នៅពេលដល់រដូវបុណ្យចូលឆ្នាំម្ដងៗ ប្រជាពលរដ្ឋរាប់ពាន់នាក់នៅខេត្តបាត់ដំបង តែងនាំគ្នាលេងចាក់ទឹក និងប៉ាតម្សៅតាមដងផ្លូវ ជាពិសេសផ្លូវឆ្ពោះទៅប្រាសាទឯកភ្នំ។ ពលរដ្ឋនិយមលេងចាក់ទឹកដាក់គ្នាខ្លាំងនៅចំថ្ងៃចូលឆ្នាំ។
ប្រជាពលរដ្ឋនៅតំបន់ប្រាសាទឯកភ្នំ បានចាត់ទុកការលេងចាក់ទឹកដាក់គ្នាតាមដងផ្លូវ ថាជាល្បែងប្រជាប្រិយមួយប្រភេទរបស់ពួកគាត់ ដើម្បីជាការកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ល្បែងកម្សាន្តសប្បាយមួយនេះ បានទាក់ទាញក្រុមយុវជនរាប់ពាន់នាក់មកពីទីជិតទីឆ្ងាយ ទៅលេងនៅតំបន់នោះយ៉ាងច្រើនកកកុញ ហើយធ្វើឲ្យកកស្ទះចរាចរណ៍ជាច្រើនគីឡូម៉ែត្រទៀតផង។
កំពុងឈរលក់ចាប់ហួយនៅមាត់ផ្លូវមុខផ្ទះនៃភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ លោកស្រី ងួន ផានី ថ្លែងថា អ្នកស្រុកតំបន់ពួកគាត់រស់នៅនិយមលេងចាក់ទឹក និងប៉ាតម្សៅដាក់គ្នាជាច្រើនឆ្នាំណាស់មកហើយ។ ស្ត្រីរាងស្ដើងសម្បុរសរូបនេះបន្ថែមថា ពីដើមឡើយ មនុស្សមិនច្រើនទេបាននាំគ្នាឈរលេងចាក់ទឹកតាមដងផ្លូវ ប៉ុន្តែលោកស្រីអះអាងថា ប្រមាណជិត ១០ឆ្នាំមកនេះមានមនុស្សមកពីទីជិតទីឆ្ងាយមកលេងចាក់ទឹកតាមដងផ្លូវយ៉ាងកកកុញ។
ស្ត្រីវ័យ ២៩ឆ្នាំរូបនេះបន្តក្នុងទឹកមុខញញឹមញញែមដោយសម្ដីមួយៗថា ការលេងចាក់ទឹកដាក់គ្នាបង្កការសប្បាយកាន់តែខ្លាំងឡើងដល់អ្នកស្រុករស់នៅតំបន់នោះ៖ «ពេលគេមកដល់ប្រាសាទឯកភ្នំ គឺថាមកលេងទឹក។ ភូមិនេះលេងសប្បាយមែន! នៅតាមផ្ទះគេចាក់ចម្រៀងរាំលេង ហើយក៏នាំគ្នាលេងទឹកប៉ាតម្សៅទៅ។ ចំណែកអ្នកធ្វើដំណើរ គេមិនទៅណាឆ្ងាយទេ គេនាំគ្នាលេងនៅនេះឯង»។
ពុំមែនមានតែពលរដ្ឋនៅភូមិដូនទាវ ម្នាក់ប៉ុណ្ណោះទេដែលចូលចិត្តកម្សាន្តសប្បាយនឹងការលេងចាក់ទឹកប៉ាតម្សៅក្នុងពេលចូលឆ្នាំនោះ ពលរដ្ឋនៅឃុំពាមឯក ជាច្រើននាក់ផ្សេងទៀត ក៏ពេញចិត្តនឹងការលេងល្បែងមួយនេះដូចគ្នា។
អ្នកភូមិដូនទាវ មួយចំនួនទៀតលើកឡើងថា ការលេងចាក់ទឹកដាក់គ្នាដើម្បីអបអរពិធីបុណ្យចូលឆ្នាំ មិនត្រឹមតែបង្កការសប្បាយតាមដងផ្លូវប៉ុណ្ណោះទេ គឺថែមទាំងជួយដល់ការលក់ដូររបស់ប្រជាពលរដ្ឋនៅតំបន់នោះរកប្រាក់ចំណូលបានយ៉ាងច្រើនទៀតផង៖ «តាមផ្លូវលក់ទឹកលក់ម្សៅដាច់ណាស់ ហើយពេលលេងទឹកអ៊ូអរខ្លាំងចាប់ពីម៉ោង ៤រសៀលទៅ។ ចូលឆ្នាំមិនមានអ្នកទៅលេងណាទេ គេនៅលេងតែក្នុងភូមិនេះឯង គឺជិះម៉ូតូលេងតាមផ្លូវមុខៗផ្ទះសប្បាយណាស់។ ពេលលេងគេសុំអ្នកធ្វើដំណើរប៉ាតម្សៅ លេងសប្បាយ មិនគ្រោះថ្នាក់ដល់ធ្វើដំណើរទេ»។
ឧបករណ៍ដែលអ្នកភូមិនិយមលេងចាក់ទឹក និងប៉ាតម្សៅ មានទឹក និងម្សៅក្រអូប គេប្រើសម្រាប់លាបខ្លួនឲ្យកូនតូច។ ឧបករណ៍ទាំងអស់នេះ អ្នកភូមិដាក់លក់នៅមុខផ្ទះរបស់ពួកគាត់តាមដងផ្លូវស្ទើរគ្រប់ទីកន្លែង។ ពេលវេលាដែលអ្នកភូមិនិយមលេងកកស្ទះចរាចរណ៍ខ្លាំង ចាប់ពីម៉ោង ៤រសៀលដល់ម៉ោង ៧យប់ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា។
ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលបន្ទុកព្រហ្មទណ្ឌ លោក ជេត វណ្ណី មានប្រសាសន៍ថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត នឹងដាក់ពង្រាយកម្លាំងតាមគោលដៅសំខាន់ៗដែលពលរដ្ឋទៅលេងកម្សាន្តក្នុងពេលចូលឆ្នាំ ដើម្បីការពារសុវត្ថិភាពជូនពួកគាត់។ លោកសង្កត់ធ្ងន់ថា តំបន់ដែលពលរដ្ឋលេងចាក់នៅប្រាសាទឯកភ្នំ ចាត់ជាគោលដៅការពារខ្ពស់បំផុត៖ «នៅក្នុងនោះមានកម្លាំងអន្តរាគមន៍ចាំជួយសង្គ្រោះប្រជាពលរដ្ឋ មានអ្នកសម្រួលចរាចរណ៍ មានទាំងការពារកន្លែងកម្សាន្តផ្សេងៗ និងមានវិធានការទប់ស្កាត់បទល្មើសផ្សេងៗដែលកើតជាយថាហេតុ និងទប់ស្កាត់បញ្ហាគប់ទឹកទាំងឡាយដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ដើម្បីឲ្យប្រជាពលរដ្ឋលេងបានស្រួល»។
តំបន់លេងចាក់ទឹកនៅស្រុកឯកភ្នំ កាលពីឆ្នាំកន្លងទៅ កកស្ទះចរាចរណ៍ចាប់ពីមុខវត្តក្ដុល រហូតដល់ប្រាសាទឯកភ្នំ ចម្ងាយផ្លូវជាង ៤គីឡូម៉ែត្រ ហើយនៅពេលស្ទះខ្លាំង រថយន្ត និងម៉ូតូបើកទៅមុខមិនរួច ថយក្រោយក៏មិនបាន។
អ្នកស្រុកចង់ឲ្យអាជ្ញាធរខេត្តបាត់ដំបង រៀបចំផ្លូវសម្រាប់មនុស្សលេងចាក់ទឹក កុំឲ្យរថយន្ត និងមធ្យោបាយធ្វើដំណើរផ្សេងៗឆ្លងកាត់ ដើម្បីងាយស្រួលដល់ការលេងចាក់ទឹក និងប៉ាត់ម្សៅបានសប្បាយពេញដៃពេញជើង ហើយមិនប៉ះពាល់ដល់អ្នកធ្វើដំណើរ។
ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកសាស្ត្រាចារ្យ វង់ សុធារ៉ា មានប្រសាសន៍ថា តាមប្រពៃណីខ្មែរ នៅថ្ងៃបុណ្យចូលឆ្នាំចុងក្រោយ គឺជាថ្ងៃស្រង់ព្រះនៅក្នុងវត្ត ហើយកូនចៅត្រូវដងទឹកឲ្យឪពុកម្ដាយ និងចាស់ព្រឹទ្ធាចារ្យដើម្បីមុជឲ្យត្រជាក់ខ្លួន។ លោក វង់ សុធារ៉ា អះអាងថា ក្រោយមក ជនជាតិថៃ បានយកប្រពៃណីនេះទៅជាការលេងចាក់ទឹកដាក់គ្នារហូតមកទល់សព្វថ្ងៃ។ លោកកត់សម្គាល់ទៀតថា ប្រហែលជាហេតុផលនេះហើយ បានជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅជាប់ប្រទេសថៃ ចាប់ផ្ដើមយកប្រពៃណីលេងចាក់ទឹកដាក់គ្នា ដើម្បីលេងកម្សាន្តសប្បាយពេលចូលឆ្នាំ៖ «ប៉ុន្តែជាធម្មតាបញ្ហាវប្បធម៌នេះ គឺមិនអាចឋិតថេរទេ វាតែមានការជះឥទ្ធិពល និងមានការប្រែប្រួលពីពេលមួយទៅពេលមួយជាធម្មតា ទៅតាមការនិយម និងឲ្យតម្លៃរបស់មនុស្ស ថាល្អ ឬសប្បាយមិនសប្បាយអ៊ីចឹង។ ដូច្នេះប្រហែលជាយើងចាប់ផ្ដើមមានការប្រែប្រួលកាន់តែច្រើនហើយនៅក្នុងការឲ្យតម្លៃវប្បធម៌ពីមុនមកនោះ»។
សព្វថ្ងៃ ពលរដ្ឋនិយមលេងចាក់ទឹកនេះមាននៅខេត្តបាត់ដំបង ឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ក្នុងនោះតំបន់ខ្លះចាប់ផ្ដើមលេងនៅថ្ងៃចូលឆ្នាំថ្ងៃទី២ រហូតដល់ថ្ងៃទី១៧ និងទី១៨ខែមេសា រៀងរាល់ឆ្នាំ៕