មេធាវីរបស់ក្រុមគ្រួសារលោក មាជ សុវណ្ណារ៉ា នឹងបញ្ជូនសំណុំរឿងប្ដឹងកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ទៅតុលាការនៅរដ្ឋធានីវ៉ាស៊ីនតុន ឌីស៊ី (Washington DC) វិញ បន្ទាប់ពីរកឃើញថា ចៅក្រមនៅតុលាការមួយនៅក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) ទំនងនឹងទម្លាក់ចោលការចោទប្រកាន់ប្រឆាំងលោក ហ៊ុន ម៉ាណែត ថាជាអ្នកទទួលខុសត្រូវករណីកងអង្គរក្សរបស់លោក បានវាយបុរសម្នាក់ដែលកាន់ដីកាតុលាការទៅជូនលោក។
មេធាវីអះអាងថា បណ្ដឹងទៅរដ្ឋធានីវ៉ាស៊ីនតុន គឺជាមធ្យោបាយដែលអាចឲ្យតុលាការអាមេរិក កោះហៅលោក ហ៊ុន ម៉ាណែត តាមរយៈការបញ្ជូនដីកាទៅរដ្ឋាភិបាលកម្ពុជា។
លោកមេធាវី មូរតុន ក្លារ (Morton Sklar) ពន្យល់ថា នីតិវិធីនៃការប្ដឹងលោក ហ៊ុន ម៉ាណែត ឲ្យទទួលខុសត្រូវចំពោះការវាយតប់លើលោក ផល ហេយស៍ (Paul Hayes) ជាស្មៀនបញ្ជូនដីកាតុលាការ ទំនងនឹងត្រូវចៅក្រមនៅតុលាការក្រុងឡូសអែនជឺឡេស (Los Angeles) ទាត់ចោល បើទោះបីជាសាលក្រមមិនទាន់ប្រកាសជាផ្លូវការក្ដី ហើយវិធីដែលអាចប្រគល់ដីការបស់តុលាការអាមេរិក ទៅឲ្យលោក ហ៊ុន ម៉ាណែត គឺបន្តប្ដឹងទៅតុលាការនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា លោកមេធាវី មូរតុន ក្លារ លើកឡើងថា ការបង្វែរបណ្ដឹងទៅតុលាការនៅរដ្ឋធានីវ៉ាស៊ីនតុន គឺចង់បង្ហាញថា បណ្ដឹងទៅតុលាការសហរដ្ឋអាមេរិក ក្នុងសំណុំរឿងពាក់ព័ន្ធនឹងលោក មាជ សុវណ្ណារ៉ា គឺជាសំណុំរឿងពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជា រួមនឹងលោក ហ៊ុន ម៉ាណែត ផងដែរ៖ «ករណីយើងនឹងបន្តទៅទៀត ព្រោះអ្នកចុងបណ្ដឹងយើងមានពីរ គឺលោក ហ៊ុន ម៉ាណែត មួយ និងរដ្ឋាភិបាលខ្មែរមួយ។ ចឹង នឹងផ្ទេរសំណុំរឿងទៅវ៉ាស៊ីនតុន ឌីស៊ី ព្រោះរដ្ឋាភិបាលខ្មែរទាំងមូល។ ចុងចោទធំជាងគេ គឺរដ្ឋាភិបាលខ្មែរ។ គឺអត់ទៅណារួចទេ គឺត្រូវបន្តរហូត គ្រាន់តែថាពេលនេះយើងអត់ទាន់មានសុពលភាពនៅឡើយ គឺមិនបានជូនដីកាផ្ទាល់»។
លោក មូរតុន ក្លារ ជាមេធាវីរបស់ភរិយាលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្ដឹងលោក ហ៊ុន ម៉ាណែត ទៅតុលាការនៅក្រុងឡូសអែនជឺឡេស (Los Angeles) ពីបទធ្វើទារុណកម្ម និងអំពើភេរវកម្ម។ លោកថា បណ្ដឹងនេះធ្វើឡើងចំពេលដែលលោក ហ៊ុន ម៉ាណែត មានវត្តមាននៅអាមេរិក។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ អង្គរក្សលោក ហ៊ុន ម៉ាណែត មួយហ្វូង បានចាប់បោកលោក ផល ហេយស៍ ជាស្មៀនទៅលើថ្មឲ្យរបួសធ្ងន់ក្នុងបរិវេណភោជនីយដ្ឋានឋានព្រះចន្ទ ក្នុងទីក្រុងឡុងប៊ិច (Long Beach) ខណៈលោក ផល ឈោងជូនដីការបស់តុលាការដែលកោះហៅលោក ហ៊ុន ម៉ាណែត ឲ្យចូលបំភ្លឺករណីចោទប្រកាន់តាមបណ្ដឹងភរិយាលោក មាជ សុវណ្ណារ៉ា។
