Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ស្រុក​ថាឡាបរិវ៉ាត់​ខែត្រ​ស្ទឹងត្រែង​ចង់​ឲ្យ​មេ​ឃុំ​ថ្មី​កសាង​ស្ពាន​ជូន​ពលរដ្ឋ

$
0
0

អ្នក​ដំណើរ និង​ពលរដ្ឋ​រស់នៅ​ឃុំ​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​យឺតយ៉ាវ​របស់​អាជ្ញាធរ ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់។ ពលរដ្ឋ​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​ពន្យារ​ពេល​មិន​កសាង​ស្ពាន​មួយ​កន្លែង​ឆ្លង​កាត់​អូរ​ត្រែល ក្នុង​ស្រុក​ថាឡាបរិវ៉ាត់។

ពលរដ្ឋ​រស់នៅ​ឃុំ​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចង់​ឃើញ​មេ​ឃុំ​អាណត្តិ​ថ្មី ពន្លឿន​ការ​កសាង​ស្ពាន​មួយ​កន្លែង​ឆ្លង​កាត់​អូរ​ត្រែល ឋិត​នៅ​ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ក្បែរ​គល់​ស្ពាន​មេគង្គ ត្រើយ​ខាង​ជើង​ដែល​កំពុង​ក្លាយ​ជា​ឧបសគ្គ​ដល់​អ្នក​ដំណើរ។ បញ្ហា​នេះ បង្ខំ​ឲ្យ​អ្នក​ភូមិ​ត្រូវ​បង់​ប្រាក់​ឆ្លង​ទូក​ចាប់​ពី ១​ពាន់​រៀល​ទៅ ២​ពាន់​រៀល​នៅ​ពេល​ពួក​គេ​ឆ្លង​កាត់​ម្តងៗ។

ពលរដ្ឋ​រស់នៅ​ភូមិ​កាំងតេជោ ឃុំ​ថាឡាបរិវ៉ាត់ លោក ប៊ុត ជឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មេសា ថា អ្នក​ភូមិ​ចង់​ឲ្យ​មេ​ឃុំ​អន្តរាគមន៍​ទៅ​ម្ចាស់​ទូក ឲ្យ​យក​តម្លៃ​ឆ្លង​កាត់​អូរ​ត្រែល​ឲ្យ​សម​នឹង​ជីវភាព​របស់​ពលរដ្ឋ ខណៈ​ពួក​គេ​ត្រូវ​បង់​ប្រាក់​ឲ្យ​ម្ចាស់​ទូក ២​ពាន់​រៀល​ឆ្លង​កាត់​ម្តងៗ ហើយ​ពលរដ្ឋ​ដែល​ប្រឈម​ខ្លាំង គឺ​ពលរដ្ឋ​ក្រីក្រ។ លោក​ថា បើ​នៅ​រដូវ​វស្សា​វិញ ច្រាំង​អូរ​រអិល ធ្វើ​ឲ្យ​អ្នក​ដំណើរ​ខ្លះ​គ្រោះថ្នាក់​នៅ​ពេល​ពួក​គាត់​ជិះ​ម៉ូតូ​តាម​ច្រាំង​ឆ្លង​អូរ​នេះ។

លោក​បន្ថែម​ថា បើ​មាន​អ្នក​ជំងឺ​ឆ្លង​កាត់ និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាន់ ក៏​ត្រូវ​ចំណាយ​ពេល​យូរ​ដែរ ទម្រាំ​ឆ្លង​អូរ​នេះ​បាន។ លោក​ចង់​ឲ្យ​មេ​ឃុំ​អាណត្តិ​ថ្មី យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ការ​កសាង​ស្ពាន​មួយ​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ៖ «»

បុរស​ដដែល​បន្ត​ថា ពួក​គេ​នៅ​តែ​ពុំ​ទាន់​ទទួល​ដំណឹង​ស្ដីពី​កាលបរិច្ឆេទ​កសាង​ស្ពាន​ឆ្លង​អូរ​ត្រែល​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ពលរដ្ឋ​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​ច្រើនសា​ក្តី។ កន្លង​ទៅ អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ធ្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក អន្តរាគមន៍​ពន្លឿន​ការ​កសាង​ស្ពាន​ឆ្លង​កាត់​អូរ​នេះ តែ​រហូត​ដល់​បច្ចុប្បន្ន ពួក​គេ​ពុំ​ទាន់​ឃើញ​ពន្លឺ​លទ្ធផល​នៅ​ឡើយ។

អូរ​ត្រែល ឋិត​នៅ​ដៃ​ទន្លេ​មេគង្គ​នៃ​ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ ក្បែរ​គល់​ស្ពាន​មេគង្គ​ត្រើយ​ខាង​ជើង។ អូរ​នេះ​មាន​ទទឹង​ប្រហែល ១០០​ម៉ែត្រ និង​ជម្រៅ​ទឹក​ខែ​វស្សា​ជាង ៣០​ម៉ែត្រ។ អូរ​នេះ គឺ​ជា​ផ្លូវ​ស្នូល​សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កសិផល ជាដើម។

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ឃុំ​ថាឡាបរិវ៉ាត់ លោក យិន វ៉ាន់ អះអាង​ថា អាជ្ញាធរ​ធ្លាប់​បង្ហើប​ប្រាប់​ពលរដ្ឋ​ថា នឹង​មាន​គម្រោង​កសាង​ស្ពាន​ឆ្លង​កាត់​អូរ​ត្រែល តែ​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​តែ​ពុំ​ឃើញ​កសាង​ដូច​ការ​សន្យា។ លោក​បន្ថែម​ថា ប្រសិន​បើ​ពលរដ្ឋ​ចង់​ធ្វើ​ដំណើរ​ទៅ​ទី​រួម​ខែត្រ អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថ្មី​បាន ក៏ប៉ុន្តែ​ផ្លូវ​ថ្មី​នោះ​វាង​ច្រើន​គីឡូម៉ែត្រ៖ «»

ឃុំ​ថាឡាបរិវ៉ាត់ មាន​ពលរដ្ឋ​រស់នៅ​ជាង ១​ពាន់​គ្រួសារ ឬ​ប្រមាណ ៥​ពាន់​នាក់។ ឃុំ​នេះ​ឋិត​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ទី​រួម​ខែត្រ​ស្ទឹងត្រែង ដោយ​ឆ្លង​កាត់​ទន្លេ​មេគង្គ​ឆ្ងាយ​ពី​ទី​រួម​ខែត្រ​ជាង ១០​គីឡូម៉ែត្រ។ អ្នក​ដំណើរ​អាច​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​តាម​ផ្លូវ​ទឹក​ក៏​បាន ផ្លូវ​គោក​ក៏​បាន។ ពលរដ្ឋ​រស់នៅ​តំបន់​នោះ ភាគច្រើន​ប្រកប​របរ​នេសាទ​ត្រី ដឹក​ជញ្ជូន​ឈើ​ប្រណិត និង​កសិកម្ម ជាដើម។

មេ​ឃុំ​ថាឡាបរិវ៉ាត់ លោក ហាន់ រឿន ឆ្លើយតប​ថា កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ឃុំ​ក្នុង​មួយ​ឆ្នាំ​មាន​តែ ១​ម៉ឺន​ដុល្លារ មិន​អាច​កសាង​ស្ពាន​នេះ​បាន​ទេ ពោល​គឺ​ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​ឃុំ។ លោក​បន្ថែម​ថា កន្លង​ទៅ លោក​បាន​ស្នើសុំ​អាជ្ញាធរ​ស្រុក និង​ខែត្រ ឲ្យ​ពន្លឿន​កសាង​ស្ពាន​នេះ ខណៈ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ឆ្លង​ស្ពាន​នេះ និង​ខ្លះ​ជួប​គ្រោះថ្នាក់​ផង៖ «»

ទាក់ទង​តម្លៃ​ឆ្លង​ទូក​ដ​វិញ អាជ្ញាធរ​ឃុំ​ថាឡាបរិវ៉ាត់ បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​សម្រេច​ឲ្យ​ឈ្មោះ ផាន់ ណយ ជា​ម្ចាស់​ទូក​ចម្លង​អូរ​ត្រែល​យក​តម្លៃ ១​ពាន់​រៀល​ពី​គ្រប់​អ្នក​ដំណើរ​ទាំងអស់ ហើយ​ប្រាក់​ដែល​ប្រមូល​បាន​នោះ ពុំ​បាន​បញ្ចូល​ក្នុង​មូលនិធិ​ឃុំ​នោះ​ទេ ក៏ប៉ុន្តែ​អ្នក​ដំណើរ​ឆ្លង​កាត់​អូរ​នេះ​បាន​ត្អូញត្អែរ​ថា ម្ចាស់​ទូក​យក​តម្លៃ​លើស​កំណត់។ ទោះ​ជា​យ៉ាង​ណា មេ​ឃុំ​ថាឡាបរិវ៉ាត់ លោក ហាន់ រឿន សន្យា​ថា​នឹង​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ប្រសិន​បើ​អាជ្ញាធរ​ពុំ​ទាន់​កសាង​ស្ពាន​នេះ​ឆាប់​ទេ អាជ្ញាធរ​ឃុំ​អាច​អន្តរាគមន៍​ដើម្បី​ឲ្យ​ម្ចាស់​ទូក​ដ​យក​ប្រាក់​ឆ្លង​ពី​អ្នក​ដំណើរ​ឲ្យ​បាន​សមរម្យ ដែល​ធានា​ថា​មិន​ប៉ះពាល់​ជីវភាព​របស់​ពលរដ្ឋ។ លោក​ថា ការ​យក​ប្រាក់​ពី​ពលរដ្ឋ​ឆ្លង​ទូក ធ្វើ​យ៉ាង​ណា​ឲ្យ​សមរម្យ​នឹង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ តែ​បើ​សេវាកម្ម​ឯកជន​យក​ប្រាក់​លើស​កំណត់ មាន​ន័យ​ថា ជា​ទង្វើ​កេង​ប្រវ័ញ្ច។ បញ្ហា​នេះ អាជ្ញាធរ​ឃុំ​ត្រូវ​រក​មធ្យោបាយ​លុប​បំបាត់​ជា​បន្ទាន់៖ «»

លោក សន ជ័យ បន្ថែម​ថា អាជ្ញាធរ​ឃុំ​ត្រូវ​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​សាងសង់​ស្ពាន ទោះ​បី​ជា​ទំហំ​ណា​ក៏ដោយ តាម​រយៈ​ការ​ស្វែងរក​ការ​គាំទ្រ​ពី​ថ្នាក់​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សម្រួល​សេដ្ឋកិច្ច​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles