កីឡាករកម្ពុជា ផ្នែកប៉េតង់ចំនួន ៤នាក់ដែលទៅប្រកួតនៅប្រទេសបែលហ្ស៊ិក (Belgium) នឹងមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១៨ មេសា។
កីឡាការិនី អ៊ុក ចំរើន ដណ្ដើមបានមេដាយមាសក្នុងការប្រកួតពានរង្វាន់ប៉េតង់ពិភពលោកឆ្នាំ២០១៧ (World Championship Petaque 2017) លើវិញ្ញាសាវាយឯកត្តជននារី កាលពីថ្ងៃទី១៦ មេសា។ នាងបានប្រកួតឈ្នះកីឡាការិនីនៃប្រទេសទុយណេស៊ី (Tunisia) ដោយពិន្ទុ ១៣ ទល់ ៧។ ចំណែកកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ទទួលបានមេដាយប្រាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៧ មេសា ថា នឹងមានការរៀបចំក្បួនម៉ូតូកិត្តិយសចំនួន ១២គ្រឿងទៅទទួលកីឡាករទាំងនេះ ដោយហែពីព្រលានយន្តហោះទៅដល់ទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្រៅពីនេះ កីឡាករដែលដណ្ដើមបានមេដាយមាស នឹងទទួលប្រាក់ឧបត្ថម្ភចំនួន ១២០លានរៀល ហើយអ្នកប្រកួតឈ្នះមេដាយប្រាក់ នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៨០លានរៀល រួមទាំងប្រាក់លើកទឹកចិត្តដទៃទៀត ហើយពួកគេនឹងទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការប្រកួតពានរង្វាន់ប៉េតង់ពិភពលោកឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មេសា ដោយមានប្រទេសជាង ៤០ ចូលរួមប្រកួតប្រជែង។ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ កីឡាការិនី កែ ឡេង ក៏ធ្លាប់ប្រកួតបានមេដាយមាសផ្នែកប៉េតង់នេះដែរ៕