃដីពួកគាត់សរុបប្រហែល ១ម៉ឺនម៉ែត្រការ៉េ ដែលត្រូវបានសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc) បានបូមខ្សាច់ពន្លិចដី និងផ្ទះសម្បែងពួកគាត់ដោយគ្មានសំណងកាលពីឆ្នាំ២០១០។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្ដី បកស្រាយថា ពលរដ្ឋដែលមានបញ្ហាដីធ្លីនៅបឹងកក់ទាំងអស់មានជិត ៤ពាន់គ្រួសារ ប៉ុន្តែខាងអាជ្ញាធរបានដោះស្រាយជិតអស់ហើយ និងនៅសល់មិនដល់ ២០គ្រួសារទៀតទេ ក្នុងនោះក៏មានពលរដ្ឋទាំង ៧គ្រួសារក្នុងភូមិ១ ដែរ។ លោកបន្តថា ថ្វីត្បិតតែខាងសាលារាជធានីភ្នំពេញ សម្រួលផ្ដល់ជូនពលរដ្ឋទាំង ៧គ្រួសារនេះ ដោយខ្លះទទួល ២ឡូត៍ រហូតទៅដល់ ៤ឡូត៍ ដែលជាទំហំផ្ទៃដីធំជាងអ្នកដែលព្រមទទួលសំណងផ្ទៃដីត្រឹមតែ ១ឡូត៍កាលពីពេលកន្លងមក ក៏ពួកគាត់នៅតែមិនព្រមទទួលយកទៀត។ ជាងនេះទៅទៀត លោក មេត មាសភក្ដី បញ្ជាក់ថា ការកាន់កាប់ផ្ទៃដីរបស់ពលរដ្ឋទាំង ៧គ្រួសារក្នុងតំបន់បឹងកក់នេះ ក៏មិនទាន់ស្របតាមច្បាប់ដែរ៖ «ដីរបស់គាត់ហ្នឹង ពុំមានប័ណ្ណកម្មសិទ្ធិទេ ការដែលគាត់ទិញបន្ត ឬបានដោយរបៀបណាកន្លងមក អានេះជាការកាន់កាប់របស់ពួកគាត់»។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋក្នុងភូមិ១ ម្នាក់ទៀត គឺលោកស្រី លី ចាន់ណារី ថ្លែងថា ដំបូងឡើយ ពលរដ្ឋក្នុងភូមិ១ ដែលមានបញ្ហាដីធ្លីមានចំនួន ១៣គ្រួសារ ប៉ុន្តែមាន ៦គ្រួសារទទួលបានដីពីសាលាក្រុង ៥៣% រីឯក្រុមលោកស្រីទាំង ៧គ្រួសារដែលសេសសល់នេះ ទទួលបានមិនដល់ ១០% ឡើយ៖ «ដីខ្ញុំមាន ៣.២៥០ម៉ែត្រការ៉េ សាលារាជធានីភ្នំពេញឲ្យបានតែ ២៨៨ម៉ែត្រការ៉េ»។
បន្ទាប់ពីដាក់ញត្តិបានសម្រេចនៅរដ្ឋសភា ក្រុមពលរដ្ឋប្រហែល ៣០នាក់ បានបន្តទៅដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តទៅដាក់នៅក្រសួងដែនដី ប៉ុន្តែក្រសួងដែនដី មិនបានបើកទ្វាររបង ដើម្បីទទួលញត្តិរបស់ពួកគាត់ទេ។ ការមិនបើកទ្វារទទួលញត្តិនេះ ត្រូវបានពលរដ្ឋស្រែកឌឺដង និងបានសែនចេក ព្រមទាំងដុតអាវ និងក្រមានៅក្បែររបងក្រសួងដែនដី ដើម្បីដាក់បណ្ដាសាឲ្យរលាយចំពោះស្ថាប័នណាដែលធ្វើបាបពួកគាត់។ ក្រុមពលរដ្ឋទាំងនេះ ក៏ព្រមានថា ក្នុងមួយសប្ដាហ៍ម្ដង នឹងលើកគ្នាទៅដាក់ញត្តិនៅក្រសួងដែនដីបន្តទៀត៕