គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានចំនួន ៧៤ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២៩នាក់ របួសធ្ងន់ចំនួន ៨១នាក់ និងរបួសស្រាលចំនួន ៥៧នាក់។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នេះបានថយចុះ ១៩% ស្មើនឹង ៧នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំ២០១៦ កន្លងទៅ។ ដូចគ្នានេះដែរ ចំនួនអ្នករបួសធ្ងន់ក៏មានការថយចុះពី ១០០នាក់កាលពីឆ្នាំ២០១៦ មកនៅត្រឹម ៨១នាក់ក្នុងឆ្នាំ២០១៧ នេះ។ ប៉ុន្តែចំនួនករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីសម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧ នេះ ស្ទើរតែប្រហាក់ប្រហែលគ្នា គឺ ៧៤លើកក្នុងឆ្នាំ២០១៧ និង ៧៥លើកក្នុងឆ្នាំ២០១៦។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិដដែលឲ្យដឹងទៀតថា ក្រៅពីករណីស្លាប់ និងរងបួសធ្ងន់ស្រាលនេះ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ចំនួនយានជំនិះខូចខាតសរុបរួមមាន ម៉ូតូ ៨៥គ្រឿង រថយន្តតូច ៣២គ្រឿង រថយន្តធំ ២គ្រឿង យានជំនិះផ្សេងៗ ៣គ្រឿង អ្នកថ្មើរជើងរងគ្រោះថ្នាក់ ៥នាក់ និងករណីមិនពាក់មួកពេលមានគ្រោះថ្នាក់ ១១៣នាក់៕