Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថយ​ចុះ​ធៀប​នឹង​ឆ្នាំ​២០១៦

$
0
0

មន្ត្រី​នគរបាល​ចរាចរណ៍​លើក​ឡើង​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល ២​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ឆ្នាំ​២០១៧ នេះ គឺ​មាន​ចំនួន​តិច​ជាង​កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ឆ្នាំ​២០១៦។ នគរបាល​ចរាចរណ៍​បញ្ជាក់​ថា ការ​ថយ​ចុះ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​អាជ្ញាធរ​បាន​ចុះ​ផ្សព្វផ្សាយ​ទៅ​ដល់​ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ​ទាន់​ពេលវេលា។

គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៤ មេសា ដែល​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​ចំនួន ១៣​លើក ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ និង​រង​របួស​ចំនួន ១៣​នាក់ គឺ​ជា​ចំនួន​ថយ​ចុះ​តិច​ជាង​កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈពេល​មួយ​ថ្ងៃ​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​អ្នក​ស្លាប់​ចំនួន ៨​នាក់ និង​រង​របួស​ចំនួន ២៣​នាក់។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក រុន រ័ត្នវាសនា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៥ មេសា ថា មក​ដល់​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ ថយ​ចុះ ៨​នាក់ បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ទី​២ ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦។ លោក​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​ពីរ​នេះ បណ្ដាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន ២១​លើក បញ្ហា​គ្រឿង​ស្រវឹង ៦​លើក និង​បញ្ហា​មិន​ប្រកាន់​ស្ដាំ ៤​លើក៖ «»

សម្រាប់​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ គឺ​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​ធំ​តូច​ចំនួន ២០​គ្រឿង និង​កង់​មួយ​គ្រឿង។

កាល​ពី​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ទូទាំង​ប្រទេស​រយៈពេល ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​ចំនួន ៩៨​លើក បណ្ដាល​ឲ្យ​មនុស្ស ៤៧​នាក់​ស្លាប់ និង ២០៧​នាក់​រង​របួស។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា យល់​ថា ប្រសិន​បើ​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ដែល​ថា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ២​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៧ ថយ​ចុះ​តិច​ជាង ប្រៀបធៀប​ទៅ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៦ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ពិត​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ជាក់ស្ដែង ដូច្នោះ​មាន​ន័យ​ថា ស្ថានភាព​ចរាចរណ៍​នៅ​កម្ពុជា មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន៖ «»

ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ កាល​ពី​ដើម​ខែ​មេសា មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក អំពាវនាវ​ឲ្យ​សាធារណជន​ដែល​ប្រើប្រាស់​ផ្លូវ ចូលរួម​អនុវត្ត​ច្បាប់​ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។

សេចក្ដី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ដែល​ចុះ​ហត្ថលេខា​ដោយ​ឧបនាយករដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សរសេរ​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ តែងតែ​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ ការ​កកស្ទះ​ចរាចរណ៍ ដូច្នេះ​មាន​ខ្លឹមសារ​ចំនួន ១០​ចំណុច ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​នោះ​រួម​មាន៖

  • ស្នើ​ឲ្យ​សាធារណជន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ។ល។

  • កុំ​ផ្ទុក​អ្នក​ដំណើរ និង​ទំនិញ​លើស​ច្បាប់​កំណត់

  • ចំពោះ​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ​ដឹក​កម្មករ មិន​ត្រូវ​ផ្ទុក​អ្នក​ដំណើរ ឬ​កម្មករ​លើ​ដំបូល និង​កុំ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ

  • ត្រូវ​ពាក់​មួក​សុវត្ថិភាព និង​ពាក់​ខ្សែ​ក្រវាត់​នៅ​ពេល​ធ្វើ​ដំណើរ

  • គោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្ដាំ​ជានិច្ច

  • មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត

  • មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដាច់ខាត

  • មិន​ត្រូវ​បត់ ឬ​ជែង​ក្នុង​ភាព​ប្រថុយប្រថាន

  • មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយ​ដេក​ជា​ដាច់ខាត

  • ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច ប្រកប​ដោយ​សីលធម៌​យោគយល់។

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក អ៊ា ចរិយា សង្កេត​ឃើញ​ថា ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​តាម​រាជធានី-ខេត្ត អាជ្ញាធរ​ពុំ​បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចំពោះ​អ្នក​បើកបរ​លើស​ល្បឿន និង​អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ឡើយ ព្រោះ​អាជ្ញាធរ​ជាប់​រវល់​នឹង​ការ​រៀបចំ​កម្មវិធី​កម្សាន្ត​នានា​នៅ​តាម​ទីតាំង​មួយ​ចំនួន។ លោក​បន្ត​ថា គឺ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ ព្រោះ​ពិធី​បុណ្យ​ធំៗ ជាពិសេស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តែង​មាន​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ទ្វេ​ដង គឺ​ច្រើន​លើស​ពី ១០​នាក់ ហើយ​ថ្ងៃ​ធម្មតា គឺ​មាន​តែ ៦​នាក់ គិត​ជា​មធ្យម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles