លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើករឿងនិទានមួយដែលមានតួអង្គព្រះឥន្ទ ជាអ្នកធ្វើឲ្យអ្នកសុំទានម្នាក់បានឲ្យក្លាយជាស្ដេចផែនដី ប៉ុន្តែព្រះឥន្ទព្រួយបារម្ភខ្លាចអ្នកសុំទានដែលបានក្លាយជាស្ដេចនោះលោភលន់ចង់បានឋានព្រះឥន្ទ ក៏ជប់បុរសនោះទៅជាអ្នកសុំទានវិញ។ បើទោះជា មិនដឹងថា លោក ហ៊ុន សែន និយាយសំដៅទៅកាន់អ្នកណាក្ដី ប៉ុន្តែអ្នកវិភាគនយោបាយ យល់ថា ប្រមុខរដ្ឋាភិបាលគួរថ្លែងសារដែលបង្ហាញពីការបង្រួបបង្រួមជាតិ ជាជាងការវាយប្រហារគ្នាក្នុងរដូវបុណ្យចូលឆ្នាំថ្មី។
ចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៧នេះ ជាលើកទី២ហើយ ដែលលោកនាយករដ្ឋមន្ត្រី ដើរលេងអង្គរសង្ក្រាន្ត គ្មានវត្តមាន លោក សម រង្ស៊ី ដូចកាលពីឆ្នាំ២០១៥ ដែលអ្នកទាំងពីរបានបណ្ដើរគ្នាត្រសងទស្សនាកម្មវិធី និងភ្លក់រសជាតិនំអន្សមយក្ស។ នៅឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី និយាយរឿងនិទានខ្លីថា ព្រះឥន្ទបានជួយបុរសសុំទានកើតឃ្លង់ ក្លាយទៅជាស្ដេចផែនដី ប៉ុន្តែដោយសារបុរសនោះលោភលន់ រហូតចង់បានបានឋានព្រះឥន្ទ ទើបព្រះឥន្ទ ដាក់ទោសឲ្យក្លាយទៅជាអ្នកសុំទានវិញ៖ «ចូលដល់ចែកឋានព្រះឥន្ទចឹងទេព្រះឥន្ទគិតថា អូ អានេះគិតជាលោភលន់អត់កំណត់មែន អ៊ីចឹងទេ ក៏ព្រះឥន្ទជប់ពីអ្នកកើតឃ្លង់បានឡើងធ្វើស្ដេចនោះ ឲ្យវាទៅកើតឃ្លង់វិញហើយទៅដាក់នៅដដែល»។
លោក ហ៊ុន សែន ថ្លែងនេះ ក្នុងពិធីអង្គរសង្ក្រាន្ត ថ្ងៃទី១៤ ខែមេសា នៅខេត្តសៀមរាប។ ក្រោយនិទានរឿងព្រេងចប់ លោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣០ឆ្នាំរូបនេះ ផ្ដល់ឱវាទ ដល់អ្នកផ្សេងទៀតកុំធ្វើខ្លួនទៅជាមនុស្សលោភលន់មិនចេះចប់មិនចេះហើយ ដែលធ្វើឲ្យបែកបាក់សាមគ្គីជាតិ៖ «រឿងនេះបើប្រៀបធៀបបច្ចុប្បន្នក៏មានមនុស្សអ៊ីចឹងដែរ តែរឿងនេះរឿងនិទានទេ សុំរើសដាក់ខ្លួន អ្វីក៏ដោយសុំកុំលោភលន់ហួស»។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា នេះស្ទើរតែក្លាយជាទម្លាប់របស់លោក ហ៊ុន សែន ទៅហើយដែលចូលចិត្តយកវេទិការបស់ខ្លួនវាយប្រហារគូប្រកួត។ លោក បណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ក្នុងនាមជាប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន គួរប្រើសារនយោបាយជូនពរឆ្នាំថ្មី ជាជាងការថ្លែងឌឺដងដាក់គូប្រកួតប្រជែងនយោបាយណាមួយព្រោះនឹងធ្វើឲ្យខូចបរិយាកាសឆ្នាំថ្មី៖ «ចូលឆ្នាំចូលខែគេសង្រួមវិញ មិនទៅឌឺដងឡើងចុះៗដើម្បីយកចំណេញនយោបាយទេ»។
កាលពីមុនចូលឆ្នាំថ្មីប៉ុន្មានថ្ងៃ លោក ហ៊ុន សែន ស្នើទៅអ្នកនយោបាយគ្រប់រូប ជៀសវាងការវាយប្រហារគ្នាក្នុងរដូវបុណ្យទាន។
ទោះជាយ៉ាងណា រឿងព្រេងដែល ហ៊ុន សែន និទាន គឺវាស្រដៀងគ្នាទៅនឹងជម្លោះនយោបាយ រវាង លោក ហ៊ុន សែន និង លោក សម រង្ស៊ី។ កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ លោក ហ៊ុន សែន បានស្នើព្រះមហាក្សត្រឲ្យលើកលែងទោស លោក សម រង្ស៊ី ដែលបើកភ្លើងខៀវឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញបាន។
ប៉ុន្តែ នៅឆ្នាំ២០១៦ លោក សម រង្ស៊ី ត្រូវរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ប្រកាសនិរទេស មិនឲ្យវិលចូលស្រុកវិញ ខណៈអតីតប្រធានគណបក្សប្រឆាំងរូបនេះ ប្រឈមការចាប់ដាក់គុក ព្រោះហ៊ុំព័ទ្ធដោយបណ្ដឹង របស់ ហ៊ុន សែន លោក ហេង សំរិន និងលោក ហោ ណាំហុង ជាដើម។ មិនទាន់អស់ទេ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានស្នើឲ្យសមាជិកសភាបក្សរបស់ខ្លួន កែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ ហាមមិនឲ្យអ្នកមានទោសធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយ ដែលច្បាប់នេះបានរុញច្រានលោក សម រង្ស៊ី ឲ្យលាលែងចេញពីតំណែងគណបក្ស៕