សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ អំពាវនាវឲ្យពលរដ្ឋគ្រប់រូបបន្តគោរពច្បាប់ និងបើកបរមានក្រមសីលធម៌ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការអំពាវនាវនេះ បន្ទាប់ពិនិត្យឃើញករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា នៃខេត្តទាំងពីរក្នុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៧ មានការថយចុះ ហើយពុំសូវមានស្ថានភាពធ្ងន់ធ្ងរដូចឆ្នាំមុន។
នគរបាលចរាចរណ៍ផ្លូវគោកមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋនៅតែតក់ស្លុត និងព្រួយបារម្ភចំពោះករណីមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលមានយានជំនិះស្អេកស្កះធ្វើចរាចរលើផ្លូវក្នុងអំឡុងពេលបុណ្យទានម្ដងៗ។ ប៉ុន្តែសមត្ថកិច្ចខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងថា អ្នកប្រើប្រាស់ផ្លូវកាន់តែយល់ដឹងច្បាស់ពីច្បាប់ ទើបការធ្វើចរាចរណ៍នៅខេត្តទាំងពីរមានភាពប្រសើរ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡុច សុវណ្ណារ៉ា ឲ្យដឹងនៅថ្ងៃទី១៨ ខែមេសា ថា រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បីលើកបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងបួននាក់របួស។ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ មានគ្រោះថ្នាក់បីករណីដូចគ្នា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ប៉ុន្តែក្នុងនោះមានមនុស្សរបួសធ្ងន់ស្រាលចំនួន ៩នាក់។
លោកបន្ថែមថា ការបើកបរដោយគោរពច្បាប់ និងមានសីលធម៌គឺជារឿងចាំបាច់របស់អ្នកប្រើប្រាស់ផ្លូវក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ លោកថា នៅមុនពេលបុណ្យចូលឆ្នាំខ្មែរអាជ្ញាធរមានសមត្ថកិច្ចបានចុះអប់រំស្ដីពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋតាមមូលដ្ឋាន និងផ្សាយតាមវិទ្យុ ស្របពេលដែលសមត្ថកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសការបើកបរលើសល្បឿន។
លោក ឡុច សុវណ្ណារ៉ា៖ «មានតែការងាររឹតបន្ដឹងមួយមិនទទួលបានជោគជ័យទេ សំខាន់ឲ្យគាត់មានការយល់ដឹង ហើយគាត់ចូលរួម។ មើលទៅរយៈពេលបីថ្ងៃនេះមានស្លាប់តែម្នាក់ទេ អ៊ីចឹងបានថា បីថ្ងៃស្លាប់ម្នាក់ វាដូចនៅថា ប្រជាជននៅក្នុងខេត្តយើងបានគោរពច្បាប់ហើយ ការស្លាប់នេះដោយសារគាត់បើកបរលើសល្បឿនហើយក្នុងស្ថានភាពស្រវឹងផង។ អ៊ីចឹងដូចជាពុំមានការអីប្រែប្រួលទេ បើប្រៀបធៀបទៅឆ្នាំមុន ឃើញថាស្មើគ្នា រួចអ្នកស្លាប់ក៏ស្មើគ្នាដែរ ប៉ុន្តែអ្នករបួសឆ្នាំនេះបានថយចុះ»។
ចំណែកនៅខេត្តពោធិ៍សាត់ រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧ករណី បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ១៨នាក់។ តួលេខនេះថយចុះជាងឆ្នាំមុន ពោលគឺគ្រោះថ្នាក់មាន ៩ករណី បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ២០នាក់។ ករណីគ្រោះថ្នាក់ភាគច្រើនបណ្ដាលមកពីការបើកបរលើសល្បឿន ឬបើកបរក្នុងស្ថានភាពស្រវឹង។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោក រស់ ចំរើន បានថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញសំឡេងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នមិនស្ថិតក្នុងស្ថានភាពអាក្រក់ ឬបារម្ភខ្លាំងនោះទេ ព្រោះសមត្ថកិច្ចបានចុះអប់រំផ្សព្វផ្សាយដល់មូលដ្ឋាន និងតាមរយៈវិទ្យុ ដែលធ្វើឲ្យអ្នកបើកបរភាគច្រើនយល់ដឹងពីច្បាប់ចរាចរណ៍៕