សមាគមលើកកម្ពស់ម្រេចកំពត គ្រោងប្រមូលផលម្រេចរបស់ខ្លួនឲ្យបានប្រមាណ ១០០តោននៅឆ្នាំ២០១៧ នេះ។ ការរំពឹងទុកនេះ ដោយសារតែកត្តាអំណោយផលនៃអាកាសធាតុ។ ខាងក្រសួងកសិកម្ម និងអ្នកជំនួញ បញ្ជាក់ថា មិនមានអ្វីត្រូវព្រួយបារម្ភឡើយទាក់ទងនឹងម្រេចកំពត ក៏ប៉ុន្តែម្រេចនៅតំបន់ដទៃ ត្រូវតែមានការយកចិត្តទុកដាក់ទាំងបញ្ហាគុណភាព និងទីផ្សារ។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត លោក ងួន ឡាយ បញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៨ ខែមេសា ថា ទិន្នផលម្រេចកំពតនៅឆ្នាំនេះ នឹងមានការកើនឡើងច្រើនជាងឆ្នាំមុនៗ ដោយសារតែអាកាសធាតុអំណោយផលល្អ មានភ្លៀងកក់ខែជាប្រចាំ ជាហេតុធ្វើឲ្យផលិតករទាំងអស់មិនមានក្តីបារម្ភអំពីបញ្ហាគ្រោះរាំងស្ងួតឡើយ។ លើសពីនេះ ម្រេចកំពតនៅឆ្នាំនេះមានអតិថិជនបញ្ជាទិញច្រើន ធ្វើឲ្យផលិតករមិនបារម្ភពីបញ្ហាទីផ្សារឡើយ ហើយម្យ៉ាងដោយសារតែម្រេចកំពត ត្រូវបានចុះបញ្ជីជាទំនិញសម្គាល់ទីតាំងភូមិសាស្ត្រ (Geographical Identification) ទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ៖ «សម្រាប់ឆ្នាំ២០១៧ នេះ យើងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ដោយសារអាកាសធាតុឆ្នាំនេះមានភ្លៀងកក់ខែច្រើន។ ជាច្រើនឆ្នាំហើយ ទើបជួបម្តងទេ ដូច្នេះយើងអត់ភ័យព្រួយរឿងទឹកទេ។ យើងសង្ឃឹមថា ម្រេចឆ្នាំនេះវាមានគ្រាប់ល្អ។ យើងសង្ឃឹមថាយើងនឹងលក់ផលិតផលយើងអស់ អត់មានឲ្យសល់ទេ ដោយសារយើងឃើញមានការបញ្ជាទិញច្រើន»។
លោក ងួន ឡាយ បញ្ជាក់ថា ផ្ទៃដីដាំដុះម្រេចកំពតនៅឆ្នាំ២០១៧ នេះ មានចំនួន ២១០ហិកតារ ហើយផ្ទៃដីប្រមូលផលមានចំនួន ១០០ហិកតារ។ បច្ចុប្បន្ន កសិករ និងផលិតករ កំពុងប្រមូលផលម្រេចរបស់ខ្លួនបានប្រហែល ៥០ ទៅ ៦០ភាគរយហើយ ហើយតាមការរំពឹងទុក ទិន្នផលនៅឆ្នាំនេះនឹងកើនដល់ ១០០តោន។
កាលពីឆ្នាំ២០១៦ កន្លងទៅ ម្រេចកំពតដែលផលិតតាមស្តង់ដារ និងលក់ចេញទៅផ្សារនៅឆ្នាំ២០១៦ មានចំនួន ៥៣តោន។ ប្រហែលជា ៧០ភាគរយនៃចំនួនម្រេចនេះ ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងប្រហែល ៣០ភាគរយទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម លោក ខាន់ សំបាន បញ្ជាក់ថា ក្រសួងមិនមានការបារម្ភអ្វីឡើយចំពោះទីផ្សារម្រេចកំពត ព្រោះម្រេចកំពតមានលក្ខណៈពិសេស និងមានឈ្មោះជាទំនិញសម្គាល់ទីតាំងភូមិសាស្ត្រ ក៏ប៉ុន្តែក្រសួងកំពុងខ្នះខ្នែងជួយកសិករដាំម្រេចនៅតំបន់ដទៃទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដើម្បីធ្វើយ៉ាងណាឲ្យតម្លៃម្រេចទាំងនោះកើនឡើង៖ «ក្រសួងកសិកម្ម ពិសេសអគ្គនាយកដ្ឋានកសិកម្ម កំពុងជួយបង្កើន និងជំរុញម្រេចនៅតំបន់ផ្សេងៗឲ្យកើតទៅជាសហគមន៍ ឬសមាគមម្រេច ដើម្បីងាយស្រួលផ្តល់បច្ចេកទេសដល់គាត់។ យើងជួយជ្រោមជ្រែងបញ្ហាហ្នឹង ព្រោះចង់ឲ្យម្រេចទូទាំងប្រទេសយើងមានតម្លៃសមរម្យ ព្រោះឥឡូវនេះដោយសារម្រេចក្រៅពីម្រេចកំពត ហ្នឹង តម្លៃទាបជាងម្រេចកំពតឆ្ងាយណាស់»។
អ្នកជំនួញម្រេចកំពត លោកវេជ្ជបណ្ឌិត ហៃ លីអៀង ដែលជាអគ្គនាយកក្រុមហ៊ុន ខុនហ្វីរ៉ែល (Confirel) ថ្លែងថា ក្រុមហ៊ុនរបស់លោកនឹងនាំចេញម្រេចកំពតទៅទីផ្សារអន្តរជាតិចំនួន ១៥តោននៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។ លោកថា ម្រេចកំពតមានសក្ដានុពលខ្ពស់ និងបានបើកទីផ្សារឲ្យអន្តរជាតិស្គាល់ម្រេចរបស់កម្ពុជា ដូចនេះរដ្ឋាភិបាលគួរតែរិះរកវិធីសាស្ត្រយ៉ាងណាឲ្យម្រេចនៅតំបន់ផ្សេងទៀតក្នុងប្រទេស មានទីផ្សារប្រសើរជាងនេះ ជំនួសឲ្យការនាំចេញទៅប្រទេសវៀតណាម ដែលធ្វើឲ្យវៀតណាម ក្លាយជាប្រទេសឈានមុខគេក្នុងការនាំចេញម្រេចនៅលើទីផ្សារពិភពលោក៖ «ម្រេចកំពតបានបើកទីផ្សារមួយឲ្យគេស្គាល់ម្រេចខ្មែរយើង ដូច្នេះយើងត្រូវតែមានគម្រោងដើម្បីភ្ជាប់ម្រេចផ្សេងទៀតជាមួយម្រេចកំពត ដូចជាម្រេចមេមត់ ម្រេចរតនគិរី ម្រេចព្រះវិហារ ជាដើម ពីព្រោះឥឡូវគេស្គាល់ម្រេចកំពត គេដឹងថាម្រេចហ្នឹងចេញពីខ្មែរ ប៉ុន្តែគេអត់ដឹងថាស្រុកយើងហ្នឹងមានកន្លែងផ្សេងទៀតដាំម្រេចច្រើនជាងម្រេចកំពតហ្នឹងទៅទៀត។ គ្រាន់តែយើងនិយាយពីម្រេចមេមត់ មានប្រហែល ៥ ទៅ ៦ពាន់តោនបាត់ទៅហើយ ប៉ុន្តែភាគច្រើនគេអត់បានដឹង។ អ៊ីចឹងត្រឡប់មកវិញវាហួសសមត្ថភាពអ្នកដាំ វាជានយោបាយរបស់រដ្ឋាភិបាល ដើម្បីបង្កើតបណ្ដាញអស់ទាំងហ្នឹង»។
ម្រេចកំពតចែកជា ៤ប្រភេទ គឺម្រេចស ម្រេចក្រហម ម្រេចខ្មៅ និងម្រេចបៃតង ឬម្រេចខ្ចី។ នៅក្នុងរដូវប្រមូលផលនេះ ម្រេចកំពតនៅរក្សាតម្លៃដដែលដូចកាលពីឆ្នាំ២០១៦ ដែរ ដោយម្រេចសមានតម្លៃ ២៨ដុល្លារ ម្រេចក្រហម ២៥ដុល្លារ ម្រេចខ្មៅ ១៥ដុល្លារ និងម្រេចបៃតងមានតម្លៃ ៣ដុល្លារក្នុង ១គីឡូក្រាម៕