តុលាការក្នុងទីក្រុងឡុងប៊ិច (Long Beach) បានបើកសវនាការបង្ហាញអង្គហេតុ និងភស្តុតាង ករណីបង្ករបួសស្នាមលើស្មៀនរត់ការឯកសាររបស់តុលាការ ឈ្មោះ ផល ហេយស៍ (Paul Hayes) ដោយក្រុមអង្គរក្សលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ មេសា។ បន្ទាប់ពីសវនាការនោះ លោក អ៊ុច សុខខាំបូ ជំនួយការមេធាវីឲ្យលោក មូរតុន ក្លារ (Morton Sklar) មានប្រសាសន៍ថា លោកចៅក្រម ហ្ស៊ច វូ (George Wu) បានលើកឡើងនៅក្នុងសវនាការថា ការចេញដីកាទៅលោក ហ៊ុន ម៉ាណែត គឺមិនបានសម្រេច ដែលចៅក្រមទំនងថាអាចមិនយកជាបានការ៖ «គោលជំហរខាងយើង គឺវាមានសុពលភាពពេញទី ក៏ប៉ុន្តែចៅក្រមថាដោយសារដីកាហ្នឹងអត់ដល់ដៃឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដោយចឹងហើយប្រហែលជាការបញ្ជូនដីកាហ្នឹងអត់មានប្រសិទ្ធភាព។ នេះជាគោលជំហររបស់ចៅក្រមគាត់អាចកាត់សេចក្ដីទៅផ្លូវហ្នឹង»។
លោកថា សាលក្រមរបស់តុលាការ នឹងចេញនៅរយៈពេល ១សប្ដាហ៍ក្រោយសវនាការបង្ហាញភស្តុតាងបញ្ចប់។
ទាក់ទងនឹងការបង្វែរសំណុំរឿងទៅតុលាការនៅរដ្ឋធានីវ៉ាស៊ីនតុន នេះ អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីលោក ហ៊ុន ម៉ាណែត បាននៅឡើយ។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា នៅពេលនេះ លោកពុំមានការវាយតម្លៃយ៉ាងណានៅឡើយ។ តែលោកថា ដូចជាមានបញ្ហាយុត្តាធិការនៃតុលាការនៅសហរដ្ឋអាមេរិក៖ «តុលាការធ្វើបានយុត្តាធិការហ្នឹងវាពាក់ព័ន្ធនឹងកន្លែងកើតហេតុ តែបើទៅវ៉ាស៊ីនតុន ថាតើយុត្តាធិការហ្នឹងអាចទៅសម្រេចក្ដីនៅកាលីហ្វ័រញ៉ា ដែរឬក៏អត់?»។
លោកមេធាវី មូរតុន ក្លារ ធ្លាប់លើកឡើងថា តុលាការនៅសហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតបណ្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា និងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីករណីឃុំឃាំងមនុស្សខុសច្បាប់ ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងអំពើភេរវកម្មអន្តរជាតិ។
បណ្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា និងមេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត នេះ នៅពេលដែលតុលាការក្រុងភ្នំពេញ បានកាត់ក្តីលោក មាជ សុវណ្ណារ៉ា ដែលជាមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ មានសញ្ជាតិអាមេរិក ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំពីបទដឹកនាំកុបកម្ម៕