Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្ចាស់​ហាង​ម៉ាស្សា​នៅខេត្ត​សៀមរាប​ពី​បទ​មនុស្សឃាត

$
0
0

តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្ចាស់​​ហាង​ម៉ាស្សា​ម្នាក់ នៅ​រសៀល​ថ្ងៃ​ទី១៨ មីនា ក្រោម​បទ​ចោទ មនុស្សឃាត​ដោយ​អចេតនា បន្ទាប់​ពី​មាន​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ភ្លើង​ឆក់ នៅ​មុខ​ហាង​ម៉ាស្សា​នោះ​ក្នុង​ពេល​លេង​បាច​ទឹក​ដាក់​គ្នា​នៅ​យប់​ចុង​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ។ ទោះ​ជាយ៉ាងណា​សង្គម​ស៊ីវិល​រិះគន់​ សមត្ថកិច្ច​ថា មិន​បាន​ចុះ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​នៅ​មុន​ថ្ងៃ​កើត​ហេតុ និង​ខ្វះ​ការ​ទទួល​ខុសត្រូវ​របស់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជាដើម។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង អះអាងនៅថ្ងៃទី១៨ មេសា ថា ស្ត្រី​ម្ចាស់​ហាង​ម៉ាស្សាឈ្មោះ បារាយ ស្ប៉ា (Baray Spa) គឺ​អ្នកស្រី មាស សុភក្ដិ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំ​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី១៨ មេសា បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ។

ប្រធាន​ការិយាល័យ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លោក ដួង សុខា ឲ្យ​អាស៊ីសេរិ​ដឹង​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ រក​ឃើញ​ថា ការ​ស្លាប់​របស់​ក្មេង​ស្រី​នេះ អាច​បណ្ដាល​ពី​ការ​ធ្វេស​ប្រហែល របស់​ម្ចាស់​ហាង​ដែល​ត​ភ្លើង​បំភ្លឺ​ខុស​បច្ចេកទេស ទើប​បណ្ដាល​ឲ្យ​ក្មេង​ស្រី​នោះ​ឆក់ ដោយ​ដួល​ទៅ​ទប់​នឹង​សសរ​សំយាប​រោង​មុខ​ហាង៖ «ធម្មតា​ខ្សែ​ភ្លើង​ហ្នឹង​គាត់​(ម្ចាស់​ហាង) បាន​ចេញ​ពី​ហាង​គាត់​មក ដោយ​គាត់​បាន​ដាក់​ខ្សែ​នឹង​ស៊ក​ទុយោ​ ដែល​មាន​ហ្រ្វី​ប្រអប់​៤​ជ្រុង​មួយ ដាក់​ក្បែរ​ស្លាក​ម៉ាស្សា​គាត់។ ពេល​ហ្នឹង​ខ្សែ​គាត់​ដោត​លើ​ឌុយ​លើ​ការ៉ូ​ហ្នឹង​​ឯង ដោយ​មិន​បាន​ព្យួរ​ឲ្យ​ផុត​ពី​ការ៉ូ​ទេ ហើយ​ពេល​ដែល​ទឹក​ដាម​ខ្លាំង​ទៅ ហើយ​មនុស្ស​ចង្អៀត​កកកុញ ប្រហែល​អាច​ជន​រងគ្រោះ​​ចូល​ទៅ​ទិញ​អាហារ ឬ​ស្ប៉ា​យ៉ាងម៉េច! គាត់(ជនរងគ្រោះ) ទៅ​ជាន់​ប្រអប់​ហ្វ្រី​ហ្នឹង។ យើង(មន្ត្រី​ជំនាញ) ពិនិត្យ​ទៅ​ប្រអប់​ហ្វ្រី​ហ្នឹង​មាន​ស្នាម​បែក​ថ្មី ហើយ​ខាង​បច្ចេកទេស​សន្និដ្ឋាន​ថា ប្រហែល​ជា​ជាន់ ដោយសារ​ស្នាម​កែង​ជើង​ជនរងគ្រោះ​មាន​ស្នាម​ឆក់»

លើស​ពី​នេះ លោក ដួង សុខា បន្ថែម​ថា តាម​ចម្លើយ​បងស្រី​ម្នាក់​របស់​ជនរងគ្រោះ​ឲ្យ​ដឹង​ថា នាង​ក៏​ឆក់​ដែរ ខណៈ​នាង​នៅ​ក្បែរ​​ប្អូនស្រី​ដែល​ខ្សែ​ភ្លើង​ឆក់​នោះ ប៉ុន្តែ​នាង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ ដោយ​មិត្តភ័ក្ដិ។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​ដែល​ឆក់​ស្លាប់​​នោះ​ទេ នៅ​​ថ្ងៃ​ទី១៨ មេសា នេះ ដោយ​ពួកគេ​កំពុង​រវល់​ធ្វើ​ពិធី​បុណ្យ​សព។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​យប់​រលង​អាធ្រាត្រ​ថ្ងៃ​ចុង​ក្រោយ នៃ​ពិធី​បុណ្យ​ចូលឆ្នាំ នៅ​លើ​ផ្លូវ​ផាប់​​​​ស្ទ្រីត(Pub Street) តំបន់​​ផ្សារ​ចាស់ កណ្ដាល​ទី​ក្រុង​សៀ​ម​រាប ខណៈ​ហ្វូង​មនុស្ស​ជាច្រើន​កុះ​ករ​កំពុង​ប្រជ្រៀតគ្នា​​​លេង​​ជះ​ទឹក និង​ប៉ាត​ម្សៅ។

