ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឯតំបន់អង្គរក្នុងខេត្តសៀមរាប គឺមានចំនួនមនុស្សច្រើនណែនណាន់តាន់តាប់សម្រុកចូលទៅកម្សាន្តនៅទីនោះ។ ការដែលមហាជននាំគ្នាសម្រុកទៅតំបន់អង្គរច្រើនកុះករនេះ ដោយសារតែព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានរៀបចំនៅទីនោះមានលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ជាហេតុទាក់ទាញឲ្យពួកគេចង់ឃើញ និងចូលរួមសប្បាយ។
មន្ត្រីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៥ នៅខេត្តសៀមរាប អះអាងថា នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវនឹងថ្ងៃអាទិត្យ ទី១៦ ខែមេសា ថាមិនត្រឹមតែមានប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ចាប់អារម្មណ៍ ហើយសម្រុកចូលទៅកម្សាន្តសប្បាយប៉ុណ្ណោះទេ គឺពលរដ្ឋមកពីបណ្ដាប្រទេសជាមិត្តខ្លះដូចជាសាធារណរដ្ឋប្រជាមានិតចិន ប្រទេសរុស្ស៊ី និងសមាគមប្រជាពលរដ្ឋនៃប្រទេសសិង្ហបុរី ក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដែរ។
មន្ត្រីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៥ គឺលោក សោម រតនា។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសា ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៥ នៅតំបន់អង្គរខេត្តសៀមរាប នៅតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលរួមសប្បាយយ៉ាងច្រើន។ លោក សោម រតនា បញ្ជាក់ថា ថ្ងៃអាទិត្យ ទី១៦ ខែមេសា គឺជាថ្ងៃទី៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៅហើយ ក៏ប៉ុន្តែនៅតែមានមនុស្សរាប់ម៉ឺននាក់នាំគ្នាចូលកម្សាន្ត និងលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ និងការរាំលេងសប្បាយ៖ «ឆ្នាំនេះ គឺយើងឃើញមានភ្ញៀវទេសចរជាច្រើនដែរ ហើយយើងក៏មានប្រទេសជាមិត្ត ដូចជា ចិន រុស្ស៊ី និងសិង្ហបុរី ជាដើម បានបញ្ជូនអ្នកចូលរួមពីបណ្ដាប្រទេសរបស់គាត់ មកចូលរួមដែរ»។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅតំបន់អង្គរឆ្នាំនេះ បានរៀបចំលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ចាប់តាំងពីមុខប្រាសាទអង្គរវត្ត រហូតទៅដល់តំបន់អង្គរធំ។ ល្បែងប្រជាប្រិយខ្មែរទាំងនោះមានល្បែងប្រកួតអុក ឬក៏ក្រឡាចត្រង្គ ល្បែងទាញព្រ័ត្រ ការរត់ប្រណាំងច្រកបាវ ការសម្ដែងក្បាច់គុនល្បុក្កតោ និងការរាំលេងកម្សាន្ត ជាដើម។
មន្ត្រីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឲ្យដឹងថា ឆ្នាំនេះព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយមានរៀបចំទាក់ទាញទាំងកុមារតូចៗ និងមនុស្សពេញវ័យឲ្យចូលលេងកម្សាន្ត ហើយជាពិសេស គឺបានបង្ហាញប្រវត្តិ ១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យខ្មែរជាទិដ្ឋភាពថ្មី និងមានការទាក់ទាញខ្លាំងក្នុងវិស័យវប្បធម៌។
ចាប់តាំងពីម៉ោង ៨ព្រឹក គឺមានមនុស្សកុះករបានធ្វើដំណើរតាមរថយន្ត តាមរ៉ឺម៉កម៉ូតូ និងតាមម៉ូតូជាដើម សម្រុកចូលទៅកម្សាន្តនៅតាមតំបន់អង្គរ ជាហេតុធ្វើឲ្យដងផ្លូវសំខាន់ៗត្រូវកកស្ទះចរាចរណ៍ជាអន្លើៗ។
ប្រជាពលរដ្ឋជាច្រើនបានបង្ហាញអារម្មណ៍ប្រហាក់ប្រហែលគ្នាថា ពួកគេរីករាយនៅពេលដែលបានមកកម្សាន្តព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំថ្មីនៅតំបន់អង្គរនេះ។
កញ្ញា ស្រីមុំ ជាអ្នករស់នៅខេត្តសៀមរាប មានប្រសាសន៍ថា នាងបានមកលេងនៅមុខអង្គរវត្តជាមួយនឹងមិត្តភ័ក្ដិ។ នាងបានឃើញព្រឹត្តិការណ៍អង្គរសង្ក្រាន្តរៀបចំបង្ហាញទស្សនីយភាព ព្រមទាំងមានលេងល្បែងប្រជាប្រិយជាច្រើននេះ ធ្វើឲ្យនាងពេញចិត្តយ៉ាងខ្លាំង៖ «ជូនពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានសុខភាពល្អ រកស៊ីមានបាន ហើយធ្វើដំណើរទៅណាមកណាជួបតែសេចក្តីសុខគ្រប់គ្នា»។
អ្នកស្រី ស៊ឹង ផល្លា ដែលនាំកូនប្រុសស្រីជាច្រើននាក់ពីទីក្រុងភ្នំពេញ មានប្រសាសន៍ថា គាត់បានចាកចេញពីផ្ទះរយៈពេល ៣ថ្ងៃហើយ ដើម្បីកម្សាន្តនៅតំបន់អង្គរ។ ស្ត្រីដដែលបញ្ជាក់ថា គាត់ចូលចិត្តពិធីបុណ្យចូលឆ្នាំខ្មែរនៅខេត្តសៀមរាប ទើបរយៈពេល ៥ឆ្នាំមកនេះ គាត់មិនដែលទៅកម្សាន្តនៅខេត្តផ្សេងទេ៖ «ពេលមកដល់ឃើញទិដ្ឋភាពនៅអង្គរ ដូចជាស្រស់ស្រាយ ឃើញក្មេងៗលេងសប្បាយហាក់ធ្វើឲ្យអារម្មណ៍របស់ខ្ញុំភ្លេចអស់ការនឿយហត់»។
ចំណែកអ្នកស្រី ហង្ស ណារី ជាអ្នកនៅខេត្តសៀមរាប ម្នាក់ទៀតមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ អ្នកស្រីតែងជាប់រវល់នឹងការងារ ទើបតែថ្ងៃនេះបានសម្រាក ក៏ដើរលេងតំបន់អង្គរជាមួយនឹងគ្រួសារ។ អ្នកស្រី ណារី បង្ហាញអារម្មណ៍រំភើបនៅពេលដែលឃើញល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ព្រមទាំងនៅគ្រប់ទីកន្លែងមានមនុស្សកុះករ ព្រមទាំងមានការរាំលេងកម្សាន្តផងនោះ៖ «យើងជាខ្មែរ ចាប់អារម្មណ៍ទាំងអស់ប្រពៃណីយើង មិនអាចចោលបានទេ គឺសប្បាយចិត្ត។ គេក៏ដើរ យើងក៏ដើរ គឺសប្បាយណាស់ ព្រោះ ១ឆ្នាំមានតែម្ដង»។
មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក អ៊ួង សុផល មានប្រសាសន៍ថា ក្នុងពេលដែលចំនួនមនុស្សច្រើនកុះករចូលមកកម្សាន្តនៅតំបន់អង្គរនេះ គឺកម្លាំងសន្តិសុខបានប្រុងប្រយ័ត្នយ៉ាងខ្លាំង ខ្លាចក្រែងមានជនខិលខូចឆ្លៀតឱកាសលួចឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលកំពុងតែដើរកម្សាន្ត។ មន្ត្រីសន្តិសុខដដែលបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃនេះ សន្តិសុខនៅតំបន់អង្គរបានធានាទាំងស្រុង មិនមានអំពើលួច និងឆក់ទេ ក៏ប៉ុន្តែមានបញ្ហាខ្លះបានកើតឡើង គឺប្រជាពលរដ្ឋខ្លះបានវង្វេងគ្រួសារ ដោយសារតែចំនួនមនុស្សច្រើនពេក។
ទោះជាយ៉ាងណា រហូតមកដល់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំនៅអង្គរនេះ គឺទាំងអាជ្ញាធរខេត្តសៀមរាប និងមន្ត្រីមន្ទីរទេសចរណ៍ នៅមិនទាន់អាចសរុបចំនួនអ្នកចូលមកកម្សាន្តថាប៉ុន្មានម៉ឺននាក់ច្បាស់លាស់នៅឡើយទេ ដោយអាជ្ញាធរបានត្រឹមតែប្រកាសឲ្យកន្លែងផ្ញើម៉ូតូ និងរថយន្តទាំងឡាយ កុំយកថ្លៃផ្ញើយានយន្ត និងលក់ម្ហូបអាហារខ្ពស់ហួសហេតុពេក ក្នុងពេលដែលប្រជាពលរដ្ឋជាច្រើនមកកម្សាន្តសប្បាយនេះ៕