នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័កនេះ ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងតែជួបជុំបងប្អូនញាតិមិត្តសប្បាយរីករាយអបអរឆ្នាំថ្មី គឺនៅឯឃុំភ្នំត្បែង២ នៃស្រុកគូលែន ខេត្តព្រះវិហារ វិញ ហាក់មិនសូវមានប្រជាពលរដ្ឋច្រើនកុះករចូលរួមអបអរ និងទទួលទេវតាឆ្នាំថ្មីប៉ុន្មានទេ។ មូលហេតុដោយសារតែពលរដ្ឋទីនោះ ភាគច្រើនមានជីវភាពក្រីក្រ ត្រូវចាកចេញទៅធ្វើចំការ និងចូលព្រៃដើម្បីស្វែងរកអនុផលព្រៃឈើចិញ្ចឹមជីវិត។
ឃុំភ្នំត្បែង២ នៃស្រុកគូលែន គឺជាតំបន់ដាច់ស្រយាលមួយស្ថិតនៅចម្ងាយជាង ៥០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តព្រះវិហារ។
ទីនោះមានប្រជាពលរដ្ឋរស់នៅចំនួន ៤ភូមិ ដែលភាគច្រើនសុទ្ធតែមានជីវភាពក្រីក្រ ដោយប្រកបមុខរបរជាអ្នកធ្វើស្រែចំការ និងចូលព្រៃដើម្បីរកចំណូលពីអនុផលព្រៃឈើ។
នៅក្នុងពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងនាំគ្នារីករាយអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ពលរដ្ឋនៅក្នុងឃុំភ្នំត្បែង២ ខ្លះ មិនបានចូលរួមពិធីបុណ្យចូលឆ្នាំថ្មីទេ។ ពួកគេបានចាប់អារម្មណ៍ទៅលើជីវភាពប្រចាំថ្ងៃច្រើនជាងការចូលរួមសប្បាយ។
ស្ត្រីអ្នកភូមិឈូកនៃឃុំភ្នំត្បែង២ ម្នាក់ ក្នុងចំណោមអ្នកភូមិជាច្រើនទៀត គឺលោកស្រី យឹម ទៀប។លោកស្រីមានប្រសាសន៍ថា ថ្វីត្បិតតែពេលនេះជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមែន តែអ្នកភូមិរបស់គាត់ ក៏ដូចជាអ្នកភូមិផ្សេងទៀតជាច្រើន មិនបាននៅចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំទេ គឺពួកគេបាននាំគ្នាទៅធ្វើចំការនៅតាមទីវាល និងខ្លះទៀតចូលទៅក្នុងព្រៃដើម្បីស្វែងរកកម្រៃពីអនុផលព្រៃឈើ។
លោកស្រី យឹម ទៀប មានប្រសាសន៍ទៀតថា ជារៀងរាល់ឆ្នាំ នៅពេលបុណ្យចូលឆ្នាំថ្មីម្ដងៗ គឺអ្នកភូមិជាច្រើនដែលមានជីវភាពក្រីក្រ មិនបាននៅរៀបចំទទួលទេវតាឆ្នាំថ្មីទេ គឺពួកគេតែងនាំប្រពន្ធកូនចេញចោលផ្ទះទៅធ្វើចម្ការនៅតាមព្រៃ ចំណែកឯអ្នកនៅសេសសល់ក្នុងភូមិក៏នាំគ្នាអបអរពិធីបុណ្យចូលឆ្នាំថ្មី និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរ ប៉ុន្តែមិនបានធំដុំ និងអធិកអធម ដូចជាអ្នករស់នៅទីក្រុងឡើយ៖ «សូម្បីតែយកចង្ហាន់ទៅវត្ត ក៏គ្មានម្ហូបចំណីបរិបូរសម្រាប់ប្រគេនព្រះសង្ឃដែរ មានតែបុកអំពិល មានអន្លក់ព្រៃ ដូចជាស្លឹកព្រិច និងផ្លែត្រប់ស្ងោរជាដើម»។
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ អាជ្ញាធរ និងគណៈកម្មការវត្តបានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយ និងរបាំនៅក្នុងទីវត្ត ដូចជាកន្លែងដទៃទៀតដើម្បីឱ្យប្រជាពលរដ្ឋមកលេង ព្រមទាំងរាំកំសាន្តសប្បាយ ក៏ប៉ុន្តែអ្នកដែលនៅលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំនោះ គឺមានចំនួនមិនច្រើនទ៖ «ចំរៀងបុប្ផាព្រះវិហារ១»។
បុរសអ្នកភូមិក្ដាក់ ម្នាក់ទៀត លោក ស៊ីន ធី មានប្រសាសន៍ថា កុំថាឡើយតែអ្នកភូមិមិននៅចូលរួមលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកំពុងតែប្រព្រឹត្តទៅនេះ គឺអ្នកភូមិខ្លះថែមទាំងមិនរៀបចំអាសនៈទទួលទេវតាឆ្នាំថ្មីផង ពីព្រោះតែពួកគេមានជីវភាពក្រីក្រខ្លាំង ហើយអារម្មណ៍ខ្វល់ខ្វាយតែពីរឿងធ្វើចំការ និងចូលព្រៃដើម្បីរកចំណូលប្រចាំថ្ងៃ៖ «មានអ្នកខ្លះអត់មានដាក់ទទួលទេវតាអីទេ អ្នកខ្លះក៏ទៅចូលព្រៃ ទៅដេកឯចំការបាត់ស្ងាត់ឈឹង ពេលយប់ទើបត្រឡប់មកដល់ផ្ទះ ឯព្រឹកឡើងក៏ទៅព្រៃទៀតទៅ»។
នៅឃុំភ្នំត្បែង២ គឺមានកន្លែងទេសចរណ៍ធម្មជាតិខ្លះ ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបាន ដូចជាទឹកជ្រោះចាក់អង្រែជាដើម ក៏ប៉ុន្តែបច្ចុប្បន្នដោយសារតែផ្លូវទៅកាន់ឃុំនោះមានសភាពគ្រលេកគ្រលុក ពិបាកធ្វើដំណើរទើបពុំមានភ្ញៀវទេសចរបរទេស និងអ្នកមកពីទីក្រុងនានាទៅលេងកម្សាន្តទេ៖ «ចម្រៀងបុប្ផាព្រះវិហារ២»។
មេឃុំភ្នំត្បែង២ លោក ប៉ោយ ទុំ ឱ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួនជិត ១.០០០គ្រួសាររស់នៅក្នុងភូមិចំនួន៤។ ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំភ្នំត្បែង២ ទាំងអស់ គឺប្រហែល ៩០% ជាអ្នកដែលមានជីវភាពក្រីក្រ ប្រកបរបរធ្វើស្រែចម្ការ និងចូលព្រៃដើម្បីរកអនុផលព្រៃឈើ។
អ្នកមានជីវភាពក្រីក្រទាំងនោះមិនសូវគិតគូរដល់រឿងបុណ្យចូលឆ្នាំថ្មី ឬក៏ធ្វើដំណើរទៅជួបជុំគ្រួសារនៅខេត្តដទៃទេ៖ «ដោយសារតែជីវភាពខ្វះខាត គឺពួកគាត់តែងចូលព្រៃ គាត់អត់បានទៅលេងបងប្អូន ឬក៏ញាតិមិត្តដែលនៅឯទីឆ្ងាយៗទេ»។
សមាជិកក្រុមប្រឹក្សាឃុំភ្នំត្បែង២ លោក ឌី ឌឿន បានមានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ដោយសារតែឃុំរបស់លោកជាទីជនបទដាច់ស្រយាល ហើយភាគច្រើននៃប្រជាពលរដ្ឋមានជីវភាពខ្វះខាតផង ការអបអរសាទរឆ្នាំថ្មីនៅតែធ្វើដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរ ក៏ប៉ុន្តែការរៀបចំពិធីបុណ្យមិនបានធំដុំដូចជានៅទីក្រុងទេ។
លោក ឌី ឌឿន មានប្រសាសន៍ទៀតថា បើទោះបីជារូបលោករស់នៅឆ្ងាយដាច់ស្រយាលពីទីក្រុងក្តី ក៏លោកនៅតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីខ្មែរធ្វើបុណ្យទាន ព្រមទាំងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចពេលនេះ។ លោក ឌី ឌឿន ក៏ឆ្លៀតឱកាសនេះជូនពរទៅដល់ជនរួមជាតិខ្មែរ ទាំងរស់នៅក្នុងប្រទេស និងក្រៅប្រទេសដែរ៖ «សូមប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងរស់នៅក្នុងប្រទេស និងក្រៅប្រទេសក្ដី ឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លឿងឃ្លាតឡើយ៖ «ចម្រៀងបុប្ផាព្រះវិហារ៣»៕