ក្រសួងមហាផ្ទៃ នឹងសម្របសម្រួលឲ្យជនភៀសខ្លួនម៉ុងតាញ៉ា-វៀតណាម ចំនួន ២៦នាក់ បានវិលទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីម៉ុងតាញ៉ាទាំងនោះពុំទទួលបានសិទ្ធិជាជនភៀសខ្លួន។ ទោះយ៉ាងណា តំណាងជនជាតិម៉ុងតាញ៉ា អះអាងថា ការស្ម័គ្រចិត្តត្រឡប់ទៅវិញនេះ ដោយសារពួកគេអស់សង្ឃឹមថានឹងគ្មានអ្នកណាអាចជួយបាន។
តាមគម្រោង ជនជាតិម៉ុងតាញ៉ាទាំង ២៦នាក់នោះ នឹងត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បញ្ជូនពួកគេឲ្យត្រឡប់ទៅប្រទេសវៀតណាម វិញនៅថ្ងៃទី២៤ ខែមេសា ខាងមុខនេះ តាមសំណើរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR)។
ប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក តាន់ សុវិជ្ជា អះអាងថា ជនជាតិម៉ុងតាញ៉ាចំនួន ២៦នាក់ បានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតវិញដោយខ្លួនឯង ពុំមានការចាប់បង្ខិតបង្ខំឡើយ។ លោកបន្តថា អ្នកដែលស្ម័គ្រចិត្តត្រឡប់ទៅវិញនោះ សុទ្ធតែបានធ្លាក់ការសម្ភាសដើម្បីបានឋានៈ ឬសិទ្ធិជាជនភៀសខ្លួន ព្រោះពួកគេពុំមានលក្ខណៈគ្រប់គ្រាន់៖ «»។
នៅមុនពេលបញ្ជូនទៅប្រទេសវៀតណាម វិញនោះ លោក តាន់ សុវិជ្ជា ឲ្យដឹងដែរថា អាជ្ញាធរបាននាំខ្លួនជនជាតិម៉ុងតាញ៉ាពីរនាក់ប្ដីប្រពន្ធទៅទុកនៅមជ្ឈមណ្ឌលថែទាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានការគ្រប់គ្រងតឹងរ៉ឹង។ ការផ្លាស់ប្ដូរកន្លែងនេះ លោកពន្យល់ថា ដោយសារបារម្ភខ្លាចពួកគេរត់គេចខ្លួនបាត់ដូចអ្នកផ្សេងទៀត ព្រោះពួកគេបានទាក់ទងជាមួយអ្នកដែលបានរត់គេចខ្លួនមុនៗ៖ «»។
ប្រធាននាយកដ្ឋានជនភៀសខ្លួនរូបនេះឲ្យដឹងដែរថា ជនជាតិម៉ុងតាញ៉ាដែលកំពុងរស់នៅក្នុងលំនៅឋានបណ្ដោះអាសន្នស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានចំនួន ៩១នាក់ បន្ទាប់ពីមនុស្ស ៥០នាក់ផ្សេងទៀតបានលួចរត់គេចខ្លួនទៅប្រទេសថៃ។
មន្ត្រីផ្នែកព័ត៌មានសាធារណៈប្រចាំតំបន់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យអាស៊ីសេរីដឹងតាមសារអេឡិចត្រូនិក (Email) ថា យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) ដឹងថាអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួនត្រូវបានឃុំខ្លួន។ យូ.អិន.អេច្ឆ.ស៊ី.អ មិនគាំទ្រការឃុំខ្លួនអ្នកសុំសិទ្ធិជ្រកកោននោះទេ ហើយនៅពេលមានករណីឃុំខ្លួនកើតឡើង ក្រុមការងារអ្នកស្រីបានតស៊ូមតិនឹងអាជ្ញាធរ ក្នុងការធានាឲ្យមានការដោះលែងពួកគេវិញ។
ដោយឡែកចំពោះគម្រោងក្រសួងមហាផ្ទៃ បញ្ជូនជនជាតិម៉ុងតាញ៉ាចំនួន ២៦នាក់វិញ អ្នកស្រី វីវៀន តាន់ បញ្ជាក់ថា មិនបានដឹងអំពីចំនួនជាក់លាក់នោះទេ តែជម្រើសធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៅតែបើកចំហសម្រាប់អ្នកដែលជ្រើសរើសការវិលត្រឡប់ទៅស្រុកកំណើតវិញ។
រីឯតំណាងជនជាតិម៉ុងតាញ៉ាដែលកំពុងរស់នៅប្រទេសថៃ បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ថ្វីត្បិតតែអ្នកទាំង ២៦នាក់ ស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតវិញក្តី ប៉ុន្តែពួកគេមិនត្រឡប់ទៅដោយរីករាយឡើយ ដោយនៅតែព្រួយបារម្ភថា ពួកគេនឹងត្រូវអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញចាប់ដាក់គុកបំបិទសិទ្ធិសេរីភាព សិទ្ធិនយោបាយ និងសាសនា ជាដើម។
តំណាងជនជាតិម៉ុងតាញ៉ាដដែលបន្តថា ការវិលត្រឡប់ទៅវិញនេះ គឺដោយសារក្រសួងមហាផ្ទៃ ឲ្យពួកគាត់ធ្លាក់សម្ភាស ដូច្នេះពួកគេគ្មានសង្ឃឹមថានឹងមានអ្នកជួយបានឡើយ សូម្បីតែចង់រត់ឆ្លងដែនទៅប្រទេសថៃ ក៏មិនអាចធ្វើបានដែរ ដោយសារអាជ្ញាធរខ្មែរចាប់ផ្ដើមរឹតបន្តឹងខ្លាំង៕