ខុសពីគ្រួសារខ្មែរទូទៅដែលនៅរដូវបុណ្យចូលឆ្នាំថ្មីមកដល់ តែងជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយ ប៉ុន្តែក្រុមគ្រួសាររបស់សកម្មជនបរិស្ថាន អ្នកការពារសិទ្ធិកម្មករ និងអ្នកវិភាគដែលសាធារណជនបានស្គាល់ជាទូទៅ គឺលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោកបណ្ឌិត កែម ឡី ដែលរងការបាញ់ប្រហារផ្ដាច់ផ្ដិលជីវិតនោះ ពួកគេមិនបានជុំគ្នាឡើយ។ គ្រួសារទាំងនោះបានត្អូញត្អែរអំពីការលំបាកក្នុងជីវិតបាក់បែកព្រាត់ប្រាសគ្រួសារ។
ភរិយាអ្នកការពារសិទ្ធិកម្មករ អ្នកវិភាគ និងកូនប្រុសរបស់សកម្មជនបរិស្ថាន ដែលរងការបាញ់ប្រហារផ្ដាច់ផ្ដិលជីវិត បានបួងសួងរកយុត្តិធម៌ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់។
ភរិយាលោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គឺលោកស្រី ជា គឹមនី ដែលបានភៀសខ្លួនទៅរស់នៅប្រទេសហ្វាំងឡង់ដ៍ (Finland) ជាមួយកូនស្រីពីរនាក់ ភ្លាមៗក្រោយពីឃាតកម្មស្វាមី គាត់បានរៀបរាប់ថា ជាង ១៣ឆ្នាំហើយ គ្រួសារលោកស្រីមិនទទួលបានពន្លឺយុត្តិធម៌ និងយកឃាតកពិតមកផ្ដន្ទាទោសនោះឡើយ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅប្រទេសហ្វាំងឡង់ដ៍ លោកស្រីប្រារព្ធពិធីបុណ្យជាធម្មតា និងបួងសួងសុំឲ្យតែស្វាមី និងក្រុមគ្រួសារគាត់ទទួលបានយុត្តិធម៌ពិត៖ «១៣ឆ្នាំហើយអត់មានសេចក្ដីសុខសម្រាប់គ្រួសារកូន។ សូមសំណូមពររដ្ឋាភិបាលខ្មែរដែលបង្កើតគណៈកម្មការស៊ើបអង្កេតឲ្យរកឃើញ កាប់សម្លាប់គេដល់ណាទៀត? ក្នុងឆ្នាំថ្មីនេះ សូមឲ្យរដ្ឋាភិបាលខ្មែរស្វែងរកយុត្តិធម៌ឲ្យឃើញ ព្រោះអីច្រើនគ្នាហើយ បើសិនជារដ្ឋាភិបាលមិននៅពីក្រោយទេ ត្រូវរកឲ្យឃើញ»។
លោក ជា វិជ្ជា ដែលអតីតប្រធានសហជីពសេរីកម្មករ ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ លោកត្រូវបានគេចាត់ទុកថាជាមេដឹកនាំសហជីពដ៏ក្លាហាន ហ៊ានពុះពារដើម្បីផលប្រយោជន៍ជូនកម្មករ។ កាលពីពេលថ្មីៗនេះ អគ្គស្នងការនគរបាលជាតិ បានបង្កើតក្រុមការងារថ្មីមួយទៀតដើម្បីស៊ើបអង្កេតករណីឃាតកម្មនេះ ប៉ុន្តែលោកស្រី ជា គឹមនី ពុំមានជំនឿនោះទេ។
ចំណែកកូនប្រុសលោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្ដមរស្មី បានផ្ដល់សម្ភាសក្នុងឱកាសបុណ្យចូលឆ្នាំនេះដែរ។ តើគ្រួសាររបស់ពួកគេធ្វើអ្វីខ្លះ? គិតទៅដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ឪពុករបស់គាត់ស្លាប់អស់រយៈពេល ៥ឆ្នាំហើយ។ ឧត្ដមរស្មី បន្តថា ជារៀងរាល់ឆ្នាំកាលពីឪពុកលោកនៅមានជីវិត ពួកគេតែងជួបជុំគ្នាធ្វើពិធីបង្សុកូលនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលជាស្រុកកំណើតរបស់លោក ប៉ុន្តែរយៈពេល ៥ឆ្នាំចុងក្រោយនេះ គ្រួសារគាត់មិនដូចមុនទៀតទេ។
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ជាសកម្មជនការពារព្រៃឈើ ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បន្ទាប់ពីលោក និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីររូបទៀត បានចូលទៅថតរូបភាពគំនរឈើរបស់ក្រុមហ៊ុនដែលគេស្គាល់ឈ្មោះថា ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលក្នុងការស្ដារបាតអាង ដើម្បីធ្វើវារីអគ្គិសនីក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
លោក ឆឺយ ឧត្ដមរស្មី កូនប្រុសលោក ឈុត វុទ្ធី យល់ថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើននៅតែនឹកឃើញពីវីរភាពរបស់ឪពុកលោក ដែលបានប្ដូរផ្ដាច់ និងលះបង់ជីវិតដោយសារក្ដីស្រឡាញ់ និងការការពារធនធានធម្មជាតិនៅកម្ពុជា។ ផ្ទុយទៅវិញ ឪពុកលោក និងគ្រួសារទាំងមូល មិនបានទទួលយុត្តិធម៌ពីប្រព័ន្ធតុលាការឡើយរហូតមកទល់ពេលនេះ ក្រៅតែពីភាពឈឺចាប់ដោយសារសង្គម និងបាត់បង់បង្គោលក្នុងគ្រួសារ៖ «រដ្ឋាភិបាលពុំមានឆន្ទៈក្នុងការរកឃាតកជូនឪពុកខ្ញុំទេ ការស្លាប់នេះគឺមានការបញ្ជាបាញ់ គឺមានទាក់ទងនឹងមន្ត្រីធំៗមួយចំនួនដែរ។ ប៉ាខ្ញុំគាត់ធ្វើការដើម្បីជាតិ ប៉ុន្តែមនុស្សមានអំណាចក្នុងជួររដ្ឋាភិបាល ដែលឪពុកខ្ញុំមុនស្លាប់ក៏រងការគំរាមដែរ ប៉ុន្តែទិញទឹកចិត្តគាត់មិនកើត ទើបឈានដល់ការសម្លាប់។ ខ្ញុំនៅតែសំណូមពរឲ្យអន្តរជាតិ ជួយមើលទៅលើឃាតកម្មឪពុកខ្ញុំដែលស្លាប់ដោយអយុត្តិធម៌បំផុត។ គ្រួសារខ្ញុំមានការឈឺចាប់ខ្លាំងណាស់ មិនមានមន្ត្រីខាងរដ្ឋាភិបាលមកដោះស្រាយ ហើយតុលាការខេត្តកោះកុង បិទសំណុំរឿងនេះទៀត។ អ្វីៗគឺគេធ្វើសុទ្ធតែមានការរៀបចំអស់ហើយ»។
ជុំវិញសំណុំរឿងបាញ់សម្លាប់មនុស្សចុងក្រោយដែលធ្វើឲ្យសាធារណជនរន្ធត់យ៉ាងខ្លាំងនោះ គឺឃាតកម្មបាញ់ប្រហារលើអ្នកវិភាគ គឺបណ្ឌិត កែម ឡី។
លោកបណ្ឌិត កែម ឡី ជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម។ លោកជាទីប្រឹក្សាឲ្យក្រសួងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលមួយចំនួន និងជាអ្នកវិភាគស្ថានការណ៍សង្គម និងនយោបាយដោយឥតសំចៃមាត់ និងហ៊ានរិះគន់ប្រព័ន្ធដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងការគ្រប់គ្រងជំនួញធំៗរបស់គ្រួសារត្រកូលហ៊ុន។ លោកគឺជាបុគ្គលចុងក្រោយដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាងលក់ទំនិញស្តារម៉ាត (Star Mart) ស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ជិតស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គិតចាប់ពីថ្ងៃបាញ់ប្រហាររហូតមកដល់ពេលនេះ គឺមានជនសង្ស័យតែម្នាក់គត់ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធរឿងក្ដីនេះ។
លោកស្រី ប៊ូ រចនា ជាភរិយាលោកបណ្ឌិត កែម ឡី ដែលមិនអាចផ្ដល់សម្ភាសបាន ប៉ុន្តែគាត់បានសរសេរសារផ្ញើតាមអេឡិចត្រូនិកមកកាន់អ្នកយកព័ត៌មានអាស៊ីសេរី។ ឆ្លើយតបទៅនឹងសំណួរថា បើគិតដល់ខែមេសា ស្វាមីរបស់លោកស្រីត្រូវបានឃាតកបាញ់សម្លាប់រយៈពេល ៩ខែហើយ ប៉ុន្តែតុលាការបានដំណើរការកាត់សេចក្ដីលើសំណុំរឿងនេះ តើលោកស្រីយល់ថាទទួលបានយុត្តិធម៌ដែរឬទេ? លោកស្រីបានផ្ដល់ចម្លើយមកថា ខ្លួនលោកស្រីផ្ទាល់ និងប្រជាពលរដ្ឋទាំងអស់មិនដែលជឿជាក់លើតុលាការដូចសព្វថ្ងៃនេះទេ ព្រោះតុលាការនេះមិនមែនជាតុលាការឯករាជ្យឡើយ។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទមនុស្សឃាតដោយចេតនា និងប្រើប្រាស់អាវុធខុសច្បាប់។ ការសម្រេចរបស់តុលាការនេះ ត្រូវបានក្រុមអ្នកគាំទ្របណ្ឌិត កែម ឡី ចាត់ទុកថាគ្រាន់តែជាសេចក្ដីសម្រេចមួយដ៏ប្រញាប់ប្រញាល់ ដើម្បីគេចវេះពីការទទួលខុសត្រូវ និងបញ្ចៀសការរិះគន់ពីមជ្ឈដ្ឋាននានាតែប៉ុណ្ណោះ។
ជាមួយគ្នានេះ អង្គការជាតិ និងអន្តរជាតិជាច្រើន ក៏បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ រិះគន់ការសម្រេចសេចក្ដីនេះ។ ពួកគេលើកឡើងថា ដំណើរការកាត់ក្តីរបស់តុលាការក្រុងភ្នំពេញ នៅពុំទាន់អាចជម្រះមន្ទិលសង្ស័យ ពោលគឺនៅមានកង្វះខាតលើទិដ្ឋភាពសំខាន់ៗជាច្រើន និងពុំទាន់បំពេញគោលការណ៍ស៊ើបអង្កេតឲ្យបានសមស្របតាមស្តង់ដារអន្តរជាតិនៅឡើយទេ។ ពួកគេស្នើឲ្យអាជ្ញាធរបន្តការស៊ើបអង្កេតករណីឃាតកម្មនេះបន្ថែមទៀត។
ថ្វីបើលោកស្រី ប៊ូ រចនា ពុំមានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយពុំមានក្ដីសង្ឃឹមថានឹងទទួលបានយុត្តិធម៌ជូនស្វាមី គឺលោកបណ្ឌិត កែម ឡី យ៉ាងណាក្ដី នៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ លោកស្រីបានប៉ងប្រាថ្នា និងបានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយតាមថែរក្សាដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យទទួលបានសេរីភាព យុត្តិធម៌ កុំឲ្យមានការឈឺចាប់ដូចគ្រួសារលោកស្រី៕