ទោះជាយ៉ាងណាក៏ដោយ​ចំណាត់​ការ​របស់​សមត្ថកិច្ច ដែល​បញ្ជូន​ស្ត្រី​ម្ចាស់​ហាង​ទៅ​តុលាការ​នៅ​ពេល​នេះ បាន​រង​ការ​រិះគន់​ថា សមត្ថកិច្ច​មិន​ចុះ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​នៅ​មុន​ថ្ងៃ​កើត​ហេតុដូច​ករណី​ស្លាប់​នៅ​កោះពេជ្រ​ជាដើម។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​គឺ​លោក ប៉ីប៉ីឌី (PeyPey Dy) បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​រិះគន់​ថា ហេតុអ្វី​បាន​សមត្ថកិច្ច​មិន​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​នៅ​មុន​ថ្ងៃ​កើត​ហេតុ។ «ចេះ​តែ​មាន​ហើយ ខ្ញុំ​ដឹង​ថា វា​ជា​ច្បាប់ តែ​គេ​ម្ចាស់​ហាង​គ្មាន​ដឹង​អី​សោះ ទើប​តែ​មាន​រឿង​បាន​មក​ចាប់​គ្នា​ថា​ធ្វេស​ប្រហែស ចុះ​មុន​ថ្ងៃ​ចូលឆ្នាំ ម៉េច​អស់​លោក​អាជ្ញាធរ​មិន​ចុះ​ត្រួត​ពិនិត្យ​អោយ​ល្អិន​ល្អន់​ទៅ ម៉េច​បាន​ចាំ​ទាល់​តែ​មាន​រឿង​កើត​ឡើង​ទើប​មក​រក​រឿង​គ្នា! អាណិត​ម្ចាស់​ហាង! ចុះ​ករណី​កោះពេជ្រ តើ​គួរ​ចាប់​អ្នក​ណា

កាល​ពី​ឆ្នាំ​២០១០ ចំ​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះរាជពិធី​បុណ្យ​អុំទូក មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥៣​នាក់​ស្លាប់ និង​៣៩៣​នាក់​រង​របួស នៅ​លើ​ស្ពាន​ពេជ្រ ខណៈ​អ្នក​រស់​ពី​ការ​ស្លាប់​​មិន​បាន​ដឹង​ថា ហេតុការណ៍​នេះ​បណ្ដាល​ពី​អ្វី​ឲ្យ​ពិត​ប្រាកដ​ទេ ដោយ​ត្រឹម​លឺ​ពី​អ្នក​នៅ​ជាប់​លើ​ស្ពាន​ជាមួយ​គ្នា​ស្រែក​ថា ឆក់​ជាដើម។ ចំណែក​អាជ្ញាធរ​មិន​បាន​ស៊ើបអង្កេត​រក​មូលហេតុ​ឡើយ ដោយ​បាន​ត្រឹម​អះអាង​ថា ជា​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​ស្លាប់​តែ​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​មន្ត្រី​ណាមួយ​ទទួល​ខុស​ត្រូវ​ឡើយ ក្រៅ​តែ​ពី​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ។

ចំណែក​មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​សៀមរាប លោក ចាន់ ចំរើន ឲ្យ​ដឹង​ថា ការ​ស្លាប់របស់ក្មេងស្រី​នេះ​បណ្ដាល​ពី​ការ​ធ្វេសប្រហែស​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រាប់​ទាំង​អាជ្ញាធរ និង​វិស័យ​ឯកជន ជា​ពិសេស​គឺ​អាជ្ញាធរ​​តែ​ម្ដង ដែល​មិន​បាន​ត្រួតពិនិត្យ​​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សុវត្ថិភាព​នៅ​ទី​សាធារណៈ​ដូចនេះ៖ «ការ​ស្លាប់​របស់​ក្មេង​ស្រី​នេះ ខ្ញុំ​ពិត​ជា​សោកស្ដាយ​មែនទែន ដោយ​សារ​មក​ចូលរួម (លេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប) នេះ។ សូម​ឲ្យ​សមត្ថកិច្ច​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​គឺ​ផ្ដល់​យុត្តិធម៌​ដល់​ក្មេង​ស្រី និង​ស្ត្រី​ម្ចាស់​ហាង។ គេ​ហៅ​ថា បើ​មាន​វិមតិសង្ស័យ​ត្រូវ​បាន​លើ​ជនជាប់ចោទ ហើយ​រាល់​ការ​ស៊ើបអង្កេត​ទាំងអស់​ ខ្ញុំ​សុំ​ឲ្យ​មាន​តម្លាភាព និង​ស្នើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់»

ហេតុការណ៍​ឆក់​ស្លាប់​មនុស្ស​នេះ សមត្ថកិច្ច​​ចាត់​ទុក​ថា គឺជា​គ្រោះថ្នាក់ ដែល​​មិន​ធ្លាប់​មាន​​​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​ពេល​ដែល​មាន​មនុស្ស​ជាង​១លាននាក់ បាន​មក​លេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles