ភ្ញៀវទេសចរទៅកម្សាន្តខែត្រស្ទឹងត្រែង នៅបុណ្យចូលឆ្នាំនេះកើនឡើងជាងឆ្នាំមុនទ្វេដង ខណៈផ្ទះសំណាក់ និងសណ្ឋាគារនៅខែត្រស្ទឹងត្រែង ពុំអាចបំពេញតម្រូវការភ្ញៀវទេសចរបាន ហើយអ្នកទេសចរមួយចំនួនបង្ខំចិត្តធ្វើដំណើរត្រឡប់ទៅលំនៅឋាននៅរាជធានីភ្នំពេញ និងខែត្រនានាវិញ។
មន្ត្រីនៃមន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង ចាត់ទុកការកើនឡើងភ្ញៀវទេសចរទៅទស្សនាខែត្រស្ទឹងត្រែង ថាផ្តល់សារប្រយោជន៍ច្រើនដល់សហគមន៍ និងវិស័យឯកជន ដែលជាប្រភពចំណូលសេដ្ឋកិច្ចសម្រាប់ពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្ម ការលក់ម្ហូបអាហារ និងលក់សម្ភារអនុស្សាវរីយ៍ ជាដើម។
ប្រធានមន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ឲ្យដឹងនៅថ្ងៃទី១៦ មេសា ថា ការកើនឡើងភ្ញៀវទេសចរទៅទស្សនាខែត្រស្ទឹងត្រែង ជាសញ្ញាវិជ្ជមានបង្ហាញពីសក្ដានុពលតំបន់ទេសចរណ៍ធម្មជាតិខែត្រភាគឦសាននេះ។ លោកថា មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ បានផ្តល់ដំណឹង និងផ្សព្វផ្សាយឲ្យម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់រក្សាតុល្យភាពតម្លៃ ឬមិនឲ្យដំឡើងថ្លៃ ក៏ប៉ុន្តែម្ចាស់សេវាកម្មផ្ទះសំណាក់ និងសណ្ឋាគារខ្លះបានឆ្លើយតបថា ភ្ញៀវមួយចំនួនមានគ្នាច្រើនមកស្នាក់នៅបន្ទប់នីមួយៗហួសពីអ្វីដែលសណ្ឋាគារកំណត់ ហេតុនេះពួកគេឡើងថ្លៃបន្តិច និងយកថវិកាមួយចំនួនលើកទឹកចិត្តដល់បុគ្គលិកដែលធ្វើការនៅថ្ងៃបុណ្យចូលឆ្នាំផង៖ «យើងណែនាំទៅគ្រប់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ កំណត់តម្លៃមួយដែលសមរម្យ។ គាត់លើកឡើងធម្មតាគាត់សម្រួលឲ្យវិញ។ ភ្ញៀវគាត់មកគេជាធម្មតាគេឲ្យដាក់ត្រឹមត្រូវ ៣នាក់ ជួនកាលលក្ខណៈគ្រួសារគាត់គេងរហូតដល់ ៥នាក់ដល់ ៦នាក់»។
លោក អ៊ន់ ប៉ោសឿន បន្ថែមថា កន្លងទៅ មន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង បានបង្កើតយុទ្ធនាការអប់រំអនាម័យបរិស្ថាន និងកាតព្វកិច្ចអភិរក្សធនធានធម្មជាតិ ប្រយោជន៍ផ្ដល់ចំណេះដឹងផ្នែកបរិស្ថានធម្មជាតិ ឬការទុកដាក់សំរាមឲ្យបានត្រឹមត្រូវដល់សហគមន៍អេកូទេសចរណ៍ធម្មជាតិនានាក្នុងខែត្រនេះ៖ «ជាពិសេសគឺពលរដ្ឋក្នុងខែត្ររបស់យើង គាត់ទទួលបានចំណូលសេវាកម្មទេសចរណ៍ទាំងអស់នោះដែរ។ បាទ! ព្រោះអ្នកខ្លះទទួលដោយប្រយោល អ្នកខ្លះទទួលដោយផ្ទាល់»។
មន្ត្រីមន្ទីរទេសចរណ៍ឲ្យដឹងទៀតថា តម្លៃសណ្ឋាគារនៅខែត្រស្ទឹងត្រែង គិតជាមធ្យម ១៧ដុល្លារ ហើយផ្ទះសំណាក់ ១២ដុល្លារ ស្នាក់នៅរយៈពេល ១យប់។ លើសពីនេះ ខែត្រស្ទឹងត្រែង មានសណ្ឋាគារចំនួន៦ និងផ្ទះសំណាក់៣៦ និងមានបន្ទប់ ៨២០បន្ទប់។
បុគ្គលិកសណ្ឋាគារទន្លេមាស កញ្ញា រ៉ន ឡាឌី ទទួលស្គាល់ថា សណ្ឋាគារទន្លេមាសបានឡើងថ្លៃ ១០ដុល្លារ ដោយសារតែភ្ញៀវមួយចំនួនមកស្នាក់នៅមានគ្នាច្រើនក្នុងបន្ទប់នីមួយៗហួសពីអ្វីដែលសណ្ឋាគារបានកំណត់ ហើយប្រាក់ដែលឡើងថ្លៃនោះ មួយផ្នែកបានលើកទឹកចិត្តដល់បុគ្គលិកដែលធ្វើការនៅអំឡុងបុណ្យចូលឆ្នាំខ្មែរផង។ កញ្ញាបន្តថា សណ្ឋាគារទន្លេមាស មានចំនួន ៤៨បន្ទប់ មានភ្ញៀវមកស្នាក់នៅពេញទាំងអស់នៅអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ៖ «បាទ! ឡើងតែ ៣ថ្ងៃហ្នឹង គឺឡើងដល់ ១០ដុល្លារ ដោយសារភ្ញៀវគាត់គេងលើសចំណុះ ហើយយើងដាក់សម្ភារថ្មីៗជូនគាត់។ បុគ្គលិកមកប្រចាំការចឹង ប្រាក់ដែលឡើងថ្លៃហ្នឹង គឺថៅកែគាត់យកមកចែកបុគ្គលិកមកធ្វើការអត់បានដើរលេង»។
របាយការណ៍មន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង បង្ហាញថា ភ្ញៀវទេសចរមកទស្សនាខែត្រនេះរយៈពេល ២ថ្ងៃអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ មេសា មានចំនួនជាង ២ម៉ឺននាក់ ធៀបនឹងឆ្នាំ២០១៦ ភ្ញៀវមកទស្សនាតែជាង ១ម៉ឺននាក់។
ខែត្រស្ទឹងត្រែង មានរមណីយដ្ឋានអេកូទេសចរណ៍ចំនួន ២១កន្លែង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន ៧កន្លែងដែលផ្តល់សក្ដានុពលខ្លាំង គឺរមណីយដ្ឋានធម្មជាតិបុប្ផាភ្លុក រមណីយដ្ឋានកោះខេ សហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិល សហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្ដាល រមណីយដ្ឋានកោះខ្សាច់សេកុង រមណីយដ្ឋានជូរវែង និងរមណីយដ្ឋានកោះភ្ញៀវ៕