Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រួសារ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​ដោះលែង​មន្ត្រី​អាដហុក​និង​គ.ជ.ប​ដែល​ជាប់​ឃុំ

$
0
0

គ្រួសារ​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប សម្ដែង​ការ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​ព្រម​ដោះលែង​អ្នក​ទាំង ៥​នាក់​នោះ​ឲ្យ​ចេញ​ពី​ពន្ធនាគារ​ដើម្បី​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត។ រី​ឯ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លើក​ឡើង​ថា ច្បាប់​គឺ​ច្បាប់ មិន​អាច​លើកលែង​ទោស​តាម​ការ​លើក​ឡើង​ណា​មួយ​បាន​ទេ។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ចូល​មក​ដល់ ជា​ពេល​វេលា​សប្បាយ​រីករាយ​សម្រាប់​ក្រុម​គ្រួសារ​ខ្មែរ​ទូទៅ​ដ្បិត​បាន​ជួបជុំ​គ្រួសារ ប៉ុន្តែ​ពេល​វេលា​នេះ​នៅ​តែ​ជា​ទុក្ខសោក​សម្រាប់​ក្រុម​គ្រួសារ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​កំពុង​ជាប់ឃុំ។

គ្រួសារ​របស់​មន្ត្រី​អាដហុក ទាំង ៤​រូប រួម​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ព្រម​ទាំង​លោក នី ចរិយា មន្ត្រី គ.ជ.ប លែង​បាន​រស់​នៅ​ជួបជុំ​សប្បាយ​រីករាយ​ជាមួយ​គ្នា​ដូច​ឆ្នាំ​មុនៗ។ ការ​រស់​នៅ​បែកបាក់​គ្នា​នេះ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​ពួកគេ​បណ្ដោះអាសន្ន កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ "សូកប៉ាន់​សាក្សី" និង "សម​គំនិត​សូក​ប៉ាន់​សាក្សី"។

កូនស្រី​ពៅ​របស់​លោក យី សុខសាន្ត គឺ​កញ្ញា សាន្ត វឌ្ឍនៈវត្តី រៀបរាប់​ទាំង​អួល​ដើម​ក​លាយឡំ​ដោយ​ទឹកភ្នែក​ថា ឆ្នាំ​នេះ​ពួកគេ​អភ័ព្វ​ខ្លាំង​ណាស់​ដែល​មិន​បាន​ជួបជុំ​គ្រួសារ​ដូច​ឆ្នាំ​មុនៗ៖ «ទៅ​ជួប​គាត់ គាត់​អោប​ម៉ាក់ អោប​ខ្ញុំ អោប​បង​ប្រុស​ខ្ញុំ គាត់​ថា ជិត​ដល់​ចូល​ឆ្នាំ​ហើយ ប៉ា​នឹក​ប្រពន្ធ​កូន​ណាស់ តែ​មិន​ដឹង​គេ​អោយ​យើង​ចេញ​ទៅ​ផ្ទះ​អត់​ទេ...»

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ កូនស្រី​អ្នកស្រី លឹម មុន្នី គឺ​កញ្ញា អ៊ុន ប៊ុណ្ណារី  រៀបរាប់​ថា ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ពួកគាត់​ពិត​ជា​មាន​អារម្មណ៍​ថា​ពិបាក​ទទួល​យក​ណាស់ ព្រោះ​ជា​រៀងរាល់​ឆ្នាំ​ពួកគេ​ធ្លាប់​តែ​រស់​ជួបជុំ​ក្រុម​គ្រួសារ។

កញ្ញា​បន្ត​ថា ឆ្នាំ​នេះ​អ្វីៗ​ត្រូវ​ប្រែប្រួល​អស់​តាម​អំណាច​សេចក្ដី​សម្រេច​របស់​តុលាការ ដែល​ពួកគេ​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នក​ដែល​គ្មាន​កំហុស៖ «គាត់​អត់​មាន​ទោស​កំហុស​អី​សោះ គាត់​ជា​អ្នក​សិទ្ធិ​មនុស្ស​ជួយ​គេ​សោះ ប៉ុន្តែ​ស្ងាត់​ឈឹង អត់​មាន​ដំណឹង​ថា នឹង​បាន​នៅ​ក្រៅ​ឃុំ អត់​មាន​ដំណឹង​ថា ក្ដី​ហ្នឹង​នឹង​កាត់​ទៅ​របៀប​ម៉េច តុលាការ​ក៏​អត់​រវល់...»

ឆ្លើយ​តប​ចំពោះ​ករណី​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ ពុំ​កំណត់​ថា​អ្នក​នោះ​ជា​មន្ត្រី​សង្គម​ស៊ីវិល ឬ​មន្ត្រី​គណបក្ស​នយោបាយ​នោះ​ទេ៖ «ចូល​រួម​សោកស្ដាយ​ជាមួយ​គ្រួសារ​របស់​គាត់ ក៏​ប៉ុន្តែ​ច្បាប់​នៅ​តែ​ជា​ច្បាប់»

មាន​ទឹក​មុខ​ក្រៀមក្រំ លោកស្រី ភាវ ម៉ី ជា​ភរិយា​របស់​លោក ណៃ វ៉ង់ដា ថ្លែង​ដោយ​សំឡេង​មួយៗ​ថា ចាប់​តាំង​ពី​ស្វាមី​ជាប់​ពន្ធនាគារ​មក គឺ​គ្រួសារ​លោកស្រី​ខ្វះ​ភាព​កក់ក្ដៅ ដោយ​លោកស្រី​តែ​ម្នាក់​ឯង​ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​កូន​ពីរ​នាក់ និង​ត្រូវ​ឆ្លៀត​ពេល​ទៅ​សួរ​សុខទុក្ខ​ប្ដី​ក្នុង​មួយ​អាទិត្យ ៣​ដង។ លោកស្រី​ថា ករណី​ប្ដី​លោកស្រី និង​មន្ត្រី​អាដហុក ផ្សេង​ទៀត គឺ​ជា​រឿង​នយោបាយ ឬ​អាច​និយាយ​បាន​ថា គ្មាន​ទោស​កំហុស​ធ្ងន់ធ្ងរ​នោះ​ទេ ដូច្នេះ​គួរ​ណាស់​តែ​រដ្ឋាភិបាល​ដោះលែង​ពួកគាត់​វិញ៖ «តែ​រឿង​លុយ ២០៤ (ដុល្លារ) ប៉ុន្តែ​រឿង​លុយ​ហ្នឹង​គេ​មាន​វិក្កយបត្រ​អី​ត្រឹមត្រូវ មិន​មែន​យើង​ចេះ​តែ​ចាយ​ផ្ដេសផ្ដាស​ទេ»

មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឃាត់​ខ្លួន​ដោយ​គ្រាន់​តែ​សំអាង​លើ​លិខិត​ចំហ​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ចោទ​ថា អ្នក​ទាំង​នោះ​បាន​លួងលោម និង​សូកប៉ាន់​នាង​មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ក្នុង​សំណុំរឿង​ខ្សែអាត់​សំឡេង​សាសង​តាម​ទូរស័ព្ទ​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​​នាង និង​លោក កឹម សុខា នោះ។

តាម​ពិត​ស្រីមុំ ខ្លួន​ឯង​ទេ និយាយ​ថា នាង​គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា ខណៈ​នាង​ទៅ​សុំ​ជំនួយ​ការពារ​ផ្នែក​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដោយ​បន្សល់​ទុក​ខ្សែ​វីដេអូ​សម្ភាសន៍​ជា​ភស្តុតាង​ទៀត​ផង។ ក្នុង​ពេល​កាន់​ក្ដី​រឿង​ស្រីមុំ នោះ អាដហុក បាន​ផ្ដល់​ប្រាក់ ២០៤​ដុល្លារ តាម​លិខិត​ស្នើ​សុំ​របស់​កញ្ញា​ស្រីមុំ ដូច​អ្វី​ដែល​អាដហុក ធ្លាប់​ផ្ដល់​ឲ្យ​ជនរងគ្រោះ​ផ្សេង​ទៀត ដោយ​មាន​វិក្កយបត្រ​ត្រឹមត្រូវ​សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ ថ្លៃ​ម្ហូប​អាហារ និង​ស្នាក់​នៅ​ពេល​មក​កាន់​សមាគម​អាដហុក និង​ឡើង​តុលាការ។

ភរិយា​លោក នី ចរិយា គឺ​លោកស្រី យ៉ែម ចន្ថា ដែល​ជា​ម្ដាយ​របស់​កូនប្រុស​ស្រី​ចំនួន ៣​នាក់​ក្នុង​បន្ទុក រៀប​រាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា លោកស្រី​សោកស្ដាយ​ណាស់​ដែល​រដ្ឋាភិបាល​ពុំ​ព្រម​ដោះលែង​អ្នក​ទាំង ៥​នាក់​នោះ ឲ្យ​បាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដូច​គ្រួសារ​ខ្មែរ​ដទៃ​ទៀត៖ «អស់​លោក​អ្នក​ធំ​ហ្នឹង​ពេល​ចូល​ឆ្នាំ​បាន​ជួបជុំ​ក្រុម​គ្រួសារ ហើយ​គ្រួសារ​ខ្ញុំ​ក៏​ចង់​បាន​ដូច​គ្នា​អ៊ីចឹង​ដែរ...»

ទោះបីជា​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប មិន​ត្រូវ​បាន​ដោះលែង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្ដី​គ្រួសារ​របស់​ពួកគេ​នៅ​តែ​អំពាវនាវ​រក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​ដើម្បី​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ទាំង ៥​រូប ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (Central)  លោក មឿន តុលា មាន​ប្រសាសន៍​ថា កន្លង​មក​តំណាង​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា អ្នក​ធ្វើ​ការ​រឿង​សិទ្ធិមនុស្ស​នេះ​គឺ​ជា​មនុស្ស​ល្អ មិន​ចេះ​ចង់​មាន​បាន​អ្វី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគេ​ថែម​ទាំង​ចំណាយ​ពេល​វេលា និង​ធនធាន​ខ្លួន​ឯង​ដើម្បី​ជួយ​អ្នក​ទន់​ខ្សោយ ដូច្នេះ​ជា​គោលការណ៍​អ្នក​ទាំង ៥​នាក់​នោះ គួរ​តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «»។

ឆ្នាំ​ថ្មី​នេះ គ្រួសារ​របស់​មន្ត្រី​អាដហុក ទាំង​អស់​គ្មាន​គម្រោង​ធ្វើ​អ្វី​ធំដុំ​នោះ​ទេ ក្រៅ​តែ​ពី​ទៅ​សួរសុខទុក្ខ​អ្នក​ទាំង ៥​នាក់​នោះ​នៅ​ក្នុង​ពន្ធនាគារ​ដូច​សព្វមួយដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles