គណបក្សសង្គ្រោះជាតិចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៨ កុម្ភៈ ដោយមិនទទួលខុសត្រូវចំពោះការលើកឡើងរបស់ប្រធានសាខាគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តលីយ៉ុង ប្រទេសបារាំង លោក លី ព្រឿង ដែលជេរប្រមាថគណបក្សកាន់អំណាចនោះឡើយ។
គណបក្សសង្គ្រោះជាតិបញ្ជាក់ថា គណបក្សពុំបានអនុញ្ញាត ឬណែនាំលោក លី ពឿង ធ្វើសេចក្ដីថ្លែងការណ៍ ឬអំពាវនាវក្នុងនាមគណបក្សនោះទេ។ គណបក្សនេះបន្តថា គណបក្សប្រកាន់គោលការណ៍អហិង្សា គោរពសេចក្ដីថ្លៃថ្នូររបស់បុគ្គល ដោយជៀសវាងការជេរប្រមាថ ពាក្យអសុរ មួលបង្កាច់ បង្កជម្លោះ គំរាមកំហែង និងបំភិតបំភ័យអ្នកដទៃ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៨ កុម្ភៈ ថា លោកមិនទាន់ពេញចិត្តចំពោះសេចក្ដីថ្លែងការណ៍ ដែលលោកថាគ្មានការដាក់វិន័យចំពោះលោក លី ពឿង និងតំណាងរាស្ត្រមណ្ឌលព្រៃវែងលោក ទួត ឃឿត នោះឡើយ ហើយលោកកំពុងឲ្យមេធាវីពិនិត្យផ្លូវច្បាប់ថាតើអាចធ្វើយ៉ាងណាចំពោះអ្នកទាំងពីរនេះ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ គណបក្សប្រជាជនកម្ពុជា បានថ្កោលទោសលោក លី ព្រឿង និងលោក ទួត ឃឿត ជុំវិញការប្រមាថគណបក្សកាន់អំណាច និងទាមទារឲ្យគណបក្សសង្គ្រោះជាតិ ពន្យល់ឲ្យច្បាស់ជុំវិញការប្រមាថនេះ ដោយត្រូវសុំទោសរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងត្រូវចាត់វិធានការចំពោះលោក លី ព្រឿង និងលោក ទួត ឃឿត ទៅតាមច្បាប់។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិអំពាវនាវដល់ថ្នាក់ដឹកនាំរបស់ខ្លួនគ្រប់លំដាប់ថ្នាក់ សកម្មជន និងអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស គោរពនូវការណែនាំរបស់គណបក្សប្រកបដោយទទួលខុសត្រូវខ្ពស់ ហើយថ្កោលទោសជនណា ដែលប្រើប្រាស់ពាក្យសម្ដីអសុរស ជេរប្រមាថ ជាដើម ដែលធ្វើឲ្យជាតិបែកបាក់៕