ប្រជាពលរដ្ឋដែលទៅចូលរួមកម្សាន្ត និងទស្សនាសង្ក្រាន្តវត្តភ្នំ រាជធានីភ្នំពេញ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវនឹងថ្ងៃសៅរ៍ ទី១៥ ខែមេសា បានបញ្ចេញទស្សនៈ និងបង្ហាញពីសេចក្ដីប៉ងប្រាថ្នារបស់ពួកគាត់ផ្សេងៗគ្នាប៉ុន្តែក្នុងគោលដៅតែមួយ។
ថ្វីត្បិតតែពលរដ្ឋដែលបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី បានបួងសួងប្រហាក់ប្រហែលគ្នា ប៉ុន្តែពួកគេមានបំណងតែមួយចម្បង គឺចង់បានសន្តិភាពនៅក្នុងចិត្ត មានសុភមង្គល និងប្រទេសជាតិមានភាពរីកចម្រើនរុងរឿង។
ពលរដ្ឋដែលទៅទស្សនាកម្សាន្តសង្ក្រាន្តវត្តភ្នំ រាជធានីភ្នំពេញ ខ្លះបានបួងសួងឲ្យមានសុខភាពល្អ ចង់ឲ្យពលរដ្ឋបើកបរប្រកបដោយការយោគយល់អធ្យាស្រ័យគ្នា និងខ្លះទៀតចង់ឲ្យអ្នកគ្រប់គ្រងប្រទេស ដឹកនាំប្រទេសជាតិទៅរកភាពរីកចម្រើន សុខសន្តិភាព និងចូលរួមបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ៖ «ចង់បានសេចក្ដីសុខសប្បាយតែម្ដង ចាស់ហើយលែងចង់បានអីហើយ។ សូមឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមឲ្យគាត់ជួយកូនចៅរហូតបានហើយអរគុណ។ ខ្ញុំបួងសួងទេវតាឆ្នាំថ្មី បានចម្រើនរុងរឿងឆ្នាំថ្មី សូមឲ្យប្រទេសជាតិយើងនៅថ្ងៃមុខបោះឆ្នោតឲ្យអ្នកធ្វើល្អ សូមឲ្យជាប់ឆ្នោត សម្រាប់រីកចម្រើនកូនចៅជំនាន់ក្រោយ។ ខ្ញុំចង់ឲ្យប្រជាជនខ្មែរយើងបើកបរប្រកបដោយការយោគយល់អធ្យាស្រ័យគ្នា បារម្ភជាងគេគឺរឿងគ្រោះថ្នាក់ចរាចរណ៍។ សំខាន់ជាងគេគឺចង់មានសុខភាពល្អ សុខសប្បាយរកស៊ីមានបាន»។
ថ្វីបើគ្រប់គ្នាមានសេចក្ដីប៉ងប្រាថ្នាសម្រាប់ពេលអនាគត ប៉ុន្តែអ្នកស្រី ទុយ ម៉ាលី វ័យជាង ៧០ឆ្នាំ ដែលជាមន្ត្រីពេទ្យចូលនិវត្តន៍ បែរជានឹកឃើញថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលពលរដ្ឋកម្ពុជា ទទួលរងទុក្ខបុកម្នេញ ដោយពួកខ្មែរក្រហមឡើងគ្រប់គ្រងអំណាចក្រោយពេលឈ្នះសង្គ្រាមលើរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ទៅវិញ។
អ្នកស្រីជាអ្នករស់នៅទីក្រុងភ្នំពេញ រំលឹកថា ពេលនោះកងទ័ពខ្មែរក្រហមរាប់ពាន់នាក់សម្រុកចូលទីក្រុងភ្នំពេញ គ្រប់ច្រកល្ហកដែលធ្វើឲ្យក្រុមគ្រួសារអ្នកស្រីបែកគ្នា។ មានប្រសាសន៍បណ្ដើរអ្នកស្រីបានសម្លឹងទៅមើលឆាកវេទិកាប្រគំតន្ត្រីបណ្ដើរ និងបានបួងសួងឲ្យប្រទេសជាតិមានសន្តិភាពតរៀងទៅ៖ «ថ្ងៃទី១៧ (មេសា) ហ្នឹង ពួកខ្មែរក្រហមចូល ឲ្យយើងចេញៗទៅ បងប្អូនយើងអ្នកភ្នំពេញអត់ដឹងអីទេ វិប្បដិសារីអស់មួយជីវិត។ នឹកឃើញថា យើងជាអ្នកចេះដឹង ជាបញ្ញវន្តយើងមិនធ្លាប់ពិបាកជីវភាពដូចសព្វថ្ងៃ។ ខ្ញុំចង់បានអ្នកដឹកនាំមួយល្អ»។
ចំណែកលោក អ៊ុំ ផល្លា ដែលកំពុងបណ្ដើរភរិយា និងកូនៗទៅលេងសង្ក្រាន្តវត្តភ្នំ ថ្លែងថា លោកព្រួយបារម្ភខ្លាចប្រទេសក្នុងពិភពលោកកើតសង្គ្រាម។ លោកបួងសួងឲ្យពិភពលោកបានទទួលសន្តិភាពកុំប៉ះប្រយុទ្ធគ្នាឡើយ៖ «យើងចេះតែឮៗ យើងចេះតែភ័យ នៅរុស្សី នៅកូរ៉េ និងស៊េរី យើងជាប្រជាជនដូចគ្នា វាអាចមានសង្គ្រាម វាអាចប៉ះពាល់ដល់យើងខ្លះហើយ។ អត់ចង់ឃើញអ៊ីចឹងដែរ ចង់បានសុខសាន្ត ដើរសប្បាយទាំងអស់។ ខ្ញុំសូមបួងសួងកុំឲ្យពិភពលោកទាំងមូលកុំឲ្យកាប់សម្លាប់គ្នា»។
ក្រៅអំពីសេចក្ដីប៉ងប្រាថ្នាសម្រាប់សុខសប្បាយក្នុងកើតមានដល់ពលរដ្ឋក្នុងស្រុក និងក្រៅស្រុកលោក មុំ ស៊ិនណារិន ជាគ្រូសិល្បៈនៃក្លឹបវិថីស្ពានតារាបានផ្ញើជូនពរឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទូទាំងប្រទេសឲ្យជួបតែសុខសាន្ត និងសុភមង្គល៖ «សប្បាយណាស់ប្រពៃណីរបស់ខ្មែរយើង តាំងពីបរមបុរាណមកមិនអាចចោលបានទេ។ ខ្ញុំសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសសូមឲ្យមានសុខភាពល្អ រកស៊ីមានបាន ឲ្យចម្រើនទាំងអស់គ្នា»៕