ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ទទួលស្គាល់ពីភាពចន្លោះប្រហោងនៃលក្ខន្តិកៈរបស់គណបក្សប្រឆាំង ដែលតម្កល់នៅក្រសួងមហាផ្ទៃ។ គណបក្សនេះ នឹងធ្វើសមាជវិសាមញ្ញនៅសប្ដាហ៍ក្រោយ ដើម្បីកែសម្រួល និងបន្ថែមភាពចន្លោះប្រហោងនេះ។
គណបក្សសង្គ្រោះជាតិ គ្រោងធ្វើសមាជជាថ្មីទៀតនៅថ្ងៃទី២៥ ខែមេសា ដើម្បីជ្រើសរើសអនុប្រធានគណបក្ស និងបន្ថែមមាត្រាខ្លះ ដើម្បីបំពេញភាពចន្លោះប្រហោងនៃលក្ខន្តិកៈរបស់គណបក្សតាមការចង់បានរបស់ក្រសួងមហាផ្ទៃ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៨ មេសា ថា ការធ្វើសមាជវិសាមញ្ញរុះរើអនុប្រធានគណបក្ស ដោយសារគណបក្សប្រឆាំងមិនចង់មានភាពរកាំរកូសជាមួយក្រសួងមហាផ្ទៃ។ លោក ប៉ុល ហំម អះអាងថា សមាជវិសាមញ្ញនេះ មិនពាក់ព័ន្ធនឹងបញ្ហាផ្ទៃក្នុងរបស់គណបក្សប្រឆាំងឡើយ៖ «យើងធ្វើនេះដើម្បីសម្របសម្រួលនីតិវិធីទៅតាមមហាផ្ទៃ ទេណា ដែលគេថាយើងធ្វើមិនត្រឹមត្រូវតាមច្បាប់ ព្រោះយើងមិនចង់មានការប្រឈមអីជាមួយក្រសួងមហាផ្ទៃ ទេ។ ដូច្នេះយើងសម្រួលនីតិវិធីណាដែលគេអាចទទួលយកបាន ហើយដែលគេទទួលស្គាល់ថាស្របច្បាប់»។
កាលពីថ្ងៃទី១៣ មីនា ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥១ ជំនួសលោក ហ៊ុន សែន នៅខេត្តកំពង់ស្ពឺ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់គណបក្សប្រឆាំងថា សមាជកាលពីថ្ងៃទី២ មីនា ធ្វើឡើងខុសលក្ខន្តិកៈដែលតម្កល់នៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១២។
ក្រោយមក ក្រសួងមហាផ្ទៃ ទទួលស្គាល់តែលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែអនុប្រធានទាំងបីរួមមាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ មិនត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ឡើយ។ លោក ស ខេង ពន្យល់ការមិនទទួលស្គាល់ថា ការជ្រើសតាំងនេះមិនស្របតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្ស ដែលហួសរយៈពេល ៣០ថ្ងៃ ក្រោយលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបានលាលែងពីតំណែងពីប្រធានបក្ស។
ទាក់ទងនឹងបញ្ហានេះ លោក ប៉ុល ហំម ថាសមាជម្ដងនេះ គណបក្សប្រឆាំងនឹងកែសម្រួលមាត្រាខ្លះក្នុងលក្ខន្តិកៈ និងសរសេរឲ្យច្បាស់ មិនឲ្យមានការបកស្រាយទូលាយទៀតទេ៖ «ព្រោះម្ដងនេះ គឺយើងចែងឲ្យច្បាស់អ៊ីចឹងតែម៉ង មិនឲ្យមានការបកស្រាយលើសទៅទៀតទេណា»។
រឿងរ៉ាវស្មុគស្មាញតាមយាយីបក្សប្រឆាំងមកដល់ពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី ដែលជាប់ពាក្យបណ្ដឹងជាច្រើននៅតុលាការ បានសម្រេចលះបង់តំណែងខ្ពស់បំផុតក្នុងបក្ស ដើម្បីការពារគណបក្សសង្គ្រោះជាតិ កុំឲ្យគេរំលាយចោល ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយទាំងប្រញាប់ប្រញាល់ ដែលការកែប្រែច្បាប់នេះ បានផ្ដល់សិទ្ធិដ៏ធំធេងឲ្យក្រសួងមហាផ្ទៃ យកទៅរំលាយគណបក្សនយោបាយណាមួយចោលបាន ប្រសិនបើប្រធាន ឬអនុប្រធានបក្សនោះត្រូវបានតុលាការរកឃើញថា ប្រព្រឹត្តបទល្មើសណាមួយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ក្នុងសង្គម។
ទោះជាយ៉ាងនេះក្ដី មន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ការមិនទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំអនុប្រធានបក្សប្រឆាំងទាំង ៣រូប មិនធ្វើឲ្យប៉ះពាល់ដល់សុពលភាពគណបក្សប្រឆាំងនោះទេ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខ។
លោក ប៉ុល ហំម ថាសមាជថ្ងៃទី២៥ មេសា អាចនឹងជ្រើសរើសអនុប្រធានតែម្នាក់តាមការចង់បានរបស់ក្រសួងមហាផ្ទៃ។ តែក្រោយសមាជ គណៈកម្មាធិការនាយកអាចជ្រើសរើសបន្ថែមទៀតបាន៕