Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

យោធា​កម្ពុជា​អះអាង​ថា​ទាហាន​ឡាវ​ដក​ចេញ​ពី​ដី​កម្ពុជា​ហើយ

$
0
0

កង​កម្លាំង​វិស្វកម្ម​ដែល​កំពុង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា យោធា​ឡាវ ប្រដាប់​ដោយ​អាវុធ បាន​ដក​ពី​ដី​របស់​កម្ពុជា ហើយ​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ក្រោយ​ពី​ពួក​គេ​បាន​បោះ​តង់​ស្នាក់នៅ និង​ជីក​លាន​ឋាន​យោធា​នៅ​តំបន់​នោះ​ជិត ២​សប្ដាហ៍​កន្លង​ទៅ ដើម្បី​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​បណ្តោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់​ឡាវ នៃ​ស្រុក​សៀមប៉ាង។

យោធា​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ថ្លែង​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ថា បើ​ទោះ​បី​ជា​ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​បាន​ដក​ពី​ទឹក​ដី​កម្ពុជា ក្តី ក៏ប៉ុន្តែ​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា បាន​ផ្អាក​ស្ថាបនា​ផ្លូវ​នៅ​តំបន់​ចម្រូងចម្រាស​ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ថ្នាក់​លើ​ដោះស្រាយ ហើយ​តំបន់​ពុំ​មាន​ភាព​ចម្រូងចម្រាស​នោះ កម្លាំង​វិស្វកម្ម​នៅ​បន្ត​ស្ថាបនា​ផ្លូវ​ជា​ធម្មតា។

យោធា​វិស្វកម្ម​នៅ​ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ថា ទាហាន​ឡាវ បាន​ហាមឃាត់​ខ្មែរ​មិន​ឲ្យ​ស្ថាបនា​ផ្លូវ​នៅ​តំបន់​ដែល​ពុំ​ទាន់​បាន​បោះ​បង្គោល​កំណត់​ព្រំដែន​ជា​ផ្លូវការ​នៅ​ចំណុច​អូរ​តាក់​ឡាវ ក៏ប៉ុន្តែ​ប្រទេស​ឡាវ បាន​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ​រួច​រាល់​ទៅ​ហើយ។ បញ្ហា​នេះ ភាគី​កម្ពុជា បាន​ចោទ​សួរ​ទៅ​ភាគី​ឡាវ ថា ហេតុ​អ្វី​ប្រទេស​ឡាវ កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​បាន ចំណែក​កម្ពុជា ធ្វើ​មិន​បាន? លោក​ថា រហូត​មក​ទល់​ពេល​នេះ កង​កម្លាំង​វិស្វកម្ម​បាន​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​សម្រេច​បាន​ជាង ១៥០​គីឡូម៉ែត្រ ហើយ​កំពុង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​សេកុង​មាន​ប្រវែង​ជាង ២០០​ម៉ែត្រ​នៅ​តំបន់​នោះ។

លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​ផ្លូវ​តាម​ព្រំដែន​សាងសង់​ត្រឹម ២៥​ម៉ែត្រ​ទៅ ៨០​ម៉ែត្រ ពី​ខ្សែ​បន្ទាត់​ព្រំដែន៖ «ព្រោះ​ថ្នាក់​លើ​គេ​ឲ្យ​យើង​ផ្អាក​ដើម្បី​គេ​ដោះស្រាយ​សិន។ ឥឡូវ​យើង​ធ្វើ តែ​កន្លែង​ណា​ដែល​ឃាត់​យើង​គឺ​យើង​ផ្អាក តែ​យើង​ធ្វើ​ដេញ​មក​ក្រោយ ឲ្យ​ហើយ​ស្រេច​តែ​ម្តង​ចឹង ហើយ​យើង​ធ្វើ​ត​ទៅ​ទៀត»

ប្រទេស​ឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​ដោយ​អាវុធ​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់​ឡាវ នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ​ដើម្បី​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

