ប្រធានគណបក្សប្រឆាំង នៅថ្ងៃចូលឆ្នាំទី២នេះ បានឌឺដងអោយគណបក្សកាន់អំណាចនៅពេលលោកជួបជាមួយអ្នកគាំទ្រនៅឯក្រៅប្រទេស។ លោក កឹម សុខា ប្រាប់អ្នកគាំទ្រនៅប្រទេសអូស្ត្រាលី ថា មន្ត្រីរាជការ កម្មករនៅកម្ពុជា បានឡើងប្រាក់ខែដោយសារបក្សកាន់អំណាចការប្រកួតប្រជែងគោលនយោបាយជាមួយគណបក្សលោក។ តែអ្នកនាំពាក្យគណបក្សកាន់អំណាចថា លោក កឹម សុខា ជាជនឆ្លៀតឱកាស។
ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា សុទ្ធតែបានថ្លែងនៅមុនពិធីបុណ្យចូលឆ្នាំថា ចង់បានភាពស្ងប់ស្ងាត់នៅក្នុងរដូវកាលចូលឆ្នាំ ប៉ុន្តែនៅពេលពិធីនេះចូលមកដល់ អ្នកនយោបាយទាំងពីរនេះនៅតែថ្លែងសារនយោបាយបញ្ឆិតបញ្ឆៀងដដែល។
ថ្លែងចំពោះមុខអ្នកគាំទ្រនៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំនេះ បានលើកពីគុណសម្បត្តិខ្លួនឯង និងឌឺដងគណបក្សកាន់អំណាចជាច្រើន។ លោក កឹម សុខា បានសរសើរគោលនយោបាយរបស់បក្សខ្លួនថា ល្អ និងស្នើឲ្យដៃគូប្រកួតគោលនយោបាយកុំប្រកួតរឿងប្រើកាំភ្លើង ឬសង្គ្រាម។
លោកបន្តថា ការដំឡើងប្រាក់ខែមន្ត្រីរាជការដល់ ១លានរៀលក្នុងមួយខែ ការដំឡើងប្រាក់ឈ្នួលកម្មករ និងការបញ្ចុះតម្លៃភ្លើងអគ្គិសនី គឺគណបក្សកាន់អំណាចបានយកតាមគោលនយោបាយបក្សប្រឆាំង៖ «ពេលហ្នឹងអ្នកខ្លះគេថា មិនកើតទេ មានលុយឯណា ចេះតែថា គណបក្សសង្គ្រោះជាតិ ដើរតែភរ ដើរតែភូត ដើរប្រជាភិថុតិ ដើរបោកប្រាស់ ស្រាប់តែឥឡូវនេះ ខាងគណបក្សកាន់អំណាចថា ឡើងមួយលានដែរ ឃើញទេ? បើសង្គ្រោះជាតិមិនថាពីហ្នុង ស្មានតែបានហ្អី! អ៊ីចឹងបានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគាត់អរគុណគណបក្សប្រឆាំង កុំតែមានគណបក្សប្រឆាំង កុំអីនៅតែស៊ី ៣០ម៉ឺនដដែល»។
កាលពីរដូវកាលឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ គណបក្សសង្គ្រោះជាតិ បានចេញគោលនយោបាយ ៧ចំណុច ក្នុងនោះមានការសន្យាដំឡើងប្រាក់ខែមន្ត្រីរាជការឲ្យបានតិចបំផុតត្រឹម ១លានរៀល និងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារក្នុងមួយខែ និងបញ្ចុះថ្លៃអគ្គិសនី ៦០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
ក្រៅពីការអួតគោលនយោបាយរបស់បក្សប្រឆាំង លោក កឹម សុខា ចោទថា គណបក្សកាន់អំណាចមានចេតនាបំបែកបំបាក់ និងចង់រំលាយគណបក្សសង្គ្រោះជាតិ ជាច្រើនដងមកហើយ តាំងតែកាលលោកឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្សមកម្ល៉េះ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុក លោក កឹម សុខា ជាជនឆ្លៀតឱកាស។ លោក សុខ ឥសាន ទាត់ចោលរាល់ការចោទប្រកាន់របស់លោក កឹម សុខា លើបក្សកាន់អំណាច។ ឯរឿងលោក កឹម សុខា ថា សុខចិត្តសម្ងំមិនរត់ពេលជួបរឿងក្ដីក្ដាំនៅតុលាការ លោក សុខ ឥសាន ថា លោក កឹម សុខា ក៏ចិត្តមិនសឿងដូចលោក សម រង្ស៊ី ដែរ៖ «និយាយមិនហ៊ានទទួលស្គាល់ការពិត បើកាលណារត់ភៀសខ្លួនវាធ្ងន់ធ្ងរ អាហ្នឹងវាកាន់តែធ្ងន់ខ្លួនទៀត វាទៅដូចវាកុន ហ្នឹងវាខុសជាក់ស្ដែង ហើយគាត់មិនឆ្លង មិនឆ្លើយ មិនឈ្លោះហ្នឹង ដោយសារអី? គាត់មិនបញ្ចេញការពិត»។
ក្រោយពេលមានព្រះរាជក្រឹត្យលើកលែងទោស លោក កឹម សុខា មិនយូរប៉ុន្មានហ្វេសប៊ុក (Facebook) ឈ្មោះ សី ហា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសើរថា ជាជើងខ្លាំងខាងលួចថតសំឡេង បានបញ្ចេញខ្សែអាត់សំឡេងឆ្លើយគ្នារវាងលោក កឹម សុខា ជាមួយលោក ហ៊ុន សែន។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា គណបក្សប្រជាជនកម្ពុជា បានយកគោលនយោបាយដំឡើងប្រាក់ខែ បញ្ចុះថ្លៃភ្លើងតាមបក្សប្រឆាំង។ ក៏ប៉ុន្តែលោកយល់ថា ល្អ ព្រោះបានចំណេញដល់ពលរដ្ឋ។ បើទោះជាបែបនេះក្ដី លោក ឡៅ ម៉ុងហៃ ថា អ្នកនយោបាយនៅកម្ពុជា គួរតែផ្អាកសកម្មភាពវាយប្រហារគ្នានៅរដូវបុណ្យចូលឆ្នាំ ហើយគួរយកឱកាសចូលឆ្នាំនេះមកបង្រួបបង្រួមជាតិវិញ៖ «យើងវាគ្មានរបៀបរបប គោរពទំនៀមទម្លាប់ហ្នឹង។ វប្បធម៌ពីមុនៗមកហ្នឹង ពេលអ៊ីចឹងៗ គេមិនត្រូវបង្កើតឲ្យមានអរិយភាពរវាងគ្នានឹងគ្នាទេ»។
កាលពីថ្ងៃចូលឆ្នាំទី១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើករឿងនិទានមួយដែលមានតួអង្គព្រះឥន្ទជាអ្នកធ្វើឲ្យអ្នកសុំទានម្នាក់បានឲ្យក្លាយជាស្ដេចផែនដី ប៉ុន្តែព្រះឥន្ទព្រួយបារម្ភខ្លាចអ្នកសុំទានដែលបានក្លាយជាស្ដេចនោះ លោភលន់ចង់បានឋានព្រះឥន្ទ ក៏ជប់បុរសនោះទៅជាអ្នកសុំទានវិញ។ បើទោះជាមិនដឹងថា លោក ហ៊ុន សែន និយាយសំដៅទៅកាន់នរណាក្ដី ប៉ុន្តែអ្នកវិភាគនយោបាយយល់ថា នេះជាសារវាយប្រហារគូប្រកួតនយោបាយ។ អ្នកវិភាគនយោបាយថា ប្រមុខរដ្ឋាភិបាលគួរថ្លែងសារដែលបង្ហាញពីការបង្រួបបង្រួមជាតិ ជាជាងការវាយប្រហារគ្នាក្នុងរដូវបុណ្យចូលឆ្នាំថ្មី៕