Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក សម រង្ស៊ី ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ

$
0
0

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ថ្លែង​ដោយ​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ឆ្នោត​លើសលប់​នៅ​ពេល​ខាង​មុខ​នេះ។ សេចក្ដី​ថ្លែងការណ៍​របស់​លោក គឺ​ក្នុង​កិច្ច​ពិភាក្សា​លក្ខណៈ​រង្វង់​គ្រួសារ​ខ្មែរ​មួយ​នៅ​ជិត​ទីក្រុង​ប៉ារីស ស្ដីពី​ការ​វិវឌ្ឍន៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

លោក សម រង្ស៊ី ថ្លែង​ក្នុង​វីដេអូ​តាម​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក ក្នុង​កិច្ច​ពិភាក្សា​នោះ​កាល​ពី​ថ្ងៃ​ទី​១៥ មេសា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ពេល​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

លោក សម រង្ស៊ី ថ្លែង​ដោយ​ក្ដី​សង្ឃឹម​បែប​នេះ ព្រោះ​លោក​យល់​ថា​មាន​សន្ទុះ​គាំទ្រ​ពី​អ្នក​នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច ដែល​ពេល​នេះ​នៅ​សម្ងំ​សុខ រក្សា​តំណែង ការពារ​សុវត្ថិភាព​ខ្លួន មិន​ហ៊ាន​និយាយ​ស្ដី និង​មិន​ទាន់​ចាប់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​មិន​ទាន់​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ខ្លាំង៖ «ប៉ុន្តែ​ដល់​ពេល​បោះឆ្នោត​ឃុំ​ហើយ បោះឆ្នោត​ព្រឹទ្ធសភា​ហើយ ឃើញ​ថា​គណបក្សសង្គ្រោះ​ជាតិ នឹង​ឈ្នះ​ថ្នាក់​ជាតិ អា​ហ្នឹង​ឈ្នះ​ផ្ដាច់​ព្រ័ត្រ។ ពេល​ហ្នឹង​គេ​លែង​ហើយ គឺ​ខុស​គ្នា​តែ ៦​ខែ​ទេ គេ​នឹង​លែង​គណបក្ស​កាន់​អំណាច គេ​នឹង​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ អ៊ីចឹង​ជ័យជម្នះ​ខែ​៧ បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្មី នាយក​រដ្ឋមន្ត្រី​ថ្មី គឺ​នឹង​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី ជ័យជម្នះ​កាន់​តែ​ធំ​ឡើងៗ​អត់​មាន​ថយ​ក្រោយ​ទេ»

ទន្ទឹម​គ្នា​នឹង​ក្ដី​សង្ឃឹម​នេះ ព្រោះ​លោក​ក្ដាប់​បាន​ព័ត៌មាន​ថា ការ​រៀបចំ​ការ​បោះឆ្នោត​ខាង​មុខ​នេះ នឹង​មិន​មាន​អ្វី​ជា​បញ្ហា​គ្រោះថ្នាក់​ទេ ហើយ​ការ​ប៉ុនប៉ង​លួច​ចូល​ទៅ​កែ​ឈ្មោះ ក៏​ធ្វើ​មិន​បាន​ដែរ។ ត្រង់​នេះ​ហើយ​ដែល​លោក​ជឿ​ថា ការ​បោះឆ្នោត​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ នឹង​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ប្រជារាស្ត្រ​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​នៅ​ថ្នាក់​មូលដ្ឋាន ដែល​ជឿ​ថា​គណបក្ស​លោក នឹង​មាន​មេ​ឃុំ​ចៅ​សង្កាត់​យ៉ាង​តិច​ពាក់​កណ្ដាល៖ «អ៊ីចឹង​ខ្ញុំ​និយាយ​អម្បាញ់មិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង និង​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ច្រើន​ជាង​គណបក្ស​គេ​មួយ​ទៀត ដូច្នេះ​អង្គ​បោះឆ្នោត​របស់​យើង គឺ​ច្រើន​ជាង​គណបក្ស​គេ​មួយ​ទៀត បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។ អ៊ីចឹង​តំណែង​ព្រឹទ្ធសភា​នឹង​បាន​មក​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​លើសលប់​លើស​គណបក្ស​គេ​មួយ​ទៀត។ អ៊ីចឹង​យើង​ព្រឹទ្ធសភា​ច្រើន​ជាង​គណបក្ស​គេ​មួយ​ទៀត។ ដល់​ពេល​បោះឆ្នោត​ព្រឹទ្ធសភា​ហើយ ព្រឹទ្ធសភា​គេ​ប្រជុំ​ពេញ​អង្គ ដើម្បី​បោះឆ្នោត​រើស​ប្រធាន​ព្រឹទ្ធសភា។ អ៊ីចឹង​បើ​យើង​មាន​សមាជិក​ព្រឹទ្ធសភា​ច្រើន​ជាង​គេ គឺ​ប្រធាន​ព្រឹទ្ធសភា គឺ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ អ៊ីចឹង​គឺ​លើក​ទី​មួយ​ហើយ ឆ្នាំ​២០១៧ បោះឆ្នោត​ថ្នាក់​មូលដ្ឋាន។ ដល់​ចូល​ដល់​ឆ្នាំ​២០១៨ ភ្លាម ខែ​១ គឺ​បោះឆ្នោត​ព្រឹទ្ធសភា គឺ​ថ្នាក់​ជាតិ គឺ​ស្ថាប័ន ហើយ​ស្ថាប័ន​ជាតិ​ដំបូង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ គឺ​ព្រឹទ្ធសភា ខែ​១ ឆ្នាំ​២០១៨។ ៦​ខែ​បន្ទាប់ គឺ​បោះឆ្នោត​ថ្នាក់​ជាតិ ខែ​៧ ឆ្នាំ​២០១៨»

ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​លោក សម រង្ស៊ី មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ជ័យជម្នះ​នេះ លោក សម រង្ស៊ី ថ្លែង ២៣​ឆ្នាំ​មក​ហើយ៖ «»

ឆ្លើយតប​នឹង​សំណួរ​ថា តើ​សេចក្ដី​ថ្លែងការណ៍​នេះ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ​ពី​ការ​បាត់បង់ ឬ​ថយ​សំឡេង​ឆ្នោត​គាំទ្រ​នៅ​ពេល​បោះឆ្នោត​ឬ​ទេ? លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​លោក​មិន​ភ្ញាក់​ផ្អើល​ទេ៖ «និយាយ​រួម គឺ​គណបក្ស​ប្រជាជន មិន​ឆាប់​រអើល​ទេ។ គ្រាន់​តែ​ឮ​មាន់​រត់​ប៉ះ​ប៉ោត​ធ្លាក់​ក្ដុងក្ដាំង ថា​គ្រាប់បែក​ដែរ គណបក្ស​ប្រជាជន មិន​ដែល​ផ្អើល​របៀប​អ៊ីចឹង​ទេ មាន​តែ​គណបក្ស​ផ្សេង​ទេ​ដែល​ផ្អើល»

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ រហូត​មក​ដល់​ពេល​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​បញ្ជី​ចូលរួម​ប្រកួត​ប្រជែង​យក​សំឡេង​គាំទ្រ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles