គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មី បណ្ដាលឲ្យមនុស្ស ៥៥នាក់ស្លាប់ និងរបួសធ្ងន់ និងស្រាល ២៣០នាក់។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍សម្រាប់ឆ្នាំនេះ គឺការបើកបរហួសល្បឿន។ ក្រៅពីនោះ បញ្ហាដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ រួមមាន ការប្រជែងគ្នា ការមិនគោរពសិទ្ធិអ្នកបើកបរដទៃ កត្តាយានយន្ត និងងងុយដេកពេលបើកបរ។ នៅខែត្របាត់ដំបង មានមនុស្សស្លាប់ច្រើនជាងគេ គឺ ១២នាក់ កំពង់ធំ ៧នាក់ ភ្នំពេញ ៥នាក់ ស្វាយរៀង ៤នាក់។
របាយការណ៍ដដែលឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានកើនឡើង ៧% ស្មើនឹង ៨ករណី លើសឆ្នាំ២០១៦ ដែលមានត្រឹម ១១៣ករណី។ ដូចគ្នានេះដែរ ចំនួនអ្នកស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះ បានកើនឡើង ៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំ២០១៦ កន្លងទៅដែលមានអ្នកស្លាប់ចំនួន ៥២នាក់៕