សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) រួមនឹងសហគមន៍ព្រៃឈើមួយចំនួននៅខេត្តកំពត គ្រោងដាក់បណ្ដឹងបរិហារចំនួន៤ ដាច់ដោយឡែកពីគ្នា ដើម្បីប្ដឹងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបណ្តែតបណ្តោយឲ្យមានបទល្មើសព្រៃឈើកើតឡើងនៅតាមព្រៃសហគមន៍ និងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក លោក ប៉ែន បុណ្ណារ៍ បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ មេសា ថា បណ្ដឹងបរិហារទាំងនេះ នឹងត្រូវដាក់ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត នៅត្រឹមសប្ដាហ៍នេះ ហើយដើមបណ្ដឹងគឺជាមន្ត្រីសមាគមអាដហុក គណៈកម្មការសហគមន៍ព្រៃឈើ និងពលរដ្ឋមួយចំនួន ដែលបានដឹងអំពីបទល្មើសព្រៃឈើដែលកើតមានឡើងនៅខេត្តកំពត។
លោក ប៉ែន បុណ្ណារ៍ បញ្ជាក់ថា បណ្ដឹងបរិហារទាំងនេះ គឺប្ដឹងសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែលបណ្តែតបណ្តោយឲ្យបទល្មើសកាប់រានទន្ទ្រានដីព្រៃសហគមន៍ចំនួន ៣កន្លែង គឺសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ សហគមន៍ព្រៃឈើភ្នំទទឹង និងសហគមន៍ព្រៃឈើភ្នំត្នោត ព្រមទាំងការផ្តល់សម្បទានដីព្រៃស្រោង និងពាក់កណ្ដាលស្រោងនៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ទៅឲ្យក្រុមហ៊ុនឯកជន៖ «»។
គម្រោងដាក់បណ្ដឹងបរិហាររបស់មន្ត្រីអាដហុក និងសហគមន៍ព្រៃឈើនេះ ធ្វើឡើងក្រោយពេលពួកគេបានដាក់បណ្ដឹងជាបន្តបន្ទាប់ទៅសាលាដំបូងខេត្តកំពត ក៏ប៉ុន្តែរាល់បណ្ដឹងទាំងនោះ ត្រូវបានតំណាងអយ្យការសម្រេចតម្កល់រឿងទុកឥតចាត់ការ។ លើសពីនេះ ក្រោយការតម្កល់រឿងទុកឥតចាត់ការ លោក ប៉ែន បុណ្ណារ៍ និងគណៈកម្មការសហគមន៍ព្រៃឈើ អះអាងថា បទល្មើសកាប់រានទន្ទ្រានដីព្រៃបានកើតមានកាន់តែខ្លាំង៖ «»។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពត លោក ស៊ឹម វុទ្ធា បញ្ជាក់ថា មិនមានមន្ត្រីណាអាចប្រព្រឹត្តខុសទៅនឹងអ្វីដែលមានចែងក្នុងច្បាប់នោះទេ ហើយបើសិនជាពួកគេបានប្រព្រឹត្តមែននោះ ពួកគេនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ក៏ប៉ុន្តែលោកចង់ឲ្យខាងសហគមន៍ព្រៃឈើរាយការណ៍មកមន្ត្រីជំនាញ ជាពិសេសអាជ្ញាធរខេត្តជាមុនសិន មុនពេលដែលពួកគេដាក់បណ្ដឹងទាំងនោះទៅស្ថាប័នតុលាការ។ លោកស្នើឲ្យសហគមន៍ព្រៃឈើមានតំណាងច្បាស់លាស់ យកពាក្យបណ្ដឹងមកដាក់នៅសាលាខេត្ត ដើម្បីរកដំណោះស្រាយ៖ «»។
សហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ សហគមន៍ព្រៃឈើភ្នំទទឹង និងសហគមន៍ព្រៃឈើភ្នំត្នោត រងការកាប់រានទន្ទ្រានយកដីជាបន្តបន្ទាប់ ហើយខាងគណៈកម្មការសហគមន៍អះអាងថា បានរាយការណ៍បទល្មើសនេះទៅសមត្ថកិច្ចជំនាញជាច្រើនដង ប៉ុន្តែមិនទាន់ឃើញមានដំណោះស្រាយមានប្រសិទ្ធភាពនៅឡើយ។ ដោយឡែកបណ្ដឹងបរិហារមួយទៀត គឺប្ដឹងអំពីការផ្តល់សម្បទានតំបន់ព្រៃស្រោង និងពាក់កណ្ដាលស្រោងក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ទៅឲ្យក្រុមហ៊ុនវើធើស ហ្គ្រីន ផ្លេនថេសិន (ខេមបូឌា) ភីធីអ៊ី អិលធីឌី (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD) របស់អ្នកជំនួញម៉ាឡេស៊ី លោក ធី ម៉ូហាន (T. Mohan) ដែលជាចាងហ្វាងកាសែតខ្មែរថាមស៍ (Khmertimes)។
ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ កំណត់ថា ការគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាបទល្មើសឧក្រិដ្ឋដែលជនប្រព្រឹត្តិល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១០លានរៀលទៅ ១៥០លានរៀល។ ចំណែកមន្ត្រីពាក់ព័ន្ធណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល ឬ/និង ត្រូវចោទប្រកាន់ចំពោះមុខតុលាការ ហើយបើមន្ត្រីទាំងនោះសមគំនិតនឹងអ្នកប្រព្រឹត្តិបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ពួកគេក៏ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តិដែរ៕