Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ចាប់​ផ្ដើម​ត្រឡប់​ចូល​ទីក្រុង​ភ្នំពេញ​បន្ទាប់​ពី​ទៅ​ស្រុក​កំណើត​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

$
0
0

មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បញ្ចប់ មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​សម្រុក​ធ្វើ​ដំណើរ​ចាកចេញ​ពី​ស្រុក​កំណើត មក​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ត្រៀម​ខ្លួន​ចូល​បម្រើ​ការងារ​ដូច​ធម្មតា​វិញ។ ការ​ត្រឡប់​របស់​ពលរដ្ឋ​នេះ ក៏​បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ប្រែ​ជា​អ៊ូអរ និង​មាន​ចរាចរណ៍​ម៉ូតូ​ឡាន​មមាញឹក​តាម​ដង​វិថី​សំខាន់ៗ​ឡើង​វិញ​ផង​ដែរ ក្រោយ​ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ប្រហែល ៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ពលរដ្ឋ​មួយ​ចំនួន​ធំ ខ្លះ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ឈ្នួល និង​ខ្លះ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ផ្ទាល់ បាន​ចាប់​ផ្ដើម​បើក​ចូល​ក្នុង​រាជធានី​ភ្នំពេញ​បន្ត​កន្ទុយ​គ្នា ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បញ្ចប់។

ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចូល​មក​ទីក្រុង​ភ្នំពេញ​ក្នុង​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​មួយ​ថ្ងៃ បញ្ជាក់​ថា ដោយសារ​ពួក​គេ​ត្រូវ​ចាប់​ផ្ដើម​ចូល​បំពេញ​ការងារ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ មេសា។

បន្ទាប់​ពី​សម្រាក​ពី​ការងារ​ចំនួន ៤​ថ្ងៃ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ពលរដ្ឋ​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង លោក សា រិន្ទ បាន​ធ្វើ​ដំណើរ​ជាមួយ​ប្រពន្ធ​ដោយ​ម៉ូតូ​ផ្ទាល់​ខ្លួន​តាំង​ពី​ព្រឹក​ម៉ោង ៥ មក​ដល់​ភ្នំពេញ​នៅ​ប្រហែល​ម៉ោង ១​រសៀល។ លោក​រៀបរាប់​នៅ​ក្រោម​ស្ពាន​ច្បារអំពៅ ថា អ្នក​ភូមិ​របស់​លោក​ស្ទើរ​ទាំងអស់ ក៏​បាន​នាំ​គ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ​វិញ ក្រោយ​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មួយ​ថ្ងៃ​ដូច​លោក​ដែរ ព្រោះ​ពួក​គេ​ត្រូវ​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ​វិញ​នៅ​ថ្ងៃ​ទី​១៨ ឬ​ថ្ងៃ​ទី​១៩ មេសា៖ «»

អ្នកនាង ស៊ុង គឹមលៀង ដែល​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ទឹកដី​ខាង​ឪពុក​ម្ដាយ​ក្មេក​ក្នុង​ខេត្ត​មណ្ឌលគិរី ក៏​បាន​រៀបរាប់​ក្រោយ​ចុះ​ពី​រថយន្ត​ឈ្នួល​ភ្លាមៗ​នៅ​ស្ពាន​ជ្រោយចង្វារ ថា ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ ហាក់​នៅ​ពុំ​ទាន់​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រួសារ​លោកស្រី​ដែល​ត្រូវ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៧ មេសា នេះ ដោយសារ​ត្រូវ​ចូល​ធ្វើ​ការងារ​វិញ​នៅ​ថ្ងៃ​ទី​១៨ មេសា៖ «»

នៅ​ម្ដុំ​គល់​ស្ពាន​ច្បារអំពៅ គល់​ស្ពាន​ជ្រោយចង្វារ និង​ម្ដុំ​រង្វង់​មូល​ចោមចៅ ដែល​ជា​ច្រក​ផ្លូវ​ជាតិ​សំខាន់ គឺ​មាន​រថយន្ត​ឈ្នួល​ជាច្រើន​បាន​ទម្លាក់​អ្នក​ដំណើរ​ចុះ ដោយ​មាន​អ្នក​រត់​ម៉ូតូ​ឌុប និង​អ្នក​រត់​កង់​បី​ជា​ហូរហែ រង់ចាំ​ទទួល​ដឹក​បន្ត។

កម្មការិនី​រោងចក្រ​ម្នាក់​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ កញ្ញា គឹម យ៉ែត បញ្ជាក់​ថា នាង​បាន​សម្រាក​ចំនួន ១០​ថ្ងៃ​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ព្រះវិហារ។ កម្មការិនី​រូប​នេះ​បន្ត​ថា អ្នក​ស្រុក​ក៏​ពុំ​ទាន់​នាំ​គ្នា​ឡើង​មក​កាន់​ទីក្រុង​ភ្នំពេញ​អស់​ដែរ។

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​កង់​បី ជាពិសេស​ម្ចាស់​រថយន្ត​ឈ្នួល ឬ​រត់​តាក់ស៊ី សម្ដែង​ក្ដី​រីករាយ ព្រោះ​ក្នុង​អំឡុង​រយៈពេល ៣ ទៅ ៤​ថ្ងៃ​ក្រោយ​ពី​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពួក​គេ​អាច​ដឹក​ភ្ញៀវ​បាន​ច្រើន ហើយ​ក៏​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ទ្វេដង​ដែរ។

អ្នក​រត់​កង់​បី​អស់​រយៈពេល ១២​ឆ្នាំ​ម្នាក់ នៅ​ម្ដុំ​រង្វង់​មូល​ចោមចៅ លោក គង់ នី រៀបរាប់​ថា ក្នុង​ឱកាស​ពិធី​បុណ្យ​ទាន​បែប​នេះ លោក​អាច​រក​បាន​មួយ​ថ្ងៃ​ជាង ១០​ម៉ឺន​រៀល ដែល​ខុស​ពី​ថ្ងៃ​ធម្មតា​ដែល​រក​ប្រាក់​បាន​តែ​ពី ៣ ទៅ ៤​ម៉ឺន​រៀល ហើយ​ជួនកាល​មាន និង​ជួនកាល​អត់​ទៅ​ទៀត៖ «»

រីឯ​អ្នក​រត់​ម៉ូតូ​ឌុប​ក៏​បញ្ជាក់​ថា ពួក​គេ​ចាប់​ផ្ដើម​សម្បូរ​ភ្ញៀវ​តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​ទី​៣ មក​ម្ល៉េះ ហើយ​ក្នុង​មួយ​ជើង គឺ​ទទួល​បាន​ប្រាក់​ពី​ភ្ញៀវ​ចំនួន​ពី ៥​ពាន់​រៀល​ទៅ ៦​ពាន់​រៀល តាម​ទី​ជិត​ទី​ឆ្ងាយ៖ «»

ដោយឡែក​អ្នក​បើកបរ​រថយន្ត​ឈ្នួល​ពី​ខេត្ត​តាកែវ មក​ភ្នំពេញ លោក ព្រិល ឡៃ ថ្លែង​ថា ក្នុង​ឱកាស​បុណ្យ​ទាន​ម្ដងៗ តាម​ទម្លាប់ លោក​អាច​រត់​បាន​ពីរ​ជើង​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ថែម​ថា ប្រហែល​ពីរ​ថ្ងៃ​ទៀត​អាច​នឹង​ស្បើយ​ភ្ញៀវ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles