អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ប្រារព្ធពិធីបុណ្យប្រាសាទព្រះគោ ផ្សារភ្ជាប់សិល្បៈវាយខែលជារៀងរាល់ឆ្នាំរយៈពេល ៣យប់ ៤ថ្ងៃ ដោយចាត់ទុកជាសិល្បៈរំឭកគុណព្រះគោ ព្រះកែវ បួងសួងសុំសេចក្ដីសុខចម្រើន និងដើម្បីអភិរក្សប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិចនាខែត្រភាគឦសាននេះ។ ជនជាតិដើមភាគតិចកួយ ចាត់ទុកសិល្បៈវាយខែល ថាជាការរំឭកគុណបុព្វបុរសខ្មែរធ្វើសង្គ្រាមដោយប្រើអាវុធ រួមមានដាវ និងលំពែង។
«សំឡេងភ្លេងសិល្បៈវាយខែល»
រំពាត់ផ្ដៅអមដោយខែល និងស្គរគឺជាឧបករណ៍ដែលជនជាតិដើមភាគតិចកួយ យកមកសម្ដែងសិល្បៈវាលខែលក្នុងពិធីបុណ្យនៅមុខប្រាសាទព្រះគោ។
ការសម្ដែងសិល្បៈនេះ គេចាត់ឲ្យមានមនុស្សពីរនាក់ដែលមកពីឃុំផ្សេងគ្នាប្រកួតជាក្រុម ហើយប្រកួតម្ដងមួយគូ អមដោយអាជ្ញាកណ្ដាលម្នាក់។ ដៃឆ្វេងកាន់ខែល ដៃស្ដាំកាន់រំពាត់ត្រូវបានគេវាយសំដៅគ្នាទៅវិញទៅមកខ្លាំងៗ ពេលខ្លះចំខែល និងខ្លះចំជើងដៃដងខ្លួន និងខ្លះរហូតដល់ប៉ះចំភ្នែកក៏មានដែរ។ ការវាយបែបនេះជនជាតិកួយ ជឿជាក់ថា មានបារមីគ្រូបាធ្យាយ និងព្រះគោ ថែរក្សា។
ជនជាតិដើមភាគតិចខ្លះ បរិភោគប្រទាល ឬមើមឈើដែលគេជឿថា វាយមិនឈឺ។
អ្នកប្រកួតសិល្បៈវាលខែលម្នាក់ក្នុងចំណោមជាច្រើនទៀត គឺលោក ផាន់ វ៉ាត់ ចាត់ទុកពិធីបុណ្យវាលខែល ដើម្បីបញ្ជាក់អត្តសញ្ញាណជនជាតិដើមភាគតិច និងរំឭកគុណព្រះគោ ព្រះកែវ ឲ្យជួយថែរក្សាពលរដ្ឋឲ្យជួបសេចក្ដីសុខចម្រើន។ លោកចំណាំថា ឆ្នាំកន្លងទៅអាជ្ញាធរស្រុកបានប្រារព្ធពិធីបុណ្យប្រាសាទព្រះគោ តែពុំប្រារព្ធពិធីវាលខែល បណ្ដាលឲ្យថ្នាក់ដឹកនាំស្រុកមួយចំនួនកើតមានរឿងរ៉ាវឥតឈប់ឈរ។ ដោយសារកត្តានេះហើយ ទើបអាជ្ញាធរស្រុកច្រើនជំនាន់មកហើយ ពុំមើលរំលងពិធីបុណ្យនេះទេ ដោយភ្ជាប់សិល្បៈវាយខែលផង។
លោក ផាត់ វ៉ា់ត់ មានជំនឿថា ការថែរក្សាកេរដំណែលដូនតាឲ្យល្អនោះ ហាក់បីដូចជាការដឹងគុណបុព្វបុរសខ្មែរដូច្នេះដែរ៖ «តាំងពីប្រាសាទ ប្រាសាទមក ខ្ញុំដឹងតៗពីចាស់មក តែងតែបុណ្យរៀងរាល់ឆ្នាំ ហើយរៀងរាល់ឆ្នាំជនជាតិដើមភាគតិច និងកីឡាវាយខែល មកវ៉ៃ បើថាបុណ្យម្ដងៗ បើថាអត់មានក្រុមកីឡាវាយខែល គឺអត់សុខទេ»។
ព្រះចៅអធិការវត្តថាឡាបរិវ៉ាត់ ព្រះតេជព្រះគុណ ពុធ យ៉ាំ មានថេរដីកាថា ប្រាសាទព្រះគោ គឺជាទីសក្ការដែលគេតែងតែគោរពបូជាទាំងក្នុង និងក្រៅប្រទេស ជាពិសេសអ្នកស្រុកថាឡាបរិវ៉ាត់ តែងតែរៀបចំពិធីបុណ្យប្រាសាទព្រះគោ សុំសេចក្ដីសុខចម្រើន ធ្វើកសិកម្មបានផលច្រើន។ លើសពីនេះ បើអ្នកភូមិមានជំងឺឈឺគឺតែងតែយកតង្វាយ បួងសួងនៅប្រាសាទព្រះគោ និងតែងតែជាសះស្បើយដូចបំណង។
ព្រះអង្គមានថេរដីកាបន្តថា អ្នកស្រុកមានជំនឿលើសិល្បៈវាយខែល ឬហៅថា វាយកួយ ដែលគេជឿថា ធ្វើពិធីនេះនឹងនាំសេចក្ដីសុខចម្រើន ប្រសិនបើអ្នកស្រុកពុំបានប្រារព្ធពិធីនេះទេគេជឿថា អ្នកភូមិច្រើនកើតជំងឺ ជាពិសេសអាជ្ញាធរស្រុកតែងតែមានបញ្ហាមិនចេះចប់៖ «គេធ្លាប់ធ្វើពិធីនេះតាំងពីដើមមក បើមិនធ្វើពិធីនេះអ្នកស្រុកនឹងមានជំងឺច្រើន។ មានបញ្ហាចេញចុះតាំងពីមន្ត្រីរាជការ»។
ព្រះតេជព្រះគុណ ពុធ យ៉ាំ កត់សម្គាល់ថា កាលពីទសវត្សរ៍ទី៨០ មានជនជាតិវៀតណាម យកកាំបិតសំលៀងនៅចម្លាក់ប្រាសាទព្រះគោ ជួបប្រទះគ្រោះធ្ងន់បណ្ដាលឲ្យស្លាប់ច្រើននាក់។ ព្រះអង្គបារម្ភថា ការអភិរក្សប្រាសាទនេះមានភាពធូរលុងបណ្ដាលឲ្យទ្រង់ទ្រាយប្រាសាទរងភាពទ្រុឌទ្រោម ហើយអ្នកស្រុកថាឡាបរិវ៉ាត់ មួយចំនួនបានលែងគោក្របី ពាសវាលពាសកាលចូលបរិវេណប្រសាទក៏ជាផ្នែកមួយធ្វើឲ្យប៉ះពាល់ប្រាសាទ។ បញ្ហានេះព្រះអង្គចង់ឲ្យក្រសួងវប្បធម៌យកចិត្តទុកដាក់អភិរក្សប្រាសាទបន្ថែម ខណៈឆ្មាំអភិរក្សប្រាសាទបច្ចុប្បន្នហាក់ដូចជាពុំយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អនោះទេ។
ព្រះអង្គកត់សម្គាល់ថា អ្នកភូមិតែងយកតង្វាយមានចេក ស្មៅខ្ចី និងស្លាធម៌ជាដើម ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើននៅក្នុងពិធីបុណ្យប្រាសាទរៀងរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ ព្រះអង្គសំណូមពរឲ្យរដ្ឋាភិបាល និងពលរដ្ឋគាំទ្រប្រពៃណីជនជាតិដើមភាគតិចកួយ ដូចជាសិល្បៈវាយខែលជាអត្តសញ្ញាណជនជាតិដើមភាគតិច៖ «ដូចប្រាសាទកាលពីមុននៅល្អ តែចាស់ៗ។ ភាពយល់ដឹងពលរដ្ឋអីតិចតួច គាត់ចេះតែឆ្កឹះយកថ្មយកឥដ្ឋអីទៅ និងយកកំណប់បានប្រាសាទវាទ្រុឌទ្រោម»។
នាយករដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មានប្រសាសន៍ថា អាជ្ញាធរស្រុកតែងតែជ្រោមជ្រែងបង្កើតឲ្យមានពិធីបុណ្យប្រាសាទព្រះគោ ជារៀងរាល់ឆ្នាំ អមដោយសិល្បៈវាលខែល និងល្បែងប្រជាប្រិយមួយចំនួនដែលត្រូវបានលេងនៅបរិវេណប្រាសាទព្រះគោ។ លោកថា បុណ្យប្រាសាទព្រះគោឆ្នាំនេះ មានការប្រកួតបាល់ទាត់ មានទាំងវ័យចំណាស់ និងវ័យក្មេង ដែលប្រកួតវិលជុំតាំងពីថ្ងៃទី៣១ ខែមីនា។ លើសពីនេះ ក្នុងពិធីបុណ្យប្រាសាទថ្ងៃទី១ មានពិធីក្រុងពាលី ពិធីសូត្រមន្ត រហូតដល់ម៉ោង ៤ល្ងាចទើបចាប់ផ្ដើមសិល្បៈវាយខែល រយៈពេល ៣ថ្ងៃ។
លោកថា ជនជាតិដើមភាគតិចកួយ មកពីស្រុកឆែប ខែត្រព្រះវិហារ បានប្រកួតសិល្បៈវាយខែល ជាមួយជនជាតិដើមភាគតិចកួយ រស់នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។ លោកទទួលស្គាល់ថា កីឡាករខ្លះបរិភោគប្រទាល ឬមើលឈើដើម្បីការពារកុំអោយគេវាយឈឺសាច់ពេលប្រកួតវាយខែល ក៏ប៉ុន្តែកីឡាករដែលបរិភោគប្រទាលគេឃើញមានតែជនជាតិដើមភាគតិចនៅស្រុកឆែបនោះទេ៖ «កីឡាករមកពីស្រុកឆែប គឺគាត់មានប្រទាលដែលគាត់ហូប ហើយយើងបានបានសួរគាត់ថា ប្រទាលហ្នឹងហូបទៅយ៉ាងម៉េច? គាត់ថា ហូបទៅវាយមិនឈឺសាច់។ តែយើងមិនដែលសាកដែរ មិនដឹងពិតមែនអ៊ីចឹង ឬយ៉ាងម៉េចទេ»។
បរិវេណប្រាសាទព្រះគោ ដែលគេប្រារព្ធវាលខែ មានទំហំប្រហែលជាង ២ហិកតារ រាងជារង្វង់ មានរូបសំណាកឥសីពីរអង្គអមសងខាងក្នុងប្រាសាទ មានចម្លាក់យោនី នាង សុម៉ាវតី និងលិង្គព្រះឥសូរ។
អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់លើកឡើងថា ប្រាសាទព្រះគោ ដែលអ្នកស្រុកថាឡាបរិវ៉ាត់ ជឿជាក់ថា ពូកែសក្ដិសិទ្ធិនោះ កសាងឡើងនៅសម័យមុនអង្គរ គឺសម័យចេនឡាក្នុងសតវត្សទី៧ ឈានចូលដល់សតវត្សទី៨ នៃគ.សដោយព្រះបាទវរ្ម័នទី១ សម្រាប់ឧទ្ទិសជូនអាទិទេពក្នុងព្រហ្មញ្ញសាសនា។ នៅខាងមុខប្រាសាទចម្ងាយជាង ១០ម៉ែត្រមានបដិមារូបព្រះគោ បែកបាក់មួយចំហៀងខ្លួនខាងស្ដាំដែលគេសង្ស័យថា ជនខិលខូចបំផ្លាញប្រហែល ៣០ឆ្នាំមកហើយ ថែមទាំងមានស្នាមប្រេះពុះច្រៀកស្ទើរពាក់កណ្ដាលខ្លួន តែត្រូវបានបិទវិញដោយស៊ីម៉ងត៍នៅពេលថ្មីៗនេះ។ ស្ថានភាពបដិមាព្រះគោ បែបនេះត្រូវបានអ្នកស្រាវជ្រាវផ្នែកប្រវត្តិវិទ្យាដាក់ការសង្ស័យថា ជាការស្វែងរកកំណប់របស់ជនខិលខូច៕