កាល​ពី​ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ខែត្រ​ស្ទឹងត្រែង រហូត​ដល់​ខែត្រ​រតនគិរី ឬ​ហៅ​ថា​ចំណុច​កន្ទុយ​នាគ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​ឆ្លើយតប​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា-ឡាវ នៃ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង លោក ទា សន សាទរ​ការ​សាងសង់​ផ្លូវ​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ជា​មធ្យោបាយ​សម្រាប់​ពលរដ្ឋ​ធ្វើ​ដំណើរ និង​ងាយ​ស្រួល​ដឹក​ជញ្ជូន​កសិផល ជាពិសេស​ផ្លូវ​នេះ​ក៏​ជា​របង​ការពារ​មិន​ឲ្យ​ប្រទេស​ជិត​ខាង​រំលោភ​ទឹក​ដី​បាន​ត​ទៅ​ទៀត។ លោក​បារម្ភ​ថា បច្ចុប្បន្ន​ពលរដ្ឋ​ឡាវ និង​ទាហាន​ឡាវ នៅ​តែ​លូច​ឆ្មក់​ចូល​ទឹក​ដី​របស់​កម្ពុជា បាញ់​សត្វ​ព្រៃ​តាម​អំពើ​ចិត្ត​នៅ​ចំណុច​ចុង​អូរដា និង​នៅ​តំបន់​ផ្សេង​ទៀត ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ ខណៈ​យោធា​ឡាវ ច្រើន​បាញ់​គំរាម​អ្នក​ភូមិ ប្រសិន​បើ​ពលរដ្ឋ​ប្រទះ​ឃើញ​ពួក​គេ​បរបាញ់​សត្វ​ព្រៃ និង​សត្វ​ពាហនៈ​អ្នក​ស្រុក។ បញ្ហា​នេះ លោក​អំពាវនាវ​រដ្ឋាភិបាល​ពង្រឹង​គ្រប់គ្រង​សន្តិសុខ​តាម​ព្រំដែន និង​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​មក​កម្ពុជា ដោយ​ខុស​ច្បាប់៖ «ផ្លូវ​បាន​តែ​ធ្វើ​ផ្លូវ តែ​ឡាវ ចូល​បរបាញ់​រាល់​តែ​ថ្ងៃ​អ៊ីចឹង វា​ចូល​ស្ទើរ​រាល់​ថ្ងៃ ឃើញ​វា​កាន់​អាវុធ​ចូល តែ​បង​ប្អូន​គាត់​ឃើញ​ថា​បាន​ជ្រូក​ព្រៃ ៣​ក្បាល»

កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ មេ​ដឹកនាំ​កម្ពុជា-ឡាវ បាន​ឯកភាព​គ្នា​ពន្លឿន​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់ និង​ដាក់​ទិសដៅ​ប្រែ​ក្លាយ​តំបន់​ព្រំដែន​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​មិត្តភាព សន្តិភាព និង​ការ​អភិវឌ្ឍ។ ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន បាន​ស្នើ​ដល់​ប្រទេស​ឡាវ សហការ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ សាមគ្គីភាព គ្រប់​កិច្ចការ​នានា​ឲ្យ​ចប់​សព្វគ្រប់។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ក្រៅ​ពី​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន រាជ​រដ្ឋាភិបាល​គួរ​មាន​យុទ្ធសាស្ត្រ​រយៈពេល​វែង ដោយ​បង្កើត​ឲ្យ​មាន​វិស័យ​កសិកម្ម​តាម​ព្រំដែន ដើម្បី​ជា​បុព្វហេតុ​សេដ្ឋកិច្ច និង​បង្កើត​ឲ្យ​មាន​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ សាលារៀន ភ្លើង​អគ្គិសនី​ជាដើម ប្រយោជន៍​ជំរុញ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​រស់នៅ​តំបន់​នោះ​កាន់​តែ​ច្រើន។ លោក​បញ្ជាក់​ថា ព្រំដែន​រឹងមាំ គឺ​ជា​ព្រំដែន​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន មាន​ច្រក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មក​រស់នៅ​ចិញ្ចឹម​ជីវិត​បង្កើន​សេដ្ឋកិច្ច​ជាតិ៖ «បើ​ចង់​ឲ្យ​ពលរដ្ឋ​ទៅ​ប្រកប​របរ​កសិកម្ម​នៅ​ទីនោះ ទីនោះ​ត្រូវ​តែ​មាន​សាលារៀន មណ្ឌល​សុខភាព ព្រោះ​វា​ជា​តម្រូវការ​បឋម​របស់​មនុស្ស។ ជាមួយ​គ្នា​នេះ​ដែរ ត្រូវ​បង្កើត​ទីផ្សារ​តាម​ព្រំដែន ជា​បុព្វហេតុ​សេដ្ឋកិច្ច​ដែរ បើ​អត់​មាន​សេដ្ឋកិច្ច ពលរដ្ឋ​អត់​ចង់​រស់នៅ​រយៈពេល​វែង ឬ​រយៈពេល​មធ្យម​នៅ​ទីនោះ​ទេ»

កាល​ពី​ឆ្នាំ​២០១៦ ទាហាន និង​នគរបាល​ការពារ​ព្រំដែន​របស់​កម្ពុជា បាន​ហាម​មិន​ឲ្យ​ឡាវ សាងសង់​ប៉ុស្តិ៍​ព្រំដែន​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ​០៣៤ ឬ​ជាប់​ផ្លូវ​ជាតិ​លេខ​៧ នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។ មក​ទល់​ពេល​នេះ ឡាវ បាន​ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​នោះ​ដោយសារ​ភាគី​កម្ពុជា មិន​ឲ្យ​ឡាវ ដឹក​សម្ភារ​សំណង់​ចូល​ក្នុង​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles