គ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត នៃសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ស្នើដល់ស្ថាប័នពាក់ព័ន្ធ ជួយសង់ទីស្នាក់ការ ឬទីកន្លែងស្នាក់នៅជូនគ្រូបង្រៀនដែលមកពីតំបន់ឆ្ងាយ ហើយត្រូវមកបង្រៀនកុមារតូចៗនៅសាលានេះ។
ក្រុមគ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត នៃសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បង្ហាញពីផលវិបាកខ្វះជម្រកស្នាក់នៅប្រចាំថ្ងៃ បន្ទាប់ពីត្រូវស្ថាប័នអប់រំបញ្ជូនពីតំបន់ផ្សេងៗមកប្រចាំការបង្រៀនសិស្សនៅលើកោះរ៉ុងរួចមក។
គ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត លោក ថាន់ ហ៊ុល បានអំពាវនាវតាមរយៈអាស៊ីសេរី ស្នើដល់រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ជួយសង់ទីជម្រកជូនគ្រូបង្រៀនប្រចាំការនៅលើកោះរ៉ុង ដើម្បីអាចបន្តការបង្រៀនកុមារតូចៗនៅលើកោះមួយនេះស្របតាមក្រសួងអប់រំ ព្រោះទីកន្លែងធ្លាប់ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសុខសាន្ត ត្រូវបានគេរុះរើចេញដើម្បីអភិវឌ្ឍមូលដ្ឋាន។
គ្រូបង្រៀនរូបនេះឲ្យដឹងថា មានគ្រូបង្រៀនចំនួន ៤នាក់បានមកប្រចាំការបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត នៃសង្កាត់កោះរ៉ុង នេះ៖ «គ្រូបង្រៀនពួកខ្ញុំនៅសាលាបឋមសិក្សាសុខសាន្តនេះ គឺខ្វះផ្ទះសម្រាប់ផ្តល់ជូនគ្រូស្នាក់នៅ ព្រោះកន្លងមកបានស្នាក់នៅបណ្ដោះអាសន្ននៅក្នុងទីស្នាក់ការភូមិ តែពេលនេះត្រូវរុះរើចេញ»។
លិខិតចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ញើជូនលោក សេង ហ៊ួលាង ចៅសង្កាត់រងទី២ នៃសង្កាត់កោះរ៉ុង លោក ខាន់ ពិសិដ្ឋ នាយកសាលាបឋមសិក្សាសុខសាន្ត បានស្នើដល់ស្ថាប័នក្រសួងអប់រំ និងផ្នែកពាក់ព័ន្ធ ជួយសង់អគារស្នាក់នៅជូនបុគ្គលិកអប់រំ ឬជូនគ្រូបង្រៀននៅមូលដ្ឋានភូមិសុខសាន្ត ចំនួន ១ខ្នងមាន ៣បន្ទប់ឲ្យបានឆាប់។
លោកបន្តថា កន្លងទៅ ក្រុមគ្រូបង្រៀននៅសាលាបឋមសិក្សានេះបានស្នាក់នៅបណ្ដោះអាសន្នក្នុងទីស្នាក់ការភូមិសុខសាន្ត ប៉ុន្តែបច្ចុប្បន្ននេះ ទីស្នាក់ការនេះត្រូវបានរុះរើចេញ នាំឲ្យគ្រូបង្រៀនគ្មានជម្រក។ លើសពីនេះ ក្នុងឆ្នាំសិក្សា២០១៦ – ២០១៧ នេះ មានស្ត្រីជាគ្រូបង្រៀនម្នាក់ត្រូវបានមន្ទីរអប់រំខេត្តព្រះសីហនុ បញ្ជូនឲ្យចុះមកបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត នេះ ប៉ុន្តែថ្នាក់ដឹកនាំសាលានេះគ្មានលទ្ធភាពសង់ជម្រកជូន ដើម្បីស្នាក់នៅឲ្យបានសមរម្យទេ។
ចៅសង្កាត់រងទី២ នៃសង្កាត់កោះរ៉ុង លោក សេង ហ៊ួលាង ទទួលស្គាល់ថា គ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត ក្រុងព្រះសីហនុ ដែលមកប្រចាំការបង្រៀនជាអចិន្ត្រៃយ៍នៅលើកោះរ៉ុង នេះ មិនមានជម្រកស្នាក់នៅឲ្យបានសមរម្យពិតមែន។ លោកបានបញ្ជូនសំណើសុំអគារសម្រាប់គ្រូបង្រៀនស្នាក់នៅ ១ខ្នងមាន ៣បន្ទប់របស់នាយកសាលាបឋមសិក្សាសុខសាន្ត ដាក់ជូនថ្នាក់ដឹកនាំស្ថាប័នអប់រំ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ។
អាណាព្យាបាលកុមារតូចៗនៅភូមិសុខសាន្ត នៃសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ បានឲ្យដឹងដែរថា គ្រូបង្រៀនដែលមកបង្រៀនសិស្សជាអចិន្ត្រៃយ៍នៅលើកោះនេះ ពិតជាខ្វះជម្រកសម្រាប់ស្នាក់នៅ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដូចការត្អូញត្អែរពិតមែន។ អាណាព្យាបាលសិស្សឲ្យដឹងថា កន្លងទៅ ជីវភាពរស់នៅប្រចាំថ្ងៃមួយផ្នែករបស់គ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត គឺបានទទួលការឧបត្ថម្ភបន្តិចបន្តួចពីអាណាព្យាបាលសិស្ស ដែលមានលំនៅឋាននៅជិតរបងសាលាបឋមសិក្សាសុខសាន្ត សម្រាប់ទ្រទ្រង់ជីវភាព៕