រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង លើកឡើងថា រាជរដ្ឋាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការវិវឌ្ឍន៍ស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េ និងបានត្រៀមនូវវិធីសាស្ត្រចាំបាច់សម្រាប់គ្រប់គ្រងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា នៅទីនោះ។ នេះបើតាមសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោក អ៊ិត សំហេង។
ប្រភពដដែលបន្តថា រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឲ្យសាធារណជន ជាពិសេសឪពុកម្តាយ និងក្រុមគ្រួសារពលករ និងស្ត្រីរៀបការស្វាមីកូរ៉េ ក៏ដូចជានិស្សិត សូមរក្សាភាពនឹងន បន្តនិរន្តរភាពការងារជាធម្មតា។ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅកូរ៉េ នឹងបន្តតាមដានសភាពការណ៍ និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរបន្តទៀត។
ការលើកឡើងនេះ ធ្វើឡើងក្នុងពេលដែលលោក អ៊ិត សំហេង បានដឹកនាំប្រតិភូចូលរួមពិធីសង្ក្រាន្តឆ្នាំថ្មីនៅក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ដោយបានជួបជាមួយពលករ ស្ត្រីរៀបការស្វាមីកូរ៉េ និស្សិត និងកម្មសិក្សាការីដែលរស់នៅទីនោះប្រមាណ ២ម៉ឺននាក់។
មួយរយៈពេលចុងក្រោយនេះ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងមានភាពតានតឹងយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដោយសារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកុម្មុយនីស្តមួយនេះ។ នៅថ្ងៃទី១៨ ខែមេសា នេះ កូរ៉េខាងជើង នៅតែគំរាមបាញ់សាកល្បងមីស៊ីល (Missile) ជារៀលរាល់សប្ដាហ៍ រាល់ខែ និងឆ្នាំដដែល ទោះបីជាមានការថ្កោលទោសពីសំណាក់អន្តរជាតិ។ រីឯសហរដ្ឋអាមេរិកវិញ ក៏ព្រមានកូរ៉េខាងជើង សូមកុំចង់សាកល្បងជាមួយអាមេរិក ខណៈពួកគេមានជំហរដោះស្រាយដោយសន្តិវិធី។
របាយការណ៍របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៧ នេះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង មានប្រមាណជាង ៩ម៉ឺននាក់ ដែលភាគច្រើនជាពលករ ស្ត្រីរៀបការទៅរស់នៅជាមួយបុរសជនជាតិកូរ៉េ និងនិស្សិតដែលកំពុងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ៕