អាជ្ញាធរថៃ ពុំទាន់រកឃើញមូលហេតុភ្លើងឆេះតូបលក់ដូររបស់អាជីវករខ្មែរចំនួន ១៨តូបនៅផ្សាររ៉ុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីយប់ថ្ងៃទី១៥ មេសា នៅឡើយទេ។ មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត អះអាងថា សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀតដើម្បីរកមូលហេតុនៃការឆេះនេះ។
មន្ត្រីព្រំដែនកម្ពុជា-ថៃ លើកឡើងថា ទាំងអាជ្ញាធរស្រុកអារញ្ញ និងអាជ្ញាធរខេត្តស្រះកែវ របស់ថៃ បានចុះទៅពិនិត្យភ្លាមៗក្រោយអំពីភ្លើងឆេះតូបលក់ដូររបស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ កាលពីយប់ថ្ងៃទី១៥ មេសា។
ប្រធានស្ដីទីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លោក លឹម តិច ឲ្យដឹងនៅរសៀលថ្ងៃទី១៦ មេសា ថា តូបលក់ស្បែកជើងរបស់អាជីវករខ្មែរចំនួន ១៨តូបនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ត្រូវបានភ្លើងឆេះអស់រលីងកាលពីម៉ោងប្រមាណ ៣ទៀបភ្លឺយប់ថ្ងៃទី១៥ មេសា។ លោកអះអាងថា តូបដែលឆេះនោះ ម្ចាស់ជាប់រវល់ទៅលេងបុណ្យចូលឆ្នាំនៅឯស្រុកកំណើត ដោយពុំមាននរណាម្នាក់នៅចាំក្នុងតូបរបស់ពួកគាត់នោះទេ៖ «តូបវាទល់ខ្នងគ្នាជាច្រើនជួរ ហើយក្នុងមួយជួរមាន ១៨តូប ហើយវាឆេះតែមួយជួរទេ។ ព្រឹកមិញនេះខ្ញុំទៅជួបខាងប៉ូលិសថៃ ឃើញមានមន្ត្រីជំនាញខាងពិសោធន៍របស់ថៃ គេចុះមកធ្វើកោសល្យវិច័យ តែគេមិនរកឃើញថាបណ្ដាលមកពីអ្វីនៅឡើយ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា ភ្លើងឆេះតូបរបស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ កន្លងមក អាជ្ញាធរថៃ ច្រើនតែរកឃើញថា បណ្ដាលមកពីទ្សុសេខ្សែភ្លើង។ ប៉ុន្តែលោក ស៊ុំ ច័ន្ទគា ហាក់មិនជឿថា បញ្ហាភ្លើងឆេះទាំងអស់នេះបណ្ដាលមកពីទ្សុសេខ្សែភ្លើងឡើយ៖ «គួរតែខ្មែរយើងដាក់បន្ទុកឲ្យអាជ្ញាធរថៃ ទទួលខុសត្រូវសំណងទាំងអស់ជូនដល់អាជីវករខ្មែរ ព្រោះអីភ្លើងឆេះក្នុងទឹកដីថៃ ហើយអាជីវករបានបង់ពន្ធឲ្យទៅអាជ្ញាធរថៃ»។
លោក ស៊ុំ ច័ន្ទគា ជំរុញឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ អន្តរាគមន៍ទៅខាងភាគីថៃ ស្រាវជ្រាវរកមូលហេតុអំពីបញ្ហាភ្លើងឆេះតូបអាជីវករខ្មែរឲ្យច្បាស់លាស់ ដើម្បីទប់ស្កាត់កុំឲ្យមានភ្លើងឆេះនៅថ្ងៃក្រោយទៀត។
កន្លងទៅ សមត្ថកិច្ចខាងកម្មសិទ្ធិបញ្ញារបស់ថៃ បានចុះចាប់ទំនិញបន្លំស្លាកយីហោរបស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ជាច្រើនលើកច្រើនសា ហើយថ្មីៗនេះថែមទាំងបានហាមមិនឲ្យអាជីវករណាម្នាក់លក់ទំនិញខុសច្បាប់នៅក្នុងផ្សារមួយនេះទៀតឡើយ។
មន្ត្រីព្រំដែនកម្ពុជា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អះអាងថា បើទោះជាការស្រាវជ្រាវរកឃើញមូលហេតុ ឬមិនឃើញក៏ដោយ គឺអាជ្ញាធរថៃ នឹងទទួលខុសត្រូវចំពោះការខូចខាតដោយសារភ្លើងឆេះនេះ។ ទោះជាយ៉ាងណា អាជ្ញាធរថៃ ពុំទាន់បូកសរុបទ្រព្យសម្បត្តិដែលខូចខាតអស់ចំនួនប៉ុន្មាននៅឡើយ៕