Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រួសារ​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​សង្ឃឹម​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ឲ្យ​បាន​ជុំ​គ្នា​វិញ

$
0
0

ក្រុម​គ្រួសារ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ចូលរួម​ឆ្នាំ​ថ្មី​ទាំង​ទឹក​ភ្នែក ដោយសារ​តែ​កូន និង​ស្វាមី​របស់​ពួក​គេ​មិន​បាន​ជួបជុំ​ក្រុម​គ្រួសារ​ដូច​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​នោះ​ទេ។ ពួក​គេ​សង្ឃឹម​ថា ទេវតា​ឆ្នាំ​ថ្មី​នឹង​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ជួបជុំ​គ្នា។

ជា​ទម្លាប់​របស់​ពលរដ្ឋ​នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ពលរដ្ឋ​ខ្មែរ​តែង​ស្កាត់​ជួបជុំ​គ្នា​នៅ​ស្រុក​កំណើត។ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន និង​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រោះ​បទ​ចោទ​នានា មិន​បាន​ជួបជុំ​សាច់ញាតិ​ដូច​ពលរដ្ឋ​ទូទៅ​ទេ។

សាច់ញាតិ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ចាត់​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​លើ​កូន ឬ​ស្វាមី​របស់​ពួក​គេ ថា​ជា​រឿង​អយុត្តិធម៌។

អង្គុយ​ក្នុង​ផ្ទះ​ដោះ​អាវ បុរស​វ័យ​ជាង ៦០​ឆ្នាំ​រស់នៅ​សង្កាត់​អូរឫស្សីទី១ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ លោក ជី សុខល ជា​ឪពុក​របស់​លោក អាន បឋម សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ជាប់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក ជី សុខល ដែល​ជា​មន្ត្រី​ចូល​និវត្តន៍ នៅ​តែ​ថ្លែង​ការពារ​ជំហរ​កូន​ប្រុស​របស់​លោក ថា​កូន​ប្រុស​របស់​លោក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​រឿង​ត្រឹមត្រូវ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​លោក​ចូល​ចិត្ត​ដែរ។ លោក​យល់​ថា គណបក្ស​នេះ​ប្រឆាំង​ការ​ឈ្លានពាន​របស់​បរទេស។ នៅ​ពេល​ចោទ​សួរ​ថា ការ​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​រហូត​មាន​ការ​ចាប់​ខ្លួន លោក ជី សុខល យល់​ថា ការ​ចោទ​ប្រកាន់​មក​លើ​កូន​ប្រុស​លោក​ជា​ការ​ទម្លាក់​កំហុស​ទាំង​គ្មាន​ភស្តុតាង និង​សាក្សី​ច្បាស់លាស់៖ «ព្រោះ​ឃ្លីប​វីដេអូ​ខ្លះ​បង្ហាញ​ថា កូន​ខ្ញុំ​អត់​មាន​ធ្វើ​បាប​គេ​ផង មាន​តែ​ជួយ​ជន​រងគ្រោះ ប៉ុន្តែ​បែរ​ជា​ចោទ​ថា​កូន​ខ្ញុំ​ជា​អ្នក​វាយ​ដំ​គេ​ទៅ​វិញ»

លោក ជី សុខល ដែល​មាន​កូន​ចំនួន​ប្រាំពីរ​នាក់ ហើយ​លោក អាន បឋម សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​កូន​ប្រុស​ច្បង។ លោក​និយាយ​ទាំង​អួលអាក់​ថា ឆ្នាំ​ថ្មី​នេះ​លោក​បាន​ត្រឹម​ឃើញ​មុខ​កូន​ជាង ១០​នាទី​នៅ​ពន្ធនាគារ​ប៉ុណ្ណោះ។ លោក​រំពឹង​ថា បើ​ដំណោះស្រាយ​នយោបាយ​មួយ​ដ៏​ច្បាស់​នៅ​ពេល​ខាង​មុខ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កូន​ប្រុស​របស់​លោក និង​អ្នក​ផ្សេង​ទៀត នឹង​ត្រូវ​បាន​ដោះលែង។

ក្រុម​សាច់ញាតិ​អ្នក​ជាប់​ឃុំ​យល់​ថា ប្រសិន​បើ​មាន​ដំណោះស្រាយ​នយោបាយ ស្វាមី ឬ​កូន​របស់​គេ​អាច​មាន​សេរីភាព​ឡើង​វិញ ប៉ុន្តែ​ខណៈ​ដែល​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពាក់​មុខ​យក្ស​ដាក់​គ្នា ពួក​គេ​យល់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត អ្នក​ជាប់​ឃុំ​ទាំងនោះ​នឹង​ត្រូវ​បាន​ដោះលែង។

ចំណែក​អ្នកស្រី គន្ធ លំអង ជា​ភរិយា​របស់​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ថ្លែង​ក្នុង​ទឹក​មុខ​ក្រៀមក្រំ និង​យូរៗ​ម្តង​ទឹក​ភ្នែក​ក៏​ស្រក​ចុះ​ផង​នោះ អ្នកស្រី គន្ធ លំអង រៀបរាប់​ថា ឆ្នាំ​នេះ​អ្នកស្រី​ប្រើ​ពាក្យ​ជូនពរ​ទៅ​កូន​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង ក្រៀមក្រំ​ទៀត​ហើយ។ អ្នកស្រី​បន្ត​ថា ទោះ​រវល់​ការងារ​យ៉ាង​ណា ក៏​អ្នកស្រី​ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​ស្វាមី​ម្តង​ក្នុង​មួយ​សប្ដាហ៍៖ «ទាំង​ចូល​ឆ្នាំ​សកល ទាំង​ចូល​ឆ្នាំ​ខ្មែរ យើង​បាន​ទទួល​តែ​ទឹក​ភ្នែក។ យើង​បាន​ជូនពរ​គ្នា​តាម​ទូរស័ព្ទ តាម​សារ​អ្វី​ហ្នឹង យើង​ជូនពរ​គ្នា​តែ​ជូនពរ​ទាំង​ក្រៀមក្រំ»

លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ចំនួន ៣​បទល្មើស ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ទាំង​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​ថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។

ទោះ​បែប​នេះ​ក្តី អ្នកស្រី គន្ធ លំអង នៅ​តែ​ថ្លែង​ថា ករណី​ចាប់​ស្វាមី​អ្នកស្រី គឺ​ជា​រឿង​នយោបាយ។ អ្នកស្រី​គ្មាន​រំពឹង​ថា ស្វាមី​អ្នកស្រី​អាច​នឹង​ត្រូវ​ដោះលែង​មុន​កាលកំណត់​នោះ​ទេ ខណៈ​ដែល​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បង្ហាញ​សញ្ញា​ចរចា។ នា​ឱកាស​ឆ្នាំ​ថ្មី​នេះ​ដែរ អ្នកស្រី​ថ្លែង​ទៅ​កាន់​អ្នក​ចោទ​ប្រកាន់​ស្វាមី​អ្នកស្រី​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​គិត​ថា​ពួក​អស់​លោក​ជា​ខ្មែរ ហើយ​ពួក​យើង​ខ្ញុំ​ក៏​ជា​ខ្មែរ ហើយ​អ្វី​ដែល ហុង សុខហួរ បាន​ធ្វើ​គឺ​គិត​ថា​ដើម្បី​ចំណេញ​ដល់​ខ្មែរ»

យ៉ាង​ហោច​ណាស់​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជាង ២០​រូប កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ដែល​អ្នក​ទាំងនោះ​គឺ​សកម្មជន សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត រហូត​ដល់​សមាជិក​ព្រឹទ្ធសភា។ ពួក​គេ​រង​បទ​ចោទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​បទល្មើស​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ជាដើម ដែល​ម្នាក់ៗ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​ម្ភៃ​ឆ្នាំ។

អង្គុយ​នៅ​ក្នុង​ផ្ទះ​ឈើ​ដំបូល​ប្រក់​ស័ង្កសី លោកស្រី ឡេង កល្យាណ ជា​ភរិយា​របស់​លោក ឃិន ជំរឿន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ លោកស្រី​ត្អូញត្អែរ​ថា លំបាក​ពេល​គ្មាន​ស្វាមី ព្រោះ​លោកស្រី​គ្មាន​ពេល​ចេញ​រក​ប្រាក់ ព្រោះ​ត្រូវ​ចិញ្ចឹម​កូន​ពិការ។ ទោះ​គ្មាន​សង្ឃឹម​ថា​ស្វាមី​បាន​នៅ​ក្រៅ​ឃុំ លោកស្រី​នៅ​តែ​បន់ស្រន់​ទេវតា​ឆ្នាំ​ថ្មី សុំ​ឲ្យ​ស្វាមី​រួច​ផុត​ការ​ចោទ​ប្រកាន់៖ «ខ្ញុំ​សង្ឃឹម​ថា​ទោស​នយោបាយ​គេ​មិន​អាច​ដាក់​គុក​ដល់​ម្ភៃ​ឆ្នាំ​ទេ​បង តែ​មាន​ការ​ត្រូវរ៉ូវ​គ្នា​គេ​ដោះលែង​ហើយ​បង»

ស្វាមី​របស់​លោកស្រី ឡេង កល្យាណ គឺ​លោក ឃិន ជំរឿន ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

វិបត្តិ​នយោបាយ​រវាង​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំង​ពីរ​នៅ​រដ្ឋសភា ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥ ដែល​កើត​ចេញ​ពី​សង្គ្រាម​ពាក្យ​សម្ដី​របស់​លោក សម រង្ស៊ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឃើញ​មាន​ការ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា និង​ករណី​ហិង្សា​លើ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​រហូត​មក​ទល់​ពេល​នេះ គណបក្ស​ទាំង​ពីរ​នេះ​មិន​ទាន់​បង្ហាញ​សញ្ញា​ចរចា​នៅ​ឡើយ​ទេ។

ទោះ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​នយោបាយ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ចេញ​មុខ​អះអាង​ថា ប្រទេស​កម្ពុជា គ្មាន​ទេ​អ្នក​ទោស​នយោបាយ មាន​តែ​អ្នក​នយោបាយ​ជាប់​ទោស។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ទុក្ខ​វេទនា​របស់​ក្រុម​សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង មិន​បាន​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ទន់ទោរ​ចិត្ត​ឡើយ។ លោក​បណ្ឌិត​យល់​ថា នៅ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​អាច​រក​ច្រក​ណា​មួយ​ដើម្បី​ចរចា​សុំ​ឲ្យ​មាន​ការ​ដោះលែង​ក្រុម​មន្ត្រី និង​សកម្មជន​របស់​ខ្លួន​ឡើយ ហើយ​បើ​គណបក្ស​ទទួល​យក​ថ្នូរ​អ្វី​មួយ​ដោះដូរ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំងនោះ នឹង​ធ្វើ​ឲ្យ​គណបក្ស​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ៖ «ខ្ញុំ​ឃើញ​ថា​ក្នុង​កាលៈទេសៈ​នេះ​រហូត​ដល់​ឆ្នាំ​២០១៨ មិន​ឃើញ​ថា​មាន​អ្វី​ជា​ថ្នូរ»

ជា​រឿយៗ ក្រុម​អ្នក​ជាប់​ឃុំ​ទាំងនោះ​តែង​ប្រាប់​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ទៅ​សួរ​សុខ​ទុក្ខ​នៅ​ពន្ធនាគារ គឺ​ពួក​គេ​នៅ​តែ​អាច​ស៊ូទ្រាំ​ជាប់​ក្នុង​គុក​បាន ប៉ុន្តែ​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស និង​មន្ត្រី​ទាំងអស់​ចេះ​សាមគ្គី​គ្នា កុំ​បែកបាក់​គ្នា ដើម្បី​ឈាន​រក​ជោគជ័យ​មួយ​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles