រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា ប្រជាពលរដ្ឋទូទៅនៅមិនទាន់បានចូលរួមថែរក្សាបរិស្ថានឆ្នេរឲ្យមានអនាម័យនោះទេ ដោយពួកគេភាគច្រើននៅបន្តបោះចោលសំរាម ឬកាកសំណល់សល់ពីអាហារទទួលទាននៅតាមឆ្នេរ និងតាមផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់។
រដ្ឋបាលខេត្តព្រះសីហនុ កត់សម្គាល់ថា ទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសភ្ញៀវទេសចរជាតិដែលចូលមកកម្សាន្តខេត្តនេះ នៅពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលទើបបញ្ចប់ថ្មីៗនេះ គឺពួកគេមិនទាន់ចូលរួមវេចខ្ចប់កាកសំណល់សំរាម ឬសំណល់សល់ពីអាហារទទួលទានរៀងៗខ្លួនឲ្យបានត្រឹមត្រូវនៅឡើយទេ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា សាធារណជនទូទៅ ពិសេសភ្ញៀវទេសចរ គួរភ្ញាក់រលឹក និងលះបង់ទម្លាប់មិនល្អដែលធ្លាប់បោះចោលសំរាម ឬកាកសំណល់សល់ពីអាហារទទួលទានរបស់ខ្លួន ហើយងាកចូលរួមវេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកថែរក្សាបរិស្ថានឲ្យមានអនាម័យ។
លោក យន្ត មីន បន្តថា ការងារសម្អាតបរិស្ថាននៅតាមទីសាធារណៈ និងតំបន់ឆ្នេរសមុទ្រឲ្យមានអនាម័យ និងសោភណភាព ត្រូវចាប់ផ្ដើមពីពលរដ្ឋទាំងអស់គ្នា។ លោកថា ការងារថែរក្សាអនាម័យបរិស្ថាននៅតាមផ្លូវសាធារណៈ និងនៅតាមតំបន់ឆ្នេរសមុទ្រទាំងនៅលើដីគោក និងនៅឆ្នេរលើដីកោះ គឺកន្លងមករដ្ឋបាលក្រុងខេត្ត រួមជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធក្រោមឱវាទខេត្ត តែងបានចុះសម្អាតបរិស្ថាន ឬដើររើសសំរាមជារៀងរាល់ខែ ដើម្បីធ្វើជាគំរូបំផុសឲ្យពលរដ្ឋចូលរួម ប៉ុន្តែតាមការកត់សម្គាល់មិនសូវមានពលរដ្ឋចូលរួមនោះទេ៖ «»។
ទាក់ទិនបញ្ហានេះ អ្នកឃ្លាំមើលការងារអភិវឌ្ឍន៍សង្គម បានសំណូមពរដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរចូលមកទស្សនាខេត្តព្រះសីហនុ ត្រូវរួមគ្នាចូលរួមថែរក្សាបរិស្ថានតំបន់ឆ្នេរឲ្យមានសោភណភាពដើម្បីលើកកម្ពស់កិត្តិយសជាតិ តាមរយៈការរួមគ្នាសម្អាតបរិស្ថានទីសាធារណៈ ឬតំបន់ឆ្នេរឲ្យមានអនាម័យជាប្រចាំ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ កត់សម្គាល់ថា ទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរដែលចូលមកកម្សាន្តខេត្តនេះកន្លងមក គឺពួកគេមិនសូវចាប់អារម្មណ៍លើការងារថែរក្សាសម្អាតបរិស្ថាននេះទេ។ អ្នកស្រីបន្តថា ទម្លាប់អាក្រក់បោះចោលសំរាម ឬកាកសំណល់សល់ពីអាហារទទួលទាននេះ មានទាំងពលរដ្ឋមានជីវភាពក្រីក្រ រហូតដល់អ្នកមានលុយកាក់ស្ដុកស្ដម្ភ ឬជិះឡានមានតម្លៃខ្ពស់ គឺពួកគេហាក់មិនខ្វល់ចំពោះការវេចខ្ចប់កាកសំណល់ ឬការងារថែរក្សាបរិស្ថាននេះទេ។
អ្នកស្រី សុធារី ឲ្យដឹងទៀតថា នៅពេលមានពិធីបុណ្យទានចូលមកដល់ម្តងៗ ឃើញប្រជាពលរដ្ឋភាគច្រើនបានបោះចោលកាកសំណល់សំរាម ឬសំណល់សល់ពីអាហារនៅតាមទីសាធារណៈគ្មានសណ្ដាប់ធ្នាប់ទេកន្លងមក។
ទន្ទឹមគ្នានេះ អ្នកឃ្លាំមើលសង្គមរូបនេះក៏បានលើកទឹកចិត្តចំពោះប្រជាពលរដ្ឋ ឬភ្ញៀវទេសចរមួយចំនួនដែលបានរួមសហការសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ និងនៅតាមតំបន់ឆ្នេរដោយបានវេចខ្ចប់កាកសំណល់សល់ពីអាហារទទួលទានបានត្រឹមត្រូវ និងទុកដាក់មានរបៀបរៀបរយ៖ «»។
ក្នុងនាមមន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គមប្រចាំខេត្តព្រះសីហនុ អ្នកស្រី សុធារី បានរំលឹកដល់ប្រជាពលរដ្ឋទូទៅរស់នៅមូលដ្ឋាននេះ ពិសេសភ្ញៀវទេសចរដែលកន្លងមកធ្លាប់មានទម្លាប់អាក្រក់បោះចោលសំរាម ឬកាកសំណល់គ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ គួរល្មមលះបង់ទម្លាប់មិនល្អនេះចោល និងងាកមករួមគ្នាថែរក្សាបរិស្ថានសាធារណៈឲ្យមានអនាម័យ៖ «»។
ចំណែកអាជីវករលក់ដូរចំណីអាហារនៅឆ្នេរអូរឈើទាល ទទួលស្គាល់ថា ពិតជាមានភ្ញៀវទេសចរភាគច្រើនដែលអង្គុយទទួលទានអាហារនៅពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះនៅតាមតូប ឬតុអង្គុយ ពួកគេបានបោះចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់ពិតមែន ទោះបីម្ចាស់តូបលក់ដូរដាក់កន្ត្រក ឬធុងសំរាមសម្រាប់ដាក់កាកសំណល់បែបណាក្ដី។
អាជីវករលក់ដូរនៅឆ្នេរអូរឈើទាល លោក គឹម សុខ ឲ្យដឹងថា កាកសំណល់សំរាមត្រូវបានប្រជាពលរដ្ឋ ឬភ្ញៀវទេសចរដែលចូលមកកម្សាន្តតាមឆ្នេរអំឡុងពិធីបុណ្យចូលឆ្នាំបោះចោលគ្មានរបៀបរៀបរយពិតមែន។
ផ្ដល់សម្ភាសន៍ពេលកំពុងបោសសំអាតកាកសំណល់សំរាមសល់ពីអាហារទទួលទានដែលភ្ញៀវទេសចរបោះចោលនៅតាមឆ្នេរអូរឈើទាល លោក គឹម សុខ បញ្ជាក់ថា មានភ្ញៀវខ្លះ ទោះបីម្ចាស់ហាងបានផ្ដល់ជូនធុងសំរាមសម្រាប់ដាក់កាកសំណល់នៅតាមតុអង្គុយនីមួយៗក៏ដោយ ប៉ុន្តែពួកគាត់មិនបានដាក់កាកសំណល់ទាំងនោះចូលទៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវទេ ហើយបានបោះចោលពាសវាលពាសកាល៖ «»។
ទោះជាយ៉ាងនេះក្តី លោក គឹម សុខ ទទួលស្គាល់ថា បើធ្វើការប្រៀបធៀបគំនិតយល់ដឹងពីការទុកដាក់សំរាម ឬការវេចខ្ចប់កាកសំណល់សំរាមក្នុងឱកាសបុណ្យចូលឆ្នាំៗនេះ ទៅនឹងបុណ្យចូលឆ្នាំៗមុន សង្កេតឃើញថា ឆ្នាំនេះភ្ញៀវទេសចរហាក់មានការយល់ដឹងការងារសម្អាតបរិស្ថាន ឬរក្សាកាកសំណល់បានប្រសើរជាងឆ្នាំមុន។
ព្រមជាមួយគ្នានេះ អាជីវករឆ្នេរអូរឈើទាល បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរស្ថាប័នពាក់ព័ន្ធ ត្រូវបន្ថែមធុងសំរាមនៅតាមផ្លូវ ឬតាមតំបន់ឆ្នេរឲ្យបានច្រើនថែមទៀត ព្រោះធុងសំរាមសម្រាប់ទុកដាក់កាកសំណល់រាល់ថ្ងៃនេះ មិនមានចំនួនគ្រប់គ្រាន់ទេ។ លោក គឹមសុខ ក៏ស្នើដល់ប្រតិបត្តិករទេសចរណ៍ ឬអាជីវករនៅតាមទីតាំងបម្រើសេវាទេសចរណ៍នីមួយៗ ត្រូវចូលរួមការងារសម្អាតបរិស្ថានឆ្នេរ និងទីសាធារណៈ ជាមួយអាជ្ញាធរឲ្យបានទាំងអស់គ្នាដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀតនៅថ្ងៃអនាគត៖ «»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បង្ហាញមោទនភាពដែលក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំៗនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរកើនជាង ១០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ ដោយទទួលបានភ្ញៀវទេសចរសរុបជាង ១៤ម៉ឺន ៣ពាន់នាក់ (១៤៣.៥៩៧)។
លោក តាំង សុចិត្រគ្រឹស្នា ទទួលស្គាល់ថា បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ កាកសំណល់សំរាមត្រូវបានប្រជាពលរដ្ឋ ឬភ្ញៀវទេសចរបោះចោលគ្មានសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈ និងនៅតាមតំបន់ឆ្នេរមួយចំនួនពិតមែន។ លោកស្នើដល់សាធារណជនទូទៅត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានទាំងអស់គ្នា ដើម្បីថែរក្សាសុខភាពនៅតាមក្រុមគ្រួសារនីមួយៗ និងលើកកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